ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបយើងទទួលបានប្រទេសជាតិមួយដ៏ខ្លាំង

2024-04-30 09:05:31 ថ្ងៃអង្គារ, 30 មេសា 2024 ម៉ោង 04:05 PM
អ្នកមើល 5504
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបំផុសស្មារតីស្នេហាជាតិ រួមចំណែកជួយដល់ប្រទេសជាតិ ការពារជាតិ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ ដើម្បីអាចទទួលបានទទួលបានប្រទេសជាតិមួយដ៏ខ្លាំង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិសាស្ត្រសង្គ្រាមរបស់អ៊ីស្រាអែល ក៏ដូចជាស្មារតីស្នេហាជាតិរបស់ជនជាតិនេះ ដែលទម្រាំឈានក្លាយជាប្រទេសអភិវឌ្ឍដូចបច្ចុប្បន្នថា ប្រជាជនជ្វីហ្វ នៅពេលសង្គ្រាមកើតមានឡើង ឪពុកនិងកូនប្រុសទៅធ្វើកងទ័ព កូនស្រីទៅធ្វើពេទ្យ ម្ដាយធ្វើគ្រាប់ និងធ្វើម្ហូបផ្ញើទៅប្ដីនិងកូនប្រុសនៅសមរភូមិ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីប្រវត្តិសាស្ត្រកម្ពុជាថា ទំនោររបស់ប្រជាជនកម្ពុជាក្នុងអតីតកាល ហាក់មានភាពខុសស្រឡះពីគ្នានឹងជនជាតិអ៊ីស្រាអែល ដែលកូនអ្នកក្រត្រូវចូលធ្វើទាហាន ក្នុងពេលដែលកូនអ្នកមាននិងកូនអ្នកធំចាកចេញពីប្រទេស ដើម្បីគេចផុតពីសង្គ្រាមនិងសេចក្ដីស្លាប់។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ថ្លែងសង្កត់ធ្ងន់ថា «[...] យើងកូនអ្នកក្រ យកទ្រូងទាំងពាំងក្បាលពួកអ្នកទាំងនោះ តែពួកអ្នកមានបញ្ជូនទៅនៅក្រៅ [...]»។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានបានគូសបញ្ជាក់បន្ថែមថា អ៊ីស្រាអែលខ្លាំង ដោយសារតែប្រជាជននៃប្រទេសនោះ មានស្មារតីស្នេហាជាតិ មានជំហររួបរួមគ្នាជាធ្លុងមួយពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ប្រទេសជាតិ ដែលត្រង់ចំណុចនេះ ប្រជាជននិងអ្នកនយោបាយខ្មែរមួយចំនួនត្រូវចេះរៀនសូត្រពីគេ មិនមែន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញអំពីការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនរបស់ឯកឧត្ដមថា «ខ្ញុំបានតាំងចិត្តរួចជាស្រេច ខ្ញុំធ្លាប់មានប្រពន្ធបរទេស គេឱ្យសញ្ជាតិ តែខ្ញុំអត់យកទេ ខ្ញុំបានតាំងចិត្តរួចហើយថា ខ្ញុំស្លាប់នៅលើទឹកដីនេះ ខ្ញុំមិនទៅណាទេ ព្រោះខ្ញុំកើតនៅលើទឹកដីនេះ ខ្ញុំត្រូវបម្រើនូវផលប្រយោជន៍នៃទឹកដីនេះ [...] ខ្ញុំមិនដូរទឹកដីនេះទេ ខ្ញុំត្រូវរស់នៅលើទឹកដីនេះ ហើយខ្ញុំធ្វើដើម្បីបុព្វហេតុទឹកដីនេះ [...]»។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងជំរុញឱ្យជនរួមជាតិខ្មែរទាំងអស់ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបអាចចូលរួមចំណែកជំរុញនិងកសាងមាតុភូមិកំណើតរបស់ខ្លួន ក្លាយទៅជាប្រទេសជាតិមួយដែលរីកចម្រើន និងខ្លាំងក្លាទៅបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា អ៊ីស្រាអែល ដែលជាប្រទេសមានការរីកចម្រើនដ៏ខ្លាំងក្លាមួយនៅតំបន់មជ្ឈិមបូព៌ា ក៏ដោយសារតែការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជនគេដូច្នេះដែរ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់ជនរួមជាតិទាំងអស់ថា «យើងត្រូវតែចូលរួមចំណែកធ្វើឱ្យសង្គមជាតិរីកចម្រើន បន្សល់ស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ ហើយមនុស្សជំនាន់ក្រោយត្រូវបន្តវេន នូវអ្វីដែលអ្នកជំនាន់នេះ និងបុព្វបុរសបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ន»៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»

ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា  ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្រោមអធិបតីភាពរបស់ ឯកឧត្តមប...

2019-03-15 12:26:50   ថ្ងៃសុក្រ, 15 មីនា 2019 ម៉ោង 07:26 PM
«ទិដ្ឋភាពខ្លះមុនពិធីចុះអនុស្សរណៈយោគយល់រវាងស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ពីវិមានសន្តិភាព»

នៅវេលាព្រឹកថ្ងៃទី១៥ ខែមីនា នេះ ស្ថាប័នស្រាវជ្រាវធំទាំងពីររបស់កម្ពុជា-កូរ៉េ គឺ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចុះអនុស...

2019-03-15 04:37:34   ថ្ងៃសុក្រ, 15 មីនា 2019 ម៉ោង 11:37 AM
«ស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ផ្តើមជួបគ្នា ដើម្បីអភិវឌ្ឍវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា»

កាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានទទួលជំនួបប្រជុំចង្អៀតមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសា...

2019-03-14 08:53:00   ថ្ងៃព្រហស្បតិ៍, 14 មីនា 2019 ម៉ោង 03:53 PM
«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

កាលពីថ្ងៃពុធ ៨កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩  ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកន...

2019-03-14 08:14:38   ថ្ងៃព្រហស្បតិ៍, 14 មីនា 2019 ម៉ោង 03:14 PM
រាជរដ្ឋាភិបាល បានប្រគល់សិទ្ធិដល់រាជបណ្ឌិត្យសភាកម្ពុជា ចុះ MOU លើវិស័យស្រាវជ្រាវជាមួយកូរ៉េខាងត្បូង

នៅថ្ងៃទី១៣ ខែមីនា នេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់សិទ្ធិដល់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមប្រឹក្...

2019-03-13 11:19:43   ថ្ងៃពុធ, 13 មីនា 2019 ម៉ោង 06:19 PM
«កម្ពុជា និង សាធារណរដ្ឋកូរ៉េ គ្រោងនឹងចុះកិច្ចព្រមព្រៀងចំនួនពីរ និងអនុស្សារណៈចំនួន៥»

ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម មួន ចេអ៊ីន នឹងមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះ។ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កេត សោផាន់ អនុរដ្ឋលេខា...

2019-03-13 03:43:18   ថ្ងៃពុធ, 13 មីនា 2019 ម៉ោង 10:43 AM

សេចក្តីប្រកាស