Royal Academy of Cambodia
នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗប្រើប្រាស់យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បីមានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ពិសេសការគាំទ្រពីសំណាក់ប្រជាជនដែលជាប្រភពអំណាចនៅក្នុងសង្គមប្រជាធិបតេយ្យ ទៅតាមបែបផែនច្បាប់ ឬនិន្នាការសង្គមនៃប្រទេសនីមួយៗ។ ការប្រជែងគ្នាដណ្ដើមភាពជោគជ័យនៅក្នុងសង្វៀននយោបាយ គឺជាលក្ខខណ្ឌកំណត់ការរីកចម្រើននៃសង្គមជាតិដ៏ប្រសើរបំផុត នៅពេលដែលអ្នកនយោបាយនៅក្នុងសង្គមនោះ ធ្វើការប្រកួតប្រជែងគ្នាទៅលើគោលនយោបាយដើម្បីជំរុញវឌ្ឍនភាពសង្គមនៅតាមវិស័យនានា ដែលខ្លួនយល់ថានៅមានការខ្វះខាត ឬដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទោះជាយ៉ាងណា ដើម្បីឈានទៅក្រសោបយកអំណាចរដ្ឋ អ្នកនយោបាយខ្មែរមួយចំនួនបានប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងស្របទៅតាមមហិច្ឆតា និងការចង់បានរបស់ខ្លួន មិនខ្វល់ខ្វាយអំពីផលវិបាក ឬគ្រោះថ្នាក់ដែលបណ្ដាលមកអំពើរបស់ខ្លួន រហូតដល់ក្នុងករណីខ្លះ ពួកគេថែមទាំងបានក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួនថែមទៀតផង។
ហេតុផលដ៏សំខាន់មួយ ដែលអាចពន្យល់អំពីដំណើរដែលនាំឱ្យអ្នកនយោបាយខ្មែរមួយចំនួន ធ្លាក់ខ្លួនទៅជាអ្នកប្រឆាំងនឹងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួននោះគឺ អ្នកនយោបាយទាំងនោះ បានចាប់ផ្ដើមជីវិតនយោបាយរបស់ខ្លួនដោយមិនបានសិក្សាអំពីបទពិសោធន៍ប្រវត្តិសាស្ត្រជាតិសាសន៍របស់ខ្លួន ឬពួកគេបានធ្វើសេចក្ដីសម្រេចចិត្តខាងនយោបាយដោយភ្លេចនូវមេរៀនប្រវត្តិសាស្ត្រ ដែលបានធ្លាប់បានកើតមានរួចហើយនៅក្នុងប្រទេសកម្ពុជា។ តួយ៉ាងដូចជាការបែកបាក់គ្នារវាងអ្នកនយោបាយខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែការបែងចែកពណ៌សម្បុរមនោគមវិជ្ជារវាងគ្នានឹងគ្នា ដូចជាខ្មែរស ខ្មែរខៀវ និងខ្មែរក្រហមជាដើម បានបណ្ដាលឱ្យខ្មែរភ្លេចដើមកំណើត និងឈាមជ័រជាខ្មែរដូចគ្នា ហើយដុតរោលនិងកាប់សម្លាប់គ្នាទៅវិញទៅមក។ ជាលទ្ធផល ប្រទេសកម្ពុជា បានធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់ជាង៣ទសវត្សរ៍ ហើយរាល់សមិទ្ធផលដែលប្រទេសជាតិសម្រេចបាន ត្រូវរលាយបង់ដោយសារហេតុផលនៃការបែកបាក់ជាតិ។
បន្ថែមពីលើនេះ បុគ្គលិកលក្ខណៈអស្មិមានះ និងមានគោលគំនិតធ្វើនយោបាយដើម្បីតែឈ្នះនិងចាញ់នោះ ក៏ជាភាពគ្រោះថ្នាក់មួយផ្សេងទៀត ដែលធ្វើឱ្យអ្នកនយោបាយខ្មែរខ្លះ បានតាំងចិត្តតម្រង់គោលគំនិតរបស់ខ្លួន តែទៅលើការក្ដោបក្ដាប់ឱ្យខានតែបាននូវអំណាចគ្រប់គ្រងរដ្ឋ។ ប្រការនេះ គឺជាហេតុបណ្ដាលឱ្យអ្នកទាំងនោះវិវត្តខ្លួនបន្តិចម្ដងៗ ទៅជាអ្នកនយោបាយដែលបាត់បង់មនសិកាជាតិ និងគ្មានស្មារតីជាតិនិយម ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន បំភ្លេចចោលនូវឧត្ដមប្រយោជន៍ជាតិ រឹតតែមិនបានគិតគូរថាខ្លួនត្រូវធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសដែលបានផ្ដល់កំណើតដល់ខ្លួននិងក្រុមគ្រួសារ ក៏ព្រោះតែយល់ថា បើខ្លួនចូលរួមជាមួយគូប្រជែងរបស់ខ្លួន អាចនឹងក្លាយទៅការផ្ដល់ផលចំណេញខាងនយោបាយទៅដល់ដៃគូរ។
ហេតុផលមួយផ្សេងទៀតដែលគេគួរកត់សម្គាល់នោះគឺ នយោបាយខ្មែរមួយចំនួនបានដៅការគិតរបស់ខ្លួន ផ្ដោតសំខាន់ទៅលើបញ្ហាបុគ្គលផ្ទាល់ខ្លួន ពោលគឺការយកទំនាស់ផ្ទាល់ខ្លួនជាធំ បំភ្លេចអស់នូវអត្ថន័យដើមនៃពាក្យ «នយោបាយ» គឺ ជាវិទ្យាសាស្ត្រដែលពាក់ព័ន្ធទៅដល់ភាពថ្កុំថ្កើងសម្បូណ៌សប្បាយរុងរឿងរបស់មនុស្ស និងបុរីទាំងមូល (អារីស្តូត “៣៨៤-៣២២មុនគ.ស.”)។ សម្រាប់អ្នកនយោបាយប្រភេទនេះ ការសងសឹក ឬឆ្លើយតបជាអវិជ្ជមានទៅកាន់អ្នកដែលខ្លួនធ្លាប់បរាជ័យ ឬមានទំនាស់ជាមួយ គឺជាគោលដៅសំខាន់បំផុតនៅក្នុងការដែលខ្លួនចូលរួមនៅក្នុងឆាកនយោបាយ។ ការប្រកាន់គោលគំនិតដូចនេះ មិនបាននាំមកនូវជាគុណតម្លៃនៅក្នុងការអភិវឌ្ឍសង្គមជាតិនោះឡើយ ព្រោះពួកគេធ្វើនយោបាយគឺដើម្បីតែគំនុំបុគ្គល ហើយប្រសិនបើពួកបានឡើងគ្រប់គ្រងកិច្ចការងាររដ្ឋ នោះរឿងដែលពួកគេត្រូវធ្វើមុនគេបង្អស់គឺ កំចាត់គូបដិបក្ខរបស់ខ្លួន ដោយមិនខ្វល់ត្រូវលះបង់ក្នុងកម្រិតណានោះឡើយ ដែលជាហេតុនឹងនាំទៅដល់ការបែកបាក់ និងភយន្តរាយនៅក្នុងសង្គមជាតិទាំងមូលជាក់ជាមិនខាន។ ក្នុងករណីផ្ទុយមកវិញ ប្រសិនបើគូបដិបក្ខរបស់ខ្លួនគឺជាអ្នកកាន់កាប់អំណាចវិញ អ្នកនយោបាយទាំងនេះ នឹងព្យាយាមរិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីរារាំងការកសាងសមិទ្ធផល ឬបំផ្លាញគម្រោងការអភិវឌ្ឍទាំងឡាយរបស់គូបដិបក្ខ ព្រោះពួកគេយល់ថាភាពបរាជ័យរបស់គូបដិបក្ខខ្លួន គឺជាច្រកសម្រាប់ឈានទៅរកភាពជោគជ័យរបស់ខ្លួននាពេលខាងមុខ ឬដើម្បីជាសារបង្ហាញដល់មហាជនថា គូបដិបក្ខរបស់ខ្លួនមិនអាចអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនថ្កុំថ្កើងនោះឡើយ ហើយនៅពេលបន្ទាប់ពួកគេនឹងចេញមុខអះអាងថា មានតែពួកគេទេ ដែលអាចដឹកនាំប្រទេសឱ្យរីកលូតលាស់ជឿនលឿនទៅមុខបាន។
លើសពីនេះទៅទៀត អ្នកនយោបាយដែលនឹងក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍មាតុភូមិខ្លួន គឺជាអ្នកនយោបាយដែលដើរតាមតែខ្សែញាក់របស់បរទេសឬមហាអំណាច។ ហេតុអ្វី? ពីព្រោះអ្នកនយោបាយ ដែលចាំតែដើរតាមការបង្គាប់បញ្ជារបស់បរទេសឬមហាអំណាច គឺជាអ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រនយោបាយផ្ទាល់ខ្លួនសម្រាប់ឆ្ពោះទៅកាន់គោលដៅនយោបាយដែលខ្លួនប៉ងប្រាថ្នា ក្រៅតែពីការបង្ខូចឈ្មោះរបស់ដៃគូប្រជែងរបស់ខ្លួន។ ពួកគេធ្វើទៅតាមការចាត់ចែង ឬណែនាំពីបរទេសខាងក្រៅ ដើម្បីធ្វើយ៉ាងណាសម្រេចបាននូវមហិច្ឆតាកាន់អំណាចរបស់ខ្លួន ហើយបើទោះបីជាចង់ ឬមិនចង់ ជានិច្ចកាលសកម្មភាពរបស់ពួកគេតែងតែប្រឆាំងនឹងផលប្រយោជន៍ជាតិ ព្រោះនេះគឺជាយុទ្ធសាស្ត្ររបស់បរទេសឬមហាអំណាច ដែលគេឃើញកើតមានតរៀងរហូតមកនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយពួកគេតែងតែប្រើប្រាស់វិធីសាស្ត្រគ្រប់យ៉ាង ដើម្បីអាចទាញផលប្រយោជន៍តាមដែលអាចធ្វើទៅបានពីបណ្ដាប្រទេសទាំងឡាយ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច យោធា និងការទូត តាមរយៈអ្នកនយោបាយអាត្មានិយមមួយចំនួននៃជាតិសាសន៍នោះ។ នៅក្នុងករណីខ្លះ អ្នកនយោបាយទាំងនោះធ្វើសកម្មភាពតាមខ្សែញាក់របស់មហាអំណាច គឺដោយសារចង់បានការគាំទ្រពីមហាអំណាច ធ្វើជាដើមទុនបន្តប្រជាប្រិយភាពនយោបាយរបស់ខ្លួន ប៉ុន្តែនៅក្នុងករណីខ្លះទៀត ពួកគេធ្វើដូចនេះ គឺដោយសារតែការភ័ន្តច្រឡំរបស់ពួកគេផ្ទាល់ថាបរទេស ឬមហាអំណាចពិតជាស្រឡាញ់ និងចង់ជួយដល់ប្រទេសជាតិរបស់ពួកគេ ជាងជាតិសាសន៍របស់ពួកគេថែមទៀតផង។ ទោះជានៅក្នុងទិដ្ឋភាពណាមួយ នៅក្នុងចំណោមទិដ្ឋភាពដែលបានលើកឡើងខាងលើនេះក្ដី ការដើរតាមយុទ្ធសាស្ត្រ ឬការបង្គាប់បញ្ជារបស់បរទេសឬមហាអំណាចទាំងស្រុងដូចបានរៀបរាប់ខាងលើនេះ គឺដោយសារតែអ្នកនយោបាយទាំងនោះ ជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រជាក់លាក់ និងប្រាកដប្រជាសម្រាប់បន្តជីវិតនយោបាយ ហើយក៏ជាហេតុដែលនាំឱ្យបរទេសអាចលូកដៃមកកកូរកកាយផ្ទៃក្នុងខ្មែរបានដោយងាយ។
ជារួម អ្នកនយោបាយទាំងអស់គួរតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គមជាតិ នៅក្នុងនាមជាជនជាតិដែលកើតនៅលើទឹកដីមាតុភូមិដ៏កម្សត់មួយនេះ ហើយតាំងខ្លួនជាអ្នកនយោបាយស្ថាបនាឧត្ដមប្រយោជន៍ជាតិ មានស្មារតីបង្រួបបង្រួម និងផ្សះផ្សាជាតិ ដើម្បីកសាងប្រទេសឱ្យក្លាយទៅជាអារ្យប្រទេសជាថ្មី ដូចដែលដូនតាខ្មែរ ជាពិសេសបុព្វបុរសសម័យអង្គរ ដែលធ្លាប់បាននាំនាវាកម្ពុជាឈានក្លាយទៅជាមហាអំណាចដ៏លេចត្រដែតទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏សម្បូរបែបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកនយោបាយខ្មែរគួរតែបញ្ឈប់វប្បធម៌ “មានអញអត់ឯង មានឯងអត់អញ” ការយកគំនុំបុគ្គលជាធំនៅក្នុងការធ្វើនយោបាយ និងលុបបំបាត់ឱ្យបាននូវផ្នត់គំនិតដែលយល់ឃើញថា បរទេសមានទឹកចិត្តស្រឡាញ់និងគិតគូរផលប្រយោជន៍ខ្មែរ ច្រើនជាងជាតិសាសន៍ខ្មែរគ្នាឯង ព្រោះនៅពេលជួបវិបត្តិឬភយន្តរាយនៅក្នុងសង្គមជាតិមួយ មានតែប្រជាជននិងប្រជាជាតិយើងទេ ដែលនៅខាំស្មៅតស៊ូ ទ្រាំលំបាក និងប្រឈមមុខនឹងបញ្ហាជាមួយគ្នា ដើម្បីដោះស្រាយ និងស្រោចស្រង់ជោគវាសនាប្រទេសជាតិ គ្មានបរទេសឬមហាអំណាចណាយល់ព្រមបាត់បង់ផលប្រយោជន៍ជំនួស ឬស្ម័គ្រចិត្តមកទទួលរងគ្រោះជាមួយប្រជាជននិងជាតិសាសន៍យើងឡើយ សមដូចសុភាសិតខ្មែរមួយលើកឡើងថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។
---
* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
RAC Media
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា...
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរា...
អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នា...
រាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនដល់និស្សិត-បេក្ខជនបណ្ឌិតដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាធារណៈជនមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយជូនបេក្ខជនបណ្ឌិត ប៊ុន វ៉ាន...
ក្រោយពីបានរៀបចំនូវផែនការចឹញ្ចឹមគោយកទឹកដោះ ដែលមានរយ:ពេល១ឆ្នាំកន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បាន និងកំពុងត្រៀមនូវរៀបចំធនធានមនុស្សលើផ្នែកបច្ចេកទេសជំនាញផ្សេងៗគ្នា ដើម្បីចូលរួមចំណែកក្នុងការងាររៀបចំកសិដ្ឋ...
ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និងកំណត់ទីតាំងបង្គោលព្រំសីមា រួមទាំងប្រព័ន្ធអ...