ព័ត៌មាន

លោក សម រង្សី ជាអ្នកនយោបាយ «ទុច្ចរឹតនឹងជាតិ ឆៅទាំងសេដ្ឋកិច្ច គ្មានចក្ខុវិស័យជាតិ»

2024-05-07 06:04:30 ថ្ងៃអង្គារ, 07 ឧសភា 2024 ម៉ោង 01:04 PM
អ្នកមើល 6081
post_detail

ទស្សនៈលោកបណ្ឌិត យង់ ពៅ ការលើកឡើងរបស់ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែក ជីកហ្វូណន តេជោ

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងន័យកេងចំណេញនយោបាយ លោក សម រង្ស៊ី បានលើកឡើងថា «ក្នុងន័យសេដ្ឋកិច្ចសុទ្ធសាធ ប្រទេសកម្ពុជាមិនត្រូវការព្រែកជីក ដូចព្រែកជីក ហ្វ៊ូណន នេះ ទាល់តែសោះ។ កំពង់ផែព្រះសីហនុ បច្ចុប្បន្ន មាន គ្រប់គ្រាន់ហើយ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប្រសិនបើបណ្ដាញផ្លូវថ្នល់ និងផ្លូវដែក ដែលមានស្រាប់ ត្រូវបានរៀបចំឲ្យបានល្អត្រឹមត្រូវ។»

                      ការលើកឡើងរបស់លោក សម រង្ស៊ី គេអាចមើលឃើញបាននូវទិដ្ឋភាពចំនួន៤គឺ៖

១- ចេតនានយោបាយទុច្ចរឹតនឹងជាតិ

ជានិច្ចកាល លោក សម រង្ស៊ី តែងតែធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍កម្ពុជានៅក្នុងរូបភាពជាច្រើន ជាបន្តបន្ទាប់រៀងមក ពោលគឺ លោក សម រង្ស៊ី ធ្លាប់រហូតដល់បានចុះកិច្ចព្រមព្រៀងជាមួយនឹង កុក ស ដែលជាមេចលនាតស៊ូវៀតណាមសេរី ដែលសន្យាកាត់ទឹកដីខ្មែរមួយប៉ែកភាគខាងកើតប្រទេសឱ្យទៅក្រុមវៀតណាមសេរី។ បន្ថែមពីនេះ លោក សម រង្ស៊ី គឺជាអ្នកនយោបាយ អាត្មានិយមមួយរូប ព្រោះតែដើម្បីផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន បែរជាដើតួជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិនៅក្នុងករណីផ្សេងៗទៀត ដូចជាការជំរុញឱ្យបរទេសកាត់ផ្ដាច់ជំនួយ ដាក់ទណ្ឌកម្មផ្សេងៗ និងការជំរុញគាំទ្រឱ្យបរទេសដកប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗពីប្រទេសកម្ពុជាជាដើម។ ការប៉ុនប៉ងគ្រប់វិធីសាស្ត្រនិងគ្រប់មធ្យោបាយរបស់លោក សម រង្ស៊ី ដើម្បីតែមហិច្ឆតាអំណាច ហើយដែលមិនបានខ្វល់ខ្វាយអំពីសុខទុក្ខប្រជាជន និងជោគវាសនាប្រទេសជាតិទាំងប៉ុន្មានខាងលើនេះ គឺជាគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសដ៏កម្សត់មួយនេះ។

២- ជាអ្នកសិក្សាជំនាញសេដ្ឋកិច្ច ប៉ុន្តែឆៅខាងសេដ្ឋកិច្ច ហើយបែរជាក្លាយខ្លួនជាអ្នកប្រឆាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនថែមទៀតផង

មិនមែនត្រឹមតែករណីគម្រោងព្រែកជីកហ្វូណនតេជោនោះទេ នៅក្នុងជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី តែងតែបានប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។ នេះគឺជារឿងអភ័ព្វមួយសម្រាប់ប្រជាជននិងប្រទេសកម្ពុជា ដែលមានអ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប ប៉ុន្តែមិនអាចប៉ាន់ប្រមាណបានអំពីផលប្រយោជន៍សេដ្ឋកិច្ច ដែលប្រទេសជាតិខ្លួនអាចទទួលបានពីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ។ នៅក្នុងនាមជាអតីតអ្នកសិក្សាផ្នែកសេដ្ឋកិច្ច និងជាអ្នកនយោបាយប្រឆាំងអាជីព (ប្រឆាំងអស់មួយជីវិត) ព្រមទាំងធ្លាប់ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាកម្ពុជាដែរនោះ គួរណាស់តែ លោក សម រង្ស៊ី មានលទ្ធភាពសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅជាងនេះ ឬយ៉ាងហោចណាស់ លោកគួរតែអាចប៉ាន់ប្រមាណអំពីទំហំខុសគ្នាដ៏ឆ្ងាយរវាងការចំណាយថវិកានិងពេលវេលានៅក្នុងការដឹកទំនិញតាមកប៉ាល់ តាមរថភ្លើង និងដឹកតាម ឡានកុងតឺន័រទៅកាន់កំពង់ផែ។ ការលើកឡើងដោយមិនបានសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងមិនអាចប៉ាន់ប្រមាណបានសូម្បីតែភាពខុសគ្នាដែលមហាជនទូទៅអាចយល់ដឹងបាននេះ បង្ហាញអំពីភាពទន់ខ្សោយរបស់អ្នកនយោបាយដែលមានជំនាញសេដ្ឋកិច្ច ប៉ុន្តែមិនសូវពូកែខាងប្រមាណវិធីបូកដកគុណ ចែកលេខ ហើយបែរទៅជាព្យាយាមបកស្រាយបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រនិងមហាជនទូទៅ ភ័ន្តច្រឡំនិងយល់ស្របទៅតាមគំនិតដែលរវើរវាយរបស់ខ្លួនទៅវិញ។

៣- គ្មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

នៅក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព និងនិរន្តរភាព ទាមទារឱ្យមេដឹកនាំ ឬអ្នកនយោបាយនៃប្រជាជាតិនោះ កំណត់នូវ ចក្ខុវិស័យ និងទិសដៅសម្រាប់អភិវឌ្ឍវិស័យនានាទៅតាមដំណាក់កាល និងកាលៈទេសៈដែលតម្រូវជាចាំបាច់។ ដើម្បីឈានទៅដល់ការកំណត់ចក្ខុវិស័យវែងឆ្ងាយបាន អ្នកដឹកនាំត្រូវការពង្រឹង និងកសាងវិស័យនានាជាច្រើន ដែលក្នុងនោះ ការកសាងប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពរឹងមាំ គឺជាលក្ខណៈសម្បត្តិដ៏ប្រសើរ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូក្នុងតំបន់និងពិភពលោក។ ពាណិជ្ជកម្មធំៗនៅលើពិភពលោកអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ន ពឹងផ្អែកយ៉ាងចាំបាច់ទៅលើនាវាចរណ៍ ដែលជាច្រកដឹកជញ្ជូនដ៏សកម្មនៅលើពិភពលោក បើធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស ប៉ុន្តែវាជាចម្ងល់ដ៏ធំមួយ នៅពេលដែលអ្នកនយោបាយដែលត្រូវបានគេដឹងថាធ្លាប់បានសិក្សារៀនសូត្រជំនាញសេដ្ឋកិច្ច បែរជាច្រានចោលសារៈសំខាន់នៃគម្រោងព្រែកជីកទៅកាន់សមុទ្រ ហើយផ្ដល់សារៈសំខាន់ទៅលើផ្លូវថ្នល់ និងផ្លូវដែកជំនួសទៅវិញ។ ព្រែកជីកហ្វូណន តេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលនឹងនាំមកនូវផលចំណេញដ៏មហាសាលជាមួយនឹងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការជួយពន្លឿនពេលវេលានិងបង្កើនបរិមាណដឹកជញ្ជូនតាមផ្លូវទឹកបើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនដទៃផ្សេងទៀត។ លើសពីនេះ ក្រៅពីផលប្រយោជន៍ខាងដឹកជញ្ជូនដូចបានរៀបរាប់ខាងលើ ក៏នឹងផ្ដល់សារៈប្រយោជន៍ឥតគណនាចំពោះការអភិវឌ្ឍសង្គម និងកែប្រែជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវនៅអមព្រែកជី និងស្ពានឆ្លងកាត់ព្រែកជីកជាដើម។

៤- ហេតុអ្វីមិនសាងសង់កាលពី៤០ឆ្នាំជាងមុន?

ដូចដែលបានរៀបរាប់ខាងលើ ការអភិវឌ្ឍប្រទេសជាតិមួយ គឺជាដំណើរពង្រឹងវិស័យជាអាទិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ស្របតាមតម្រូវការ និងលទ្ធភាពនៃសេដ្ឋកិច្ច-សង្គមរបស់ប្រជាជាតិនីមួយៗ។ គេមិនអាចអភិវឌ្ឍនៅគ្រប់វិស័យក្នុងពេលតែមួយ ឬកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់សព្វក្នុងពេលមួយប៉ព្រិចភ្នែកនោះទេ ហើយមិនមែនតែប្រទេសកម្ពុជាដែលទើបតែទទួលបានសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងតាមបែបស្បែកខ្លាក្នុងរង្វង់ជាង២០ឆ្នាំនោះទេ សូម្បីតែប្រទេសសេដ្ឋកិច្ចរីកចម្រើនលេចធ្លោមួយចំនួនក្នុងតំបន់និងពិភពលោក ក៏គ្មានលទ្ធភាពកសាងអគារខ្ពស់ និងធ្វើផ្លូវអាកាសបានផងនោះដែរក្នុងរង្វង់រយៈពេលជាង៤០ឆ្នាំមុនដូចគ្នា។

ដូច្នេះហើយ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ គេត្រូវមានចំណុចចាប់ផ្ដើមជាដំបូង ហើយអនុវត្តជាដំណាក់កាលៗ តាមភាពចាំបាច់ និងតម្រូវការអភិវឌ្ឍជាក់ស្ដែងតាមលំដាប់លំដោយនៃប្រជាជាតិនីមួយៗ ដូចសុភាសិតខ្មែរលើកឡើងថា «លើកបោះសន្ទូចរំលងភ្នំ» និង «សន្សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា»។ ការកសាងប្រជាជាតិមួយដែលមានមូលដ្ឋានច្បាស់លាស់ និងទិសដៅជាក់លាក់ គឺជាការកសាងប្រទេសដែលប្រកបដោយនិរន្តរភាព ហើយគេត្រូវចងចាំថា ការកសាងមូលដ្ឋានអភិវឌ្ឍប្រទេសដែលរឹងមាំ និងយូរអង្វែងជាងគេ គឹត្រូវផ្ដើមចេញពីមូលធនមនុស្ស ពោលគឺធនធានមនុស្សប្រកបដោយចំណេះដឹង និងមនសិការជាតិពិតប្រាកដ។

---

RAC Media

អត្ថបទទាក់ទង

ក្នុងនាមជារដ្ឋអធិបតេយ្យ ហេតុអ្វីកម្ពុជាគ្មានសិទ្ធិពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន?

ដោយ៖ លឹម សុវណ្ណរិទ្ធ ថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់អំពីការស្នើសុំនាវាល្បាតពីសំណាក់កម្ពុជាទៅកាន់ចិន២គ្រឿង ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខកម្ពុជា ដែលនាវាទាំងពីរគ្...

2024-09-10 10:52:49   ថ្ងៃអង្គារ, 10 កញ្ញា 2024 ម៉ោង 05:52 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រខ្វាងស៊ី (Guangxi) និងជីនសានហាយ-ធិចគ្រុប (Jinshan Hi-Tech Group)

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀល ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យ...

2024-09-06 11:27:19   ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 06:27 PM
ការផ្ដោតអាទិភាពលើឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេស បង្ហាញពីភាពជាអ្នកដឹកនាំដែលទទួលខុសត្រូវចំពោះជាតិនិងប្រជាជន

ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងតែប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញប្រជាប្រិយភាព និងដណ្ដើមយកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈវិធីសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយផ្សេងៗគ្នានៅគ...

2024-09-06 08:08:30   ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 03:08 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយប្រតិភូមកពីមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី

នៅព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំបានទទួលជួបប្រតិភូមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី ដឹកន...

2024-09-06 05:12:41   ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 12:12 PM
បណ្ឌិត យង់ ពៅ៖ ការធានានីតិរដ្ឋ អធិបតេយ្យជាតិ និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល

​នៅក្នុងទស្សនៈនៃភាពជាអ្នកដឹកនាំ និងក្នុងនាមជាមេដឹកនាំដែលទទួលបានការគាំទ្រពីប្រជាជនភាគច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាតំណាង ដែលថែរក្សានិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជននៅក្នុងប្រទេសទាំងមូល...

2024-09-05 09:39:50   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 04:39 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកឧត្ដម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួប...

2024-09-05 04:27:13   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:27 AM

សេចក្តីប្រកាស