Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថៃ Thai Public Broadcasting Service (Thai PBS) អំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ថៃ ដែលផ្ដោតទៅលើការខ្វែងគំនិតគ្នា រវាងប្រជាជនប្រទេសទាំងពីរទៅលើបញ្ហាវប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។
ឆ្លើយតបទៅនឹងសំណួរអំពីការខ្វែងគំនិតគ្នារវាងប្រជាជនខ្មែរនិងប្រជាជនថៃ ទៅលើបញ្ហាវប្បធម៌ នៃប្រទេសទាំងពីរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កម្ពុជា-ថៃ ជាប្រទេសជិតខាងដែលមានប្រវត្តិទំនាក់ទំនងជាមួយគ្នារាប់រយឆ្នាំមកនេះ តែងតែមានការផ្លាស់ប្ដូរ ឬជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ដោយនៅពេលដែលខ្មែរមានការរីកចម្រើនរុងរឿង វប្បធម៌ខ្មែរបានជះឥទ្ធិពលទៅលើសង្គមរស់នៅរបស់សៀមឬជនជាតិថៃ ហើយនៅពេលដែលប្រទេសកម្ពុជាមានការថមថយស្រុតចុះនូវការរីកចម្រើនសង្គម នយោបាយ ឬសេដ្ឋកិច្ច នោះឥទ្ធិពលនយោបាយ ក៏ដូចជាវប្បធម៌របស់ថៃពិតជាបានជ្រាបចូលមកក្នុងសង្គមខ្មែរដូចគ្នាដែរ។ ត្រង់ចំណុចនេះ តោងឱ្យប្រជាជននៃប្រទេសទាំងពីរ ត្រូវស្វែងយល់និងរៀនសូត្រអំពីប្រវត្តិសាស្ត្រប្រទេស ពិសេសប្រវត្តិទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យបានច្បាស់លាស់ ចៀសវាងការភ័ន្តច្រឡំ ឬរង្វេងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។
ឯកឧត្ដមបណ្ឌិតបានបន្តទៀតថា នៅពេលមានការជះឥទ្ធិពលទៅវិញទៅមក បានបង្កជាការយល់ច្រឡំមួយចំនួននៅក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ ជាក់ស្ដែង សម្លៀកបំពាក់និងវប្បធម៌មួយចំនួន ដែលមានអត្ថិភាពនៅកម្ពុជាតាំងពីសម័យបុរាណមក ប៉ុន្តែដោយសារតែបច្ចុប្បន្នប្រទេសថៃមានការរីកចម្រើនជាងប្រទេសកម្ពុជា ហើយក៏មានការស្លៀកពាក់ឬអនុវត្តវប្បធម៌ដែលស្រដៀងគ្នានេះ និងត្រូវបានខ្មែរជំនាន់ក្រោយយកមកស្លៀកពាក់ឬអនុវត្ត ក៏បានធ្វើឱ្យអ្នកជាតិនិយមខ្មែរដែលមិនសូវជាបានជ្រួតជ្រាបអំពីប្រវត្តិសាស្ត្រនិងការវិវត្តនៃវប្បធម៌ មានការយល់ច្រឡំថាជាការចម្លងតាមថៃទៅវិញ។ ទោះជាយ៉ាងណា នៅក្នុងចំណោមបណ្ដាប្រជាជនអាស៊ាន ប្រជាជនខ្មែរស្រឡាញ់ថៃច្រើនជាង។
ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ការមិនយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ការដុតរោលបន្ថែមពីក្រុមអ្នកជ្រុលនិយម ពិសេសអ្នកនយោបាយឱកាសនិយមនៃប្រទេសទាំងពីរ គឺជាហេតុផលចម្បងដែលនាំទៅដល់ការប្រឈមដោយពាក្យសម្ដីរវាងក្រុមអ្នកជាតិនិយមនៃប្រទេសទាំងពីរ ដូចដែលបានកើតមាននាពេលកន្លងមកនេះ។
ចំពោះការប្រាស្រ័យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានផ្ដល់ជាទស្សនៈដល់អ្នកសារព័ត៌មានថៃ Thai PBS យ៉ាងដូច្នេះថា បញ្ហាមួយចំនួនដែលកើតមាននៅក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកសារព័ត៌មានមិនមែនអាជីពមួយចំនួន យកទៅផ្សព្វផ្សាយ និងបំផុតបំប៉ោងហេតុការណ៍ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភមួយចំនួនពីសំណាក់ប្រជាជនថៃ ចំពោះស្ថានភាពសង្គមជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានគូសរំឭកអំពីប្រវត្តិនៃការជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នៅក្នុងសម័យកាលដែលកម្ពុជាដឹកនាំដោយសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពជិតស្និទ្ធ រហូតដល់មានការផលិតជាបទចម្រៀងច្រៀងរួមគ្នាដោយលោក ស៊ិន ស៊ីសាមុត និងតារាចម្រៀងថៃថែមទៀតផង ដែលរៀបរាប់អំពីទំនាក់ទំនងស្នេហាឆ្លងដែនរវាងប្រុសស្រីមួយគ្នា ជាជនជាតិខ្មែរនិងជនជាតិថៃ។ ហេតុនេះហើយ ឯកឧត្ដមបណ្ឌិតបានស្នើឱ្យអ្ន កនយោបាយ ពិសេសប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែជំរុញបន្ថែមនូវការផ្លាស់ប្ដូរ និងស្វែងយល់អំពីវប្បធម៌នៃប្រទេសជិតខាងទាំងពីរឱ្យបានកាន់តែប្រសើរឡើង និងមានលក្ខណៈជាក់ស្ដែងបន្ថែមទៀត ដើម្បីជាការបញ្ជ្រាបការយល់ដឹង និងភាពជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។
បើតាមឯកឧត្ដមបណ្ឌិត យង់ ពៅ អ្នកនយោបាយប្រទេសទាំងពីរ គួរតែជាតួអង្គដ៏សំខាន់នៅក្នុងការចូលរួមចំណែកជំរុញទំនាក់ទំនងល្អរវាងប្រទេសនិងប្រជាជនទាំងពីរ ជាជាងការដុតរោលបញ្ហាទំនាក់ទំនង តាមរយៈការទាញយកផលប្រយោជន៍ពីចរន្តជាតិនិយមរបស់ប្រជាជនខ្លួន ហើយបង្វែរបញ្ហាមកដាក់បន្ទុកនៅលើទំនាក់ទំនងជាមួយប្រទេសជិតខាង។ ឯកឧត្ដមបណ្ឌិត បានលើកឡើងនូវឧទាហរណ៍អំពីករណី រុញបញ្ហាស្នើឱ្យបើកច្រកព្រំដែននៅប្រាសទព្រះវិហារ ដែលលើកឡើងដោយអ្នកនយោបាយថៃ និងត្រូវបានប្រតិកម្មដោយអ្នកស្រាវជ្រាវនិងសាធារណជនកម្ពុជា ជំរុញដល់រដ្ឋាភិបាលកុំឱ្យបើកច្រកព្រំដែននេះ ដែលបញ្ហានេះត្រូវបានអ្នកនយោបាយប្រឆាំងក្នុងប្រទេសថៃ រុញបញ្ហាឱ្យកាន់តែផ្ទុះ ពិសេសការបង្វែរបញ្ហាទៅលើកាន់រឿងអធិបតេយ្យរវាងប្រទេសទាំងពីរ រហូតដល់ប្រកាសទាមទារខេត្តកោះកុងនិងកោះគុជថែមទៀតផង ដែលនេះគឺជាការរុតរោលបញ្ហានយោបាយពីគណបក្សក្រៅរដ្ឋាភិបាលថៃសុទ្ធសាធ និងគ្មានផលចំណេញអ្វីទាល់តែសោះចំពោះការជំរុញទំនាក់ទំនងប្រទេសនិងប្រជាជនទាំងពីរ កម្ពុជា-ថៃ។
ជាអនុសាសន៍ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ដើម្បីបង្កើតបរិយាកាសស្វែងយល់ពីគ្នាឱ្យកាន់តែប្រសើរ និងបញ្ចៀសនូវការភ័ន្តច្រឡំគ្នា អ្នកសារព័ត៌មានអាជីពនៃប្រទេសទាំងពីរ គួរតែផលិតមាតិកាព័ត៌មានល្អៗដែលមានខ្លឹមសារស្ថាបនា ពន្យល់បកស្រាយអំពីបញ្ហាវប្បធម៌ ទិដ្ឋភាពប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរឱ្យបានស៊ីជម្រៅកាន់តែច្រើន និងអំពាវនាវឱ្យអ្នកព័ត៌មានមិនមែនអាជីពឬអ្នកបង្កើតមាតិកាតាមអនឡាញ កុំបន្តបង្កើតមាតិកាព័ត៌មានមិនពិតដែលមានចរិតញុះញង់អ្នកជាតិនិយមនៃប្រទេសទាំងពីរ ដែលនាំទៅដល់ការខាតបង់នៃប្រទេសទាំងពីរ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...
ការកំណត់ថ្ងៃខែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយនោះគឺកំណត់យកតាមចន្ទគតិគឺកំណត់យកខែមិគសិរជាដើមឆ្នាំ។តាមចន្ទគតិគេកំណត់បែកចែកជា៣រដូវកាលធំៗនោះគឺៈ ១.ហេមន្តរដូវ ចាប់គិតពីថ្ងៃ១រោចខែកត្តិកដល់ថ...
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រ...
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០ រៀល ចូលរួមចំណែកនៅក្នុង «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្...
ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងរៀបចំការសម្តែងពិសេស ល្ខោននិយាយរឿង «នេះមិនមែនសុបិន្ត» នៅសាលមហោស្រពខេមរវិទូ ដោយមានការចូលរួមពី លោក ណេន ភារិទ្ធ និងកញ្ញា កែ...
ដោយ៖ លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជាខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវ...