ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា»

2024-04-30 08:41:36 ថ្ងៃអង្គារ, 30 មេសា 2024 ម៉ោង 03:41 PM
អ្នកមើល 6267
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» ដើម្បីបង្ហាញអំពីទស្សនៈយល់ឃើញពីសំណាក់បញ្ញវន្ត អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងប្រវត្តិនៃជម្លោះ បញ្ហាស្នូលសំខាន់ៗដែលនាំទៅដល់ជម្លោះ និងស្ថានការណ៍វិវត្តចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា ផលប៉ះពាល់នៃជម្លោះចំពោះសណ្ដាប់ធ្នាប់ និងការវិវត្តនយោបាយនៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន។

កិច្ចពិភាក្សាតុមូលនាឱកាសនេះ ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់៖

១. ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

២. ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្ដេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា

៣. លោកបណ្ឌិត ដៀប សុផល អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ

៤. លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា

ក្នុងឱកាសអញ្ជើញបកស្រាយអំពីស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ានេះ ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ បានធ្វើបទបង្ហាញដោយផ្ដោតលើ បរិបទនៃការបម្រែបម្រួលតុល្យភាពអំណាចពិភពលោក និងការវិវត្តនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាក្នុងតំបន់ និងពិភពលោក ដែលមានភាពជាប់ពាក់ព័ន្ធគ្នាយ៉ាងស្អិតល្មួតជាខ្លាំង។ ឯកឧត្ដមបណ្ឌិតបន្តថា បញ្ហាមជ្ឈិមបូព៌ា គឺជាសំណុំរឿដែលលំបាកក្នុងការដោះស្រាយបំផុតនៅក្នុងពិភពលោក ដោយសារតែនរណាក៏ចង់មានឥទ្ធិពលលើតំបន់នេះ និងក៏ព្រោះតែតំបន់នេះគឺជាស្តុកប្រេងដ៏ធំរបស់ពិភពលោក ដែលចាក់ស្រែះទៅដោយផលប្រយោជន៍របស់មហាអំណាច។ ទោះជាយ៉ាងណា សម្រាប់ការយល់ឃើញរបស់ឯកឧត្ដមបណ្ឌិតផ្ទាល់ មហាអំណាចទាំង៣ដែលកំពុងមានឥទ្ធិពលយ៉ាងធំធេងនៅក្នុងតំបន់មជ្ឈិមបូព៌ា ពិតជាមិនចង់ឱ្យផ្ទុះនូវសង្គ្រាមបន្ថែមទៀតនៅក្នុងតំបន់ជាយុទ្ធសាស្ត្រមួយនេះឡើយ ហើយការសម្រេចបាននូវតុល្យភាពយោធារវាងប្រទេសនៅក្នុងតំបន់ ក៏ជាបច្ច័យមួយដែលនាំទៅដល់ការធានាបានថា តំបន់នេះ នឹងមិនមានផ្ទុះសង្គ្រាមរវាងប្រទេសនឹងប្រទេស បន្ថែមទៀតនោះដែរ។

សម្រាប់លោកបណ្ឌិត ដៀប សុផល ការវិវត្តនៃវិបត្តិនៅមជ្ឈិមបូព៌ា ត្រូវបានលោកបណ្ឌិតបានចាត់ទុកជាបញ្ហាធំទី២ បន្ទាប់ពីបញ្ហានៅតំបន់អឺរ៉ុប ដែលជះឥទ្ធិពលដល់ពិភពលោកទាំងមូល។ លោកបណ្ឌិតបន្តថា សម្រាប់អ្នកប្រវត្តិសាស្ត្រ គេត្រូវរកឱ្យឃើញនូវកត្តាសន្មត់សត្យានុម័ត និងកត្តាអត្តនោម័ត ដែលកើតឡើង ដោយសារ តែតំបន់នេះសម្បូរប្រេង ឬដោយសារតែការកកើតឡើងនូវរដ្ឋអ៊ីស្រាអែល។ លោកបណ្ឌិតបានបន្ថែមទៀតថា នៅក្នុងតំបន់នេះមិនមែនមានត្រឹមតែប្រទេសកាន់សាសនាអ៊ិស្លាមនោះទេ គឺមានក្រុមប្រទេសកាន់គ្រិស្តសាសនា និងក្រុមឃើដជាដើម។ លើសពីនេះ មហាអំណាចតែងតែលូកដៃចូលទៅក្នុងបញ្ហាតំបន់នេះជាញឹកញាប់ ដោយសារតែការប្រឈមគ្នារវាងក្រុមប្រកាន់សាសនាផ្សេងៗគ្នា ដែលគេបានយកសាសនាជាឈ្នាន់ដើម្បីទៅកកូរកកាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រុមកាន់សាសនាអ៊ិស្លាមក៏មានការបែងចែកច្រើនដូចជា ក្រុមជ្រុលនិយម ក្រុមកណ្ដាលនិយម និងក្រុម Fundamentalism (ការដឹកនាំដោយយកសាសនាជាស្ថាប័នកំពូល) ដែលធ្វើឱ្យអ្នកកាន់សាសនាអ៊ិស្លាម ងាយប្រឈមមុខនឹងទំនាស់។

សម្រាប់លោក ពុយ គា លោកបានបានធ្វើបទបង្ហាញដោយផ្ដោតទៅលើ និន្នការរបស់ប្រទេសធំៗ ដែលបង្កើនថវិកាវិស័យយោធាស្ទើរតែគ្រប់ប្រទេសទាំងអស់ ដោយសារតែជម្លោះ និងភាពតានតឹងក្នុងតំបន់នានា ស្របពេលដែលប្រទេសទាំងអស់ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចរៀងៗខ្លួន។ ជាមួយគ្នានេះ លោកក៏បន្តលើកឡើងអំពីជំនួយថ្មីដែលសហរដ្ឋអាម៉េរិកបានអនុម័តថវិការហូតដល់៩៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដែលក្នុងនោះក៏មានជំនួយដល់ប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

ចំណែក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាវាគ្មិនទីបួន ឯកឧត្ដមបានធ្វើបទបង្ហាញដោយផ្ដោតលើ ៥ចំណុចគឺ៖ ការបង្កើតរដ្ឋអ៊ីស្រាអែល ប្រវត្តិសង្គ្រាមអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់និងការឆ្លើយតបរបស់អ៊ីរ៉ង់ និងនយោបាយតាប៊ីយែររបស់មហាអំណាច។ ឯកឧត្ដមបណ្ឌិតសភាចា រ្យ បានគូសបញ្ជាក់អំពីប្រវត្តិនៃការបាត់បង់ទឹកដីអស់រយៈពេលជាង២ពាន់ឆ្នាំរបស់ជនជាតិជ្វីហ្វ និងការវិលត្រឡប់មកកាន់កាប់អតីតទឹកដីរបស់ខ្លួនពីសំណាក់ជនជាតិនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ តាមរយៈការជួយជ្រោមជ្រែងពីសំណាក់មហាអំណាច និងអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានលើកឡើងអំពីសង្គ្រាម ដែលអ៊ីស្រាអែលត្រូវប្រឈមមុខនឹងក្រុមប្រទេសអារ៉ាប់ដែលប៉ុនប៉ងរំលាយរដ្ឋអ៊ីស្រាអែលពីផែនទីពិភពលោក ការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវជុំទិស ជាមួយនឹងស្មារតីស្នេហាជាតិដ៏មុះមុតរបស់ជនជាតិជ្វីហ្វ ដើម្បីរក្សាអត្ថិរភាពរបស់ប្រជាជាតិខ្លួន។ នៅក្នុងចំណុចសង្គ្រាមជាមួយបណ្ដាប្រទេសអារ៉ាប់នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងសង្កត់ធ្ងន់អំពីចំណុចជាយុទ្ធសាស្ត្រដែលអ៊ីស្រាអែលបានវាយបកហើយកាន់កាប់លើព្រែកជីកស៊ុយអេ ដែលនៅពេលនោះត្រូវបានទទួលការគាំទ្រពីសហរដ្ឋអាម៉េរិក ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរថា អាម៉េរិកបានគាំទ្រករណីព្រែកជីកស៊ុយអេ ចុះហេតុអ្វីបានជាសហរដ្ឋអាម៉េរិកមកដាក់បន្ទុកលើកកម្ពុជា សម្រាប់ករណីគម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទៅវិញ?

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា «ត្រង់ចំណុចនេះ មានអ្នកនយោបាយខ្មែរនៅក្រៅប្រទេសខ្លះ បែរជាដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន មកចោទប្រកាន់គម្រោងព្រែកជីករបស់កម្ពុជានេះទៅវិញ»។

ចំពោះយុទ្ធសាស្ត្រនយោបាយតាប៊ីយែររបស់មហាអំណាច នៅក្នុងតំបន់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានពន្យល់ថា ដើម្បីដុតបញ្ឆេះបញ្ហាឱ្យអាម៉េរិកចំណាយថវិកា បញ្ជៀសការយកចិត្តុទុកដាក់របស់មហាអំណាចអាម៉េរិក កុំផ្ដោតតែទៅលើបញ្ហាអ៊ុយក្រែននោះ មហាអំណាចរុស្ស៊ីក៏បានបង្វែរស្ថានការណ៍ក្នុងតំបន់ផ្សេងៗគ្នា ដោយក្នុងនោះ បានជំរុញឱ្យកូរ៉េខាងជើងសាកល្បងអាវុធ និងបង្កើតបញ្ហាវាយប្រហាររបស់ក្រុមហាម៉ាស់ទៅអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាម៉េរិកនៅក្នុងតំបន់ និងភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ឱ្យចាប់ផ្ដើមផ្ទុះឡើង។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា ថ្វីដ្បិតតែស្ថានការណ៍នៅទូទាំងពិភពលោកមានសភាពតានតឹង និងស្ទើរតែឈានទៅផ្ទុះជាជម្លោះទ្រង់ទ្រាយធំក្ដី ក៏ប៉ុន្តែសង្គ្រាមលោកលើកទី៣ នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគេមិនទាន់ស្វែងរកពិភពលោកថ្មីណាមួយដើម្បីឱ្យមនុស្សជាតិអាចរស់នៅបាននោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» មិនមែនជាការរើសអើងទេ ដោយ៖ បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រ...

2020-03-23 09:46:36   ថ្ងៃចន្ទ, 23 មីនា 2020 ម៉ោង 04:46 PM
សិទ្ធិនារីក្នុងបរិបទសម័យទំនើប

ទិវានារីអន្តរជាតិ៨មីនា ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំឭកអបអរសាទរនូវប្រវត្តិនៃការទាមទារសិទ្ធិរបស់ខ្លួន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិប្រារព្ធនិងអបអរសាទរផងដែរ លើសពីទៅទៀតក៏មានប្រទ...

2020-03-22 15:27:24   ថ្ងៃអាទិត្យ, 22 មីនា 2020 ម៉ោង 10:27 PM
ហេតុអ្វីខ្លាចតែប្រទេសចិន​? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្...

2020-03-21 15:25:11   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 10:25 PM
តើពលរដ្ឋកម្ពុជាកំពុងខ្វះអ្វី? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

បើសិនជាយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា នោះយើងនឹងបានឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏កំសត់ និងបានឆ្លងកាត់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលអស់កាលជាច្រើនសតវត្ស។ បើសិនជាយើងពិនិត្យម...

2020-03-21 08:04:02   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 03:04 PM
សហរដ្ឋអាម៉េរិកនិងចិនសាចទឹកដាក់គ្នារឿង COVID-19 ដោយ៖បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតមកដល់ពេលនេះ COVID-19 បានវាយលុកចូលដល់ប្រទេសនិងដែនដីសរុបជាង ១៧០ ហើយ នៅ ទូទាំងសកលលោក។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួនជាង ២០០, ០០០ នាក់ ក្នុងនោះអ្នកស្លាប់មានជិត១០,០០០នាក់ និងជា...

2020-03-20 02:22:27   ថ្ងៃសុក្រ, 20 មីនា 2020 ម៉ោង 09:22 AM
បណ្ឌិត គិន ភា៖ សូមបងប្អូនខ្មែរឥស្លាមទាំងអស់រឹងប៉ឹងឡើងនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងអស់គ្នា

ខណៈពេលបងប្អូនខ្មែរឥស្លាមសរុបចំនួន ២៤នាក់មានផ្ទុកជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងមានការរាតត្បាតជាសកល ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ញើសារលើក...

2020-03-19 23:16:01   ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 06:16 AM

សេចក្តីប្រកាស