ព័ត៌មាន

ហេតុអ្វីបានជាអ្នកនយោបាយមួយចំនួន ក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន? ដោយ៖ លឹម សុវណ្ណារិទ្ធ

2024-05-01 02:13:27 ថ្ងៃពុធ, 01 ឧសភា 2024 ម៉ោង 09:13 AM
អ្នកមើល 6285
post_detail

​នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បី​មានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ពិសេស​ការគាំទ្រពីសំណាក់ប្រជាជនដែលជាប្រភពអំណាចនៅក្នុងសង្គមប្រជាធិបតេយ្យ ទៅ​តាម​បែប​ផែនច្បាប់ ឬនិន្នាការសង្គមនៃប្រទេសនីមួយៗ។ ការប្រជែងគ្នាដណ្ដើមភាពជោគជ័យ​នៅក្នុង​សង្វៀន​នយោបាយ គឺជាលក្ខខណ្ឌកំណត់ការរីកចម្រើននៃសង្គមជាតិដ៏ប្រសើរ​បំផុត នៅ​ពេល​ដែលអ្នក​នយោបាយនៅក្នុងសង្គមនោះ ធ្វើការប្រកួតប្រជែងគ្នាទៅលើ​គោល​នយោបាយដើម្បីជំរុញវឌ្ឍនភាពសង្គមនៅតាមវិស័យនានា ដែលខ្លួនយល់ថា​នៅ​មានការខ្វះខាត ឬ​ដើម្បី​អភិវឌ្ឍ​សង្គមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទោះជាយ៉ាង​ណា ដើម្បី​ឈានទៅ​ក្រសោបយកអំណាចរដ្ឋ អ្នកនយោបាយខ្មែរមួយចំនួន​បានប្រើប្រាស់​វិធីសាស្ត្រ​គ្រប់បែប​យ៉ាង​ស្របទៅតាមមហិច្ឆតា និងការចង់បានរបស់ខ្លួន មិនខ្វល់ខ្វាយអំពី​ផលវិបាក​ ឬគ្រោះ​ថ្នាក់​ដែលបណ្ដាល​មកអំពើរបស់ខ្លួន រហូតដល់ក្នុងករណីខ្លះ ពួកគេ​ថែមទាំងបាន​ក្លាយខ្លួន​ទៅ​ជា​អ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន​ថែមទៀត​ផង។

​ហេតុផលដ៏សំខាន់មួយ ដែលអាចពន្យល់អំពីដំណើរដែលនាំឱ្យអ្នកនយោបាយ​ខ្មែរ​មួយចំនួន​ ធ្លាក់​ខ្លួនទៅជាអ្នកប្រឆាំងនឹងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួននោះគឺ អ្នក​នយោបាយទាំងនោះ បានចាប់ផ្ដើមជីវិតនយោបាយរបស់ខ្លួនដោយមិនបានសិក្សាអំពី​បទពិសោធន៍ប្រវត្តិសាស្ត្រជាតិសាសន៍របស់ខ្លួន ឬពួកគេបានធ្វើសេចក្ដីសម្រេចចិត្តខាង​នយោបាយដោយភ្លេចនូវមេរៀន​ប្រវត្តិ​សាស្ត្រ ដែលបានធ្លាប់បានកើតមានរួចហើយនៅក្នុង​ប្រទេសកម្ពុជា។ តួយ៉ាងដូចជាការបែកបាក់គ្នារវាងអ្នកនយោបាយខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ​១៩៦០ និងទសវត្សរ៍ឆ្នាំ​១៩៧០ ដោយសារតែការបែងចែកពណ៌សម្បុរមនោគមវិជ្ជារវាងគ្នា​នឹងគ្នា ដូចជាខ្មែរស ខ្មែរខៀវ និងខ្មែរក្រហមជាដើម បានបណ្ដាលឱ្យខ្មែរភ្លេចដើមកំណើត និងឈាមជ័រជាខ្មែរដូចគ្នា ហើយដុតរោលនិងកាប់សម្លាប់គ្នាទៅវិញទៅមក។ ជាលទ្ធផល ប្រទេសកម្ពុជា បានធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់ជាង៣ទសវត្សរ៍ ហើយរាល់សមិទ្ធផល​ដែលប្រទេសជាតិសម្រេចបាន ត្រូវរលាយបង់ដោយសារហេតុផលនៃការបែកបាក់ជាតិ។

​បន្ថែមពីលើនេះ បុគ្គលិកលក្ខណៈអស្មិមានះ និងមានគោលគំនិតធ្វើនយោបាយ​ដើម្បីតែឈ្នះនិងចាញ់នោះ ក៏ជាភាពគ្រោះថ្នាក់មួយផ្សេងទៀត ដែលធ្វើឱ្យអ្នកនយោបាយ​ខ្មែរខ្លះ បានតាំងចិត្តតម្រង់គោលគំនិតរបស់ខ្លួន តែទៅលើការក្ដោបក្ដាប់ឱ្យខានតែបាននូវ​អំណាចគ្រប់គ្រងរដ្ឋ។ ប្រការនេះ គឺជាហេតុបណ្ដាលឱ្យអ្នកទាំងនោះវិវត្តខ្លួន​បន្តិចម្ដងៗ ទៅជាអ្នកនយោបាយដែលបាត់បង់មនសិកាជាតិ និងគ្មានស្មារតីជាតិនិយម ហ៊ានធ្វើអ្វីៗ​គ្រប់យ៉ាងដើម្បីតែផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន បំភ្លេចចោលនូវឧត្ដម​ប្រយោជន៍ជាតិ រឹតតែមិនបានគិតគូរថាខ្លួនត្រូវធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអភិវឌ្ឍ​ប្រទេសដែលបានផ្ដល់កំណើតដល់ខ្លួននិងក្រុមគ្រួសារ ក៏ព្រោះតែយល់ថា បើខ្លួនចូលរួម​ជាមួយគូប្រជែងរបស់ខ្លួន អាចនឹងក្លាយទៅការផ្ដល់ផលចំណេញខាងនយោ​បាយទៅ​ដល់ដៃគូរ។

​ហេតុផលមួយផ្សេងទៀតដែលគេគួរកត់សម្គាល់នោះគឺ នយោបាយខ្មែរមួយចំនួន​បានដៅការគិតរបស់ខ្លួន ផ្ដោតសំខាន់ទៅលើបញ្ហាបុគ្គលផ្ទាល់ខ្លួន ពោលគឺការយកទំនាស់​ផ្ទាល់ខ្លួនជាធំ បំភ្លេចអស់នូវអត្ថន័យដើមនៃពាក្យ «នយោបាយ» គឺ ជា​វិទ្យាសាស្ត្រ​ដែល​ពាក់ព័ន្ធទៅ​ដល់​ភាព​ថ្កុំថ្កើង​សម្បូណ៌​សប្បាយរុងរឿងរបស់​មនុស្ស និង​បុរី​ទាំងមូល (អារីស្តូត “៣៨៤-៣២២មុនគ.ស.”)។ សម្រាប់អ្នកនយោបាយប្រភេទនេះ ការសងសឹក ឬឆ្លើយតប​ជាអវិជ្ជមានទៅកាន់អ្នកដែលខ្លួនធ្លាប់បរាជ័យ ឬមានទំនាស់ជាមួយ គឺជាគោលដៅសំខាន់​បំផុតនៅក្នុងការដែលខ្លួនចូលរួមនៅក្នុងឆាកនយោបាយ។ ការប្រកាន់គោលគំនិតដូចនេះ មិនបាននាំមកនូវជាគុណតម្លៃនៅក្នុងការអភិវឌ្ឍសង្គមជាតិនោះឡើយ ព្រោះពួកគេធ្វើ​នយោបាយគឺដើម្បីតែគំនុំបុគ្គល ហើយប្រសិនបើពួកបានឡើងគ្រប់គ្រងកិច្ចការងាររដ្ឋ នោះរឿងដែលពួកគេត្រូវធ្វើមុនគេបង្អស់គឺ កំចាត់គូបដិបក្ខរបស់ខ្លួន ដោយមិនខ្វល់ត្រូវ​លះបង់ក្នុងកម្រិតណានោះឡើយ ដែលជាហេតុនឹងនាំទៅដល់ការបែកបាក់ និងភយន្តរាយ​នៅក្នុងសង្គមជាតិទាំងមូលជាក់ជាមិនខាន។ ក្នុងករណីផ្ទុយមកវិញ ប្រសិនបើគូបដិបក្ខ​របស់ខ្លួនគឺជាអ្នកកាន់កាប់អំណាចវិញ អ្នកនយោបាយទាំងនេះ នឹងព្យាយាមរិះរកវិធី​សាស្ត្រយ៉ាងណា ដើម្បីរារាំងការកសាងសមិទ្ធផល ឬបំផ្លាញគម្រោងការអភិវឌ្ឍទាំងឡាយ​របស់គូបដិបក្ខ ព្រោះពួកគេយល់ថាភាពបរាជ័យរបស់គូបដិបក្ខខ្លួន គឺជាច្រកសម្រាប់​ឈានទៅរកភាពជោគជ័យរបស់ខ្លួននាពេលខាងមុខ ឬដើម្បីជាសារបង្ហាញដល់មហាជន​ថា គូបដិបក្ខរបស់ខ្លួនមិនអាចអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនថ្កុំថ្កើងនោះឡើយ ហើយនៅ​ពេល​បន្ទាប់ពួកគេនឹងចេញមុខអះអាងថា មានតែពួកគេទេ ដែលអាចដឹកនាំប្រទេស​ឱ្យរីកលូត​លាស់ជឿនលឿនទៅមុខបាន។

​លើសពីនេះទៅទៀត អ្នកនយោបាយដែលនឹងក្លាយខ្លួនទៅជាអ្នកប្រឆាំងផល​ប្រយោជន៍មាតុភូមិខ្លួន គឺជាអ្នកនយោបាយដែលដើរតាមតែខ្សែញាក់របស់បរទេសឬ​មហាអំណាច។ ហេតុអ្វី? ពីព្រោះអ្នកនយោបាយ ដែលចាំតែដើរតាមការបង្គាប់បញ្ជា​របស់បរទេសឬមហាអំណាច គឺជាអ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រនយោបាយផ្ទាល់​ខ្លួនសម្រាប់ឆ្ពោះទៅកាន់គោលដៅនយោបាយដែលខ្លួនប៉ងប្រាថ្នា ក្រៅតែពីការបង្ខូចឈ្មោះ​របស់ដៃគូប្រជែងរបស់ខ្លួន។ ពួកគេធ្វើទៅតាមការ​ចាត់ចែង ឬណែនាំពីបរទេសខាងក្រៅ ដើម្បីធ្វើយ៉ាងណាសម្រេចបាននូវមហិច្ឆតាកាន់​អំណាចរបស់ខ្លួន ហើយបើទោះបីជាចង់ ឬមិនចង់ ជានិច្ចកាលសកម្មភាពរបស់ពួកគេ​តែងតែប្រឆាំងនឹងផលប្រយោជន៍ជាតិ ព្រោះ​នេះគឺជាយុទ្ធសាស្ត្ររបស់បរទេសឬមហា​អំណាច ដែលគេឃើញកើតមានតរៀងរហូតមក​នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយពួក​គេតែងតែប្រើប្រាស់វិធីសាស្ត្រគ្រប់យ៉ាង ដើម្បីអាចទាញផលប្រយោជន៍តាមដែលអាចធ្វើទៅបាន​ពីបណ្ដាប្រទេស​ទាំង​ឡាយ ទាំង​នៅក្នុង​ទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច យោធា និងការទូត តាមរយៈអ្នក​នយោបាយអាត្មា​និយមមួយចំនួន​នៃជាតិសាសន៍នោះ។ នៅក្នុងករណីខ្លះ អ្នក​នយោបាយ​ទាំងនោះ​ធ្វើសកម្មភាព​តាមខ្សែញាក់របស់មហាអំណាច គឺដោយសារ​ចង់បាន​ការគាំទ្រពីមហា​អំណាច ធ្វើជាដើម​ទុនបន្តប្រជាប្រិយភាពនយោបាយរបស់ខ្លួន ប៉ុន្តែ​នៅក្នុងករណីខ្លះទៀត ពួកគេធ្វើដូចនេះ គឺដោយសារតែការភ័ន្តច្រឡំ​របស់ពួកគេ​ផ្ទាល់ថាបរទេស ឬមហាអំណាច​ពិតជាស្រឡាញ់ និងចង់ជួយដល់ប្រទេសជាតិរបស់ពួកគេ ជាងជាតិសាសន៍របស់​ពួកគេថែមទៀតផង។ ទោះជានៅក្នុងទិដ្ឋភាពណាមួយ នៅក្នុងចំណោម​ទិដ្ឋភាព​ដែលបានលើកឡើងខាងលើនេះក្ដី ការដើរតាមយុទ្ធសាស្ត្រ ឬការបង្គាប់បញ្ជារបស់​បរទេសឬមហាអំណាចទាំងស្រុងដូចបានរៀបរាប់ខាងលើនេះ គឺដោយសារតែ​អ្នក​នយោបាយទាំងនោះ ជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រជាក់លាក់ និងប្រាកដប្រជា​សម្រាប់​បន្តជីវិតនយោបាយ ហើយក៏ជាហេតុដែលនាំឱ្យបរទេស​អាចលូកដៃមកកកូរកកាយ​ផ្ទៃក្នុងខ្មែរបាន​ដោយងាយ។

​ជារួម អ្នកនយោបាយទាំងអស់គួរតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអភិវឌ្ឍ​សង្គម​ជាតិ នៅក្នុងនាមជាជនជាតិដែលកើតនៅលើទឹកដីមាតុភូមិដ៏កម្សត់មួយនេះ ហើយតាំងខ្លួន​ជាអ្នកនយោបាយស្ថាបនាឧត្ដមប្រយោជន៍ជាតិ មានស្មារតីបង្រួបបង្រួម និងផ្សះផ្សាជាតិ ដើម្បីកសាងប្រទេសឱ្យក្លាយទៅជាអារ្យប្រទេសជាថ្មី ដូចដែលដូនតាខ្មែរ ជាពិសេស​បុព្វបុរសសម័យអង្គរ ដែលធ្លាប់បាននាំនាវាកម្ពុជាឈានក្លាយទៅជា​មហាអំណាចដ៏លេច​ត្រដែត​ទាំងនៅ​ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏សម្បូរបែបនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍។ អ្នកនយោបាយខ្មែរគួរតែបញ្ឈប់វប្បធម៌ “មានអញអត់ឯង មានឯងអត់​អញ” ការយកគំនុំបុគ្គលជាធំនៅក្នុងការធ្វើនយោបាយ និងលុបបំបាត់ឱ្យបាននូវផ្នត់​គំនិត​ដែលយល់ឃើញថា បរទេសមានទឹកចិត្តស្រឡាញ់និងគិតគូរផលប្រយោជន៍ខ្មែរ ច្រើនជាង​ជាតិសាសន៍ខ្មែរគ្នាឯង ព្រោះនៅពេលជួបវិបត្តិឬភយន្តរាយនៅក្នុងសង្គមជាតិមួយ មានតែ​ប្រជាជននិង​ប្រជាជាតិយើងទេ ដែលនៅខាំស្មៅតស៊ូ ទ្រាំលំបាក និងប្រឈមមុខ​នឹងបញ្ហាជាមួយ​គ្នា ដើម្បីដោះស្រាយ និងស្រោចស្រង់ជោគវាសនាប្រទេសជាតិ គ្មានបរទេសឬមហាអំណាចណាយល់ព្រមបាត់បង់ផលប្រយោជន៍ជំនួស ឬស្ម័គ្រចិត្តមក​ទទួលរងគ្រោះជាមួយប្រជាជននិងជាតិសាសន៍យើងឡើយ សមដូចសុភាសិតខ្មែរមួយ​លើកឡើងថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។

---

* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។

RAC Media 

អត្ថបទទាក់ទង

របាយការណ៍សង្ខេប ស្តីពី ការចុះប្រមូលទិន្នន័យដំណាំយកស្លឹក និងដំណាំយកគ្រាប់ ក្រោមគម្រោង «ការគាំទ្របច្ចេកវិទ្យាផលិត និងអនុវត្តន៍បាយអូឆាដើម្បីកែប្រែដីឱ្យមានគុណភាព និងបង្កើនទិន្នផលដំណាំកសិកម្មនៅកម្ពុជា» ដោយ៖ ស្វាយ រីដា

RAC Mediaប្រភព៖ ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-09-03 07:38:09   ថ្ងៃព្រហស្បតិ៍, 03 កញ្ញា 2020 ម៉ោង 02:38 PM
សកម្មភាពចុះស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»

ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីការនា...

2020-09-01 06:22:59   ថ្ងៃអង្គារ, 01 កញ្ញា 2020 ម៉ោង 01:22 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីឱ្យមកបំពេញការងារឱ្យទៀងទាត់ ដើម្បីបន្សល់កេរ្តិ៍ឈ្មោះស្នាដៃជូនស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២០ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម...

2020-09-01 06:12:27   ថ្ងៃអង្គារ, 01 កញ្ញា 2020 ម៉ោង 01:12 PM
សកម្មភាពចុះសិក្សាអំពីផលិត​កម្មបន្លែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»​នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីផលិត​...

2020-08-31 09:02:47   ថ្ងៃចន្ទ, 31 សីហា 2020 ម៉ោង 04:02 PM
សកម្មភាពស្រាវជ្រាវពីអតីតរាជធានី និងទីក្រុងបុរាណខ្មែរ

ការសិក្សាស្រាវជ្រាវអំពីអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ ដឹកនាំដោយឯកឧត្តមបណ្ឌិតជូ ច័ន្ទដារី និងសហការី  (លោ​ក​បណ្ឌិត ហេង ហុកវេន លោកហៀង លាងហុង និងលោកសុង ចំណាន) បានចុះសិក្សានៅតាមទីតាំងអតីតរាជធានីផ្សេង...

2020-08-31 08:46:22   ថ្ងៃចន្ទ, 31 សីហា 2020 ម៉ោង 03:46 PM
ជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសកម្ពុជា ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោកបានដើរមកសករាជនៃភូមិសាស្រ្តនយោបាយថ្មីមួយទៀត ដែលក...

2020-08-29 16:15:02   ថ្ងៃសៅរ៍, 29 សីហា 2020 ម៉ោង 11:15 PM

សេចក្តីប្រកាស