Royal Academy of Cambodia
សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយ និងសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៧។
តាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា ឆ្នាំ ២០២៤នេះ។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា ឆ្នាំ ២០២៤ នេះ បានធ្វើឱ្យមានការទន្ទឹងរង់ចាំពីសំណាក់ពលករខ្មែរ និស្សិត និងអ្នកស្រាវជ្រាវកម្ពុជាដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកូរ៉េ និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យការទូតរបស់កម្ពុជា ព្រោះថាចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាមកសម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន វៀតណាម ថៃ បារាំង ម៉ាឡេស៊ី ហើយនឹងប្រទេសឡាវ និងបានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងការថ្លែងសារនៅអង្គការសហប្រជាជាតិ។
ដំណើរទស្សនៈកិច្ចនាពេលខាងមុខនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដោយសារតែវានឹងបង្ហាញពីឱកាសមួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ ខណៈដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងនោះ ចំណុចខាងក្រោមនេះ គឺជាការរំពឹងទុក និងរបៀបវារៈសំខាន់ៗមួយចំនួន ដែលប្រទេសកម្ពុជា និងកូរ៉េខាងត្បូងគួរតែពិភាក្សាជាមួយគ្នា៖
១. កិច្ចសហប្រតិបត្តិការការពារជាតិ និងភាពជាដៃគូសន្តិសុខ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គួរតែបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងភាពជាដៃគូសន្តិសុខជាមួយកូរ៉េខាងត្បូង ព្រោះថាក្នុងពេលកន្លងមក ប្រទេសមួយចំនួនបានចាត់ទុកថាកម្ពុជា គឺជាមិត្តតែមួយ គត់របស់ប្រទេសចិននៅក្នុងតំបន់អាស៊ាន ប៉ុន្តែការពិតទៅ គឺកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ ការគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗទៀត ដូចជា ការប្រឆាំងនឹងភេរវកម្ម សន្តិសុខដែនសមុទ្រ និងទំនើបកម្មការពារជាតិ នឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងយោធារបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។
២. កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសវិនិយោគ៖ ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសវិនិយោគ នឹងមានសារៈសំខាន់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។ កម្ពុជាអាចទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីអ្នកជំនាញកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងពាណិជ្ជកម្ម។ ការស្វែងរកផ្លូវសម្រាប់ការបណ្តាក់ទុនរួមគ្នា និងភាពជាដៃគូអាជីវកម្ម នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងជំរុញកំណើនក្នុងវិស័យសំខាន់ៗ ដែលនឹងកាន់តែមានប្រយោជន៍បន្ថែមទៀតសម្រាប់ប្រទេស កម្ពុជា។ រដ្ឋាភិបាលកម្ពុជា គួរតែពិចារណានូវចំណុចខ្វះខាតមួយចំនួន ដែលអ្នកវិនិយោគកូរ៉េគេត្រូវការខ្លាំងអំពីប្រទេសកម្ពុជា ដូចជាទំនុកចិត្តក្នុងការវិនិយោគ ប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីជំនាញកម្ពុជា និងបញ្ហាផ្សេងទៀតដែលអ្នកវិនិយោគបរទេសកំពុងតែប្រឈមក្នុងប្រទេសកម្ពុជា។ តាមពិតទៅ បើសិនជារដ្ឋាភិបាលកម្ពុជា ចង់ដឹងពីបញ្ហាប្រឈមរបស់អ្នកវិនិយោគគិនបរទេសនោះ គ្រាន់តែរៀបចំកម្មវិធីមួយហើយអញ្ជើញអ្នកវិនិយោគបរទេសទាំងនោះឱ្យពួកគាត់និយាយពីបញ្ហាប្រឈមនៃការរកស៊ីក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាតាំងចិត្តក្នុងការស្តាប់ និងកែទម្រង់បន្ថែមទៀតគឺកាន់តែប្រសើរឡើងហើយ។ សម្រាប់អ្នកវិនិយោគខ្លះ គេមិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ គេត្រូវតែការប្រកាសនៃការវិនិយោគមួយដែលល្អសម្រាប់ការវិនិយោគរបស់គេតែប៉ុណ្ណោះ។
៣.ការផ្លាស់ប្តូរវប្បធម៌និងការអប់រំ៖ ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំអាចពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងជំរុញការយល់ដឹងកាន់តែច្រើនរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចធិបតី ហ៊ុន ម៉ាណែត អាចពិភាក្សាអំពីគំនិតផ្តួចផ្តើមនានាដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរនិស្សិត កម្មវិធីភាសា និងព្រឹត្តិការណ៍វប្បធម៌ ដែលបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ។
៤. សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ ការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ និងការស្វែងរកមធ្យោបាយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចពិភាក្សាទល់មុខ នឹងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ការពិភាក្សាអំពីកង្វល់រួមជាមួយនឹងកូរ៉ខាងត្បូង ដូចជា ស្ថិរភាពក្នុងតំបន់ ការដោះស្រាយជម្លោះ និងការសន្ទនាការទូត អាចរួមចំណែកបន្ថែមទៀតដល់តំបន់ដែលមានសុវត្ថិភាព និងវិបុលភាព។ ការស្តាប់គ្នាទៅវិញទៅមក ហើយនឹងការព្យាយាមយល់ពីគ្នាទៅវិញទៅមក គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។
៥. ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៖ ការគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះស្ថិរភាព និងវិបុលភាពក្នុងតំបន់។ កម្ពុជាមានភាពល្បីល្បាញខ្លាំងចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងជំលោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ កម្ពុជាក៏បានប្រែក្លាយពីប្រទេសដែលមានសង្គ្រាមទៅជាប្រទេសដែលបានបញ្ជូនទ័ពរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតក្នុងនាមអង្គការសហប្រជាជាតិ ដើម្បីជួយដោះមីន និងកិច្ចការមនុស្សធម៌ផ្សេងទៀត។ កិច្ចសហការលើបញ្ហាផ្សេងទៀត ដែលមានដូចជាការថែទាំសុខភាព ការឆ្លើយតបគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាចជួយពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហាប្រឈមរួមរបស់ប្រទេសទាំងពីរ។ ប្រទេសកម្ពុជាអាចរៀនសូត្របន្ថែមទៀតអំពីប្រទេសកូរ៉េ ចំពោះការរៀបចំទីលានសាធារណៈ និងការរៀបចំទីក្រុង ព្រោះថានៅប្រទេសនៅពេលនេះមានតម្រូវការខ្លាំងសម្រាប់អ្នកនៅទីក្រុងភ្នំពេញ ដែលត្រូវការទីលានកំសាន្ត និងកន្លែងហាត់ប្រាណសាធារណៈ។ សណ្តាប់ធ្នាប់ទីក្រុង គឺជារឿងសំខាន់ ហើយការរៀបចំឱ្យបានសមស្របទៅនឹងការប្រែប្រួលបរិស្ថាន ក៏ជារឿងសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ចំពោះកិច្ចការនេះ ប្រទេសកូរ៉េ និងប្រទេសចិន គេបានរៀបចំល្អ ដែលកម្ពុជាអាចយកជាគម្រូសម្រាប់ការរៀបចំទីក្រុងនៅកម្ពុជាបាន។
សរុបមក ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចធិបតី ហ៊ុន ម៉ាណែត គួរតែបង្ហាញពីការខ្នះខ្នែងរបស់កម្ពុជា ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅបមន្ថែមទៀតលើវិស័យផ្សេងៗដែលចាំបាច់សម្រាប់ប្រទេសកម្ពុជា។ ការសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួម គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រជាជាតិទាំងពីរ។ ដំណើរទស្សនកិច្ចនាពេលខាងមុខ នេះនឹងបង្ហាញពីឱកាសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជាកូរ៉េ និងជាឱកាសសម្រាប់ស្វែងយល់បន្ថែមទៀតពីវិធីសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជូនទាំងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។
បណ្ឌិត ស៊ឺន សំ គឺជាអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។
-------
* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
RAC Media
ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងសង្គមជាតិនីមួយៗ តែងតែមានក្រុមមនុស្សដែលមាននិន្នាការផ្សេងៗពីគ្នា ដែលក្នុងនោះ ដែលគេអាចបែងចែកបានទៅជា៣ប្រភេទគឺក្រុមឆ្វេងនិយម ក្រុមស្ដាំនិយម និងក្រុមកណ្ដាលនិយម ដែលក្រុមទាំង៣នេះ...
ដោយ៖ បណ្ឌិត យង់ ពៅ គម្រោងធ្វើបាតុកម្មរបស់ក្រុមនយោបាយមួយ ដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ឱ្យដកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៨ ខ...
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបជាមួយអនុប្រធានមជ្ឈមណ្ឌលផ្...
នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបំពេញទស្សនកិច្ចទៅកាន់កាន់សាកលវិទ្យាល័យគរុកោសល្...
ដោយ៖ លឹម សុវណ្ណរិទ្ធ ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុងចំណោមស្រទាប់មហាជន ដោយក...
ដោយ៖ បណ្ឌិត យង់ ពៅ ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេសការដាក់បន្ទុកទៅលើរាជរដ្ឋាភិប...