ព័ត៌មាន

បណ្ឌិត គិន ភា : បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស!

2024-05-04 03:39:28 ថ្ងៃសៅរ៍, 04 ឧសភា 2024 ម៉ោង 10:39 AM
អ្នកមើល 6476
post_detail

ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេសនិងប្រជាជនខ្មែរដ៏ច្រើនលើសលប់ដែលកំពុងរស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញព្រែកជីកនេះលេចចេញជារូបរាងឆាប់ៗនៅលើទឹកដីខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយមានអត្ថិភាពរាប់ពាន់ឆ្នាំមកហើយនៅលើផែនដី។

គោលបំណងរបស់លោក សម រង្ស៊ី ចំពោះករណីនេះមានបួនធំៗ :

១. លោក សម រង្ស៊ី មានបំណងបម្រើផលប្រយោជន៍បរទេសជិតខាងនិងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ជាយូរមកហើយ លោក សម រង្ស៊ី តែងតែយកបរទេសជាខ្នងបង្អែកនយោបាយប្រឆាំងរបស់ខ្លួន យកអាយុជីវិតប្រជាជននិងអ្នកគាំទ្រជាខែលការពារសុវត្ថិភាពផ្ទាល់ខ្លួន។ នយោបាយប្រឆាំងរបស់គាត់តែងបន្សល់ទុកនូវហានិភ័យជាច្រើនរាប់មិនអស់ដល់អ្នកគាំទ្រនិងអ្នកហែហមគាត់ តែគាត់ខ្លួនឯងរស់នៅសោយសុខស្រណុកស្រួលនៅគេហដ្ឋានផ្ទាល់ខ្លួននៅបរទេសយ៉ាងរំភើយ។ នយោបាយប្រឆាំងរបស់គាត់ក៏នាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិផងដែរ។

២. លោក សម រង្ស៊ី ប្រាថ្នាចង់បានការតបតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់យល់ឃើញថា ការតបតណាមួយចេញពីសម្តេចតេជោក្តី ចេញពីសម្តេចធិបតីក្តី ធ្វើឱ្យគាត់មានទម្ងន់នយោបាយ។ សម្តេចតេជោ និងសម្តេចធិបតីកាន់តែតបត កាន់តែធ្វើឱ្យលោក សម រង្ស៊ី ទទួលបានមូលធននយោបាយ។

លោក សម រង្ស៊ី មើលឃើញយ៉ាងច្បាស់ពីទំហំនៃការគាំទ្រដ៏ផុលផុសនិងយ៉ាងប្តូរផ្តាច់របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសបានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាពនិងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ គឺជាការបិទជីពចរប្រឆាំងរបស់លោក សម រង្ស៊ី ខណៈ អ្នកជំនិតនិងមនុស្សសំខាន់ៗនៅជុំវិញគាត់បានចាកចេញពីគាត់ជិតអស់ទៅហើយ។ លោក សម រង្ស៊ី កំពុងឯកោជាខ្លាំងដែលនាំឱ្យលោកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។

៣. លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនពីផលប៉ះពាល់ខាងផ្នែកបរិស្ថាននិងអេកូឡូស៊ីដូចដែលវៀតណាមបានលើកឡើងដែរ ដែលតាមពិតគឺលោក សម រង្ស៊ី ឈរខាងវៀតណាមខ្លាចបាត់បង់ផលប្រយោជន៍វៀតណាម, ឥទ្ធិពលវៀតណាមមកលើកម្ពុជា។ លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនដោយភ្ជាប់ព្រែកជីកនេះទៅនឹងយុទ្ធសាស្ត្រយោធាចិន ដែលនោះជាភាសារបស់មហាអំណាចមួយដែលកំពុងព្រួយបារម្ភចំពោះការរះឡើងរបស់ចិនតែប៉ុណ្ណោះ។

៤. លោក សម រង្ស៊ី ព្យាយាមធ្វើឱ្យរូបគាត់ ឈ្មោះគាត់ សំឡេងគាត់ បានអណ្តែតខ្លះលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ដ្បិតរូប ឈ្មោះ និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែលេចត្រដែតឡើងយ៉ាងខ្លាំងនិងរស់រវើកលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិទូទាំងពិភពលោក និងក្នុងប្រព័ន្ធព័ត៌មានសង្គម។

សរុបសេចក្តីមក ការលើកឡើងម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការលើកឡើងដដែលៗរបស់វៀតណាមដែរ ដែលហាក់ដូចជាមានចេតនារារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលជាការរំលោភលើឯករាជ្យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។

កង្វល់របស់លោកលោក សម រង្ស៊ី ជាកង្វល់នយោបាយផ្ទាល់ខ្លួនដើម្បីបិទបាំងភាពឯកោនិងភាពទ័លច្រកនយោបាយរបស់គាត់ ជាជាងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងសុខទុក្ខរបស់ប្រជាជន។

ក៏ប៉ុន្តែ ទោះបីជាមានការរាំរាំងបន្ទុចបង្អាក់ពីអានុភាពណាក៏ដោយ ក៏រាជរដ្ឋាភិបាលយើងត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ទោះមានឬគ្មានការវិនិយោគរបស់បរទេសក៏ដោយ ព្រោះប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ ឈរយ៉ាងរឹងមាំនៅជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកនេះ។

យើងសាងសង់ព្រែកជីកយើង ដើម្បីមោទនភាពជាតិយើង ឯកភាពជាតិយើង សាមគ្គីជាតិយើង  ឯករាជ្យជាតិយើង ផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង និងទុកជាមរតកឱ្យកូនចៅយើងរាប់ពាន់ឆ្នាំទៅមុខទៀត៕

៤ ឧសភា ២០២៤

RAC Media 

អត្ថបទទាក់ទង

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...

2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM

សេចក្តីប្រកាស