ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបយើងទទួលបានប្រទេសជាតិមួយដ៏ខ្លាំង

2024-04-30 09:05:31 ថ្ងៃអង្គារ, 30 មេសា 2024 ម៉ោង 04:05 PM
អ្នកមើល 5418
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបំផុសស្មារតីស្នេហាជាតិ រួមចំណែកជួយដល់ប្រទេសជាតិ ការពារជាតិ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ ដើម្បីអាចទទួលបានទទួលបានប្រទេសជាតិមួយដ៏ខ្លាំង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិសាស្ត្រសង្គ្រាមរបស់អ៊ីស្រាអែល ក៏ដូចជាស្មារតីស្នេហាជាតិរបស់ជនជាតិនេះ ដែលទម្រាំឈានក្លាយជាប្រទេសអភិវឌ្ឍដូចបច្ចុប្បន្នថា ប្រជាជនជ្វីហ្វ នៅពេលសង្គ្រាមកើតមានឡើង ឪពុកនិងកូនប្រុសទៅធ្វើកងទ័ព កូនស្រីទៅធ្វើពេទ្យ ម្ដាយធ្វើគ្រាប់ និងធ្វើម្ហូបផ្ញើទៅប្ដីនិងកូនប្រុសនៅសមរភូមិ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីប្រវត្តិសាស្ត្រកម្ពុជាថា ទំនោររបស់ប្រជាជនកម្ពុជាក្នុងអតីតកាល ហាក់មានភាពខុសស្រឡះពីគ្នានឹងជនជាតិអ៊ីស្រាអែល ដែលកូនអ្នកក្រត្រូវចូលធ្វើទាហាន ក្នុងពេលដែលកូនអ្នកមាននិងកូនអ្នកធំចាកចេញពីប្រទេស ដើម្បីគេចផុតពីសង្គ្រាមនិងសេចក្ដីស្លាប់។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ថ្លែងសង្កត់ធ្ងន់ថា «[...] យើងកូនអ្នកក្រ យកទ្រូងទាំងពាំងក្បាលពួកអ្នកទាំងនោះ តែពួកអ្នកមានបញ្ជូនទៅនៅក្រៅ [...]»។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានបានគូសបញ្ជាក់បន្ថែមថា អ៊ីស្រាអែលខ្លាំង ដោយសារតែប្រជាជននៃប្រទេសនោះ មានស្មារតីស្នេហាជាតិ មានជំហររួបរួមគ្នាជាធ្លុងមួយពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ប្រទេសជាតិ ដែលត្រង់ចំណុចនេះ ប្រជាជននិងអ្នកនយោបាយខ្មែរមួយចំនួនត្រូវចេះរៀនសូត្រពីគេ មិនមែន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញអំពីការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនរបស់ឯកឧត្ដមថា «ខ្ញុំបានតាំងចិត្តរួចជាស្រេច ខ្ញុំធ្លាប់មានប្រពន្ធបរទេស គេឱ្យសញ្ជាតិ តែខ្ញុំអត់យកទេ ខ្ញុំបានតាំងចិត្តរួចហើយថា ខ្ញុំស្លាប់នៅលើទឹកដីនេះ ខ្ញុំមិនទៅណាទេ ព្រោះខ្ញុំកើតនៅលើទឹកដីនេះ ខ្ញុំត្រូវបម្រើនូវផលប្រយោជន៍នៃទឹកដីនេះ [...] ខ្ញុំមិនដូរទឹកដីនេះទេ ខ្ញុំត្រូវរស់នៅលើទឹកដីនេះ ហើយខ្ញុំធ្វើដើម្បីបុព្វហេតុទឹកដីនេះ [...]»។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងជំរុញឱ្យជនរួមជាតិខ្មែរទាំងអស់ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបអាចចូលរួមចំណែកជំរុញនិងកសាងមាតុភូមិកំណើតរបស់ខ្លួន ក្លាយទៅជាប្រទេសជាតិមួយដែលរីកចម្រើន និងខ្លាំងក្លាទៅបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា អ៊ីស្រាអែល ដែលជាប្រទេសមានការរីកចម្រើនដ៏ខ្លាំងក្លាមួយនៅតំបន់មជ្ឈិមបូព៌ា ក៏ដោយសារតែការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជនគេដូច្នេះដែរ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់ជនរួមជាតិទាំងអស់ថា «យើងត្រូវតែចូលរួមចំណែកធ្វើឱ្យសង្គមជាតិរីកចម្រើន បន្សល់ស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ ហើយមនុស្សជំនាន់ក្រោយត្រូវបន្តវេន នូវអ្វីដែលអ្នកជំនាន់នេះ និងបុព្វបុរសបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ន»៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ទស្សនវិទូក្រិកបុរាណសម័យ (សូក្រាត ប្លាតុង អារីស្តូត) ដោយ៖ បណ្ឌិត ហែម ឡាច- នាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

កំណើតប្រហែល៦០០ឆ្នាំមុនគ្រិស្តសករាជ។ ទស្សនវិជ្ជាចាប់កំណើតតាំងពីពេលដែលមនុស្សចេះត្រិះរិះពិចារណារកហេតុផលចំពោះអ្វីៗដែលនៅក្នុងខ្លួនមនុស្សនិងចេះត្រិះរិះពិចារណាលើវត្ថុនិងបាតុភូតនៅក្នុងពិភពលោកនេះ។ គេបានដឹងថា ប...

2023-09-30 05:58:50   ថ្ងៃសៅរ៍, 30 កញ្ញា 2023 ម៉ោង 12:58 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានកយការ (KOICA) ប្រចាំប្រទេសកម្ពុជា

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោក យ៉ុងវ៉ា ស៊ិន...

2023-09-26 10:11:40   ថ្ងៃអង្គារ, 26 កញ្ញា 2023 ម៉ោង 05:11 PM
ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម៖ ពលរដ្ឋអាចទាញយកកម្មវិធីប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ជាទម្រង់ឌីជីថល

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥...

2023-09-25 10:08:03   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 05:08 PM
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ជំរុញនិងគាំទ្រ ឱ្យធ្វើឌីជីថល វចនានុក្រម និងសន្ទានុក្រម....

ថ្លែងនៅក្នុងសុន្ទរកថាបូកសរុប និងប្រាកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“វចនានុក្រមខ្មែរ” ព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្...

2023-09-25 09:20:17   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 04:20 PM
ឯកឧត្ដម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា

នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។...

2023-09-25 08:40:33   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:40 PM
« ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល» ជាផ្លូវការនៅរាជបណ្ឌិត្យសភាកម្ពុជា

នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែ...

2023-09-25 08:14:34   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:14 PM

សេចក្តីប្រកាស