ព័ត៌មាន

ព្រែកជីកហ្វូណនតេជោ សមិទ្ធផលមិនធ្លាប់មានក្នុងរយៈពេលជាង ៤០០ឆ្នាំ និងជានិមិត្តរូបនៃស្មារតីឯកភាពជាតិដ៏មោះមុតបំផុតរបស់ខ្មែរ

2024-04-27 06:38:58 ថ្ងៃសៅរ៍, 27 មេសា 2024 ម៉ោង 01:38 PM
អ្នកមើល 6409
post_detail

ដោយ៖ លឹម សុវណ្ណរិទ្ធ

​ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា​បានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅ​តំបន់ដីសណ្ដទន្លេមេគង្គ (បច្ចុប្បន្ន​ជាដែនដីភាគខាងត្បូងរបស់ប្រទេសវៀតណាម) ព្រម​ទាំងកំពង់ផែធំៗចំនួន៣ នៅក្នុង​សតវត្ស​ទី​១៦ នៃគ្រិស្តសករាជ ដែលជាផ្លូវគមនាគមន៍​ដ៏​សំខាន់ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ទូត​របស់ប្រទេសកម្ពុជាជាមួយនឹង​បណ្ដា​ប្រទេសក្នុងតំបន់ និងពិភពលោក។ ការបាត់បង់អតីតដែនដី​របស់​ខ្មែរខាងលើនេះ កើត​មានឡើងតាមរយៈការដែលមេដឹកនាំខ្មែរនាពេលនោះ អនុញ្ញាតឱ្យប្រទេស​ជិត​ខាង​ខ្ចីដីនៅតំបន់ដីដណ្ដទន្លេមេគង្គខាងលើនេះ ដើម្បីបង្កបង្កើនផលស្រូវ និង​ហ្វឹក​ហាត់​កងទ័ព​ដើម្បី​ធ្វើ​សង្គ្រាម​ទប់ទល់នឹងប្រទេសមួយផ្សេងទៀត។

​៤០០ឆ្នាំក្រោយមក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានសិក្សារៀបចំគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា​ការ​កសាងផ្លូវទឹកជាច្រកទៅកាន់សមុទ្រ​លើក​ដំបូង​បង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈ​កាល​ចុងក្រោយនេះ ដែលនឹងផ្ដល់នូវផលប្រយោជន៍ដ៏​ច្រើន​សន្ធឹក​សន្ធាប់សម្រាប់ប្រទេស​កម្ពុជា​ទាំង នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងចូលរួម​ចំណែក​នៅ​ក្នុងការពារ​និង​ថែ​រក្សាប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅក្នុងតំបន់។

​ទោះជាយ៉ាងណា ក្រោយការលើកឡើងអំពីគម្រោងកសាង​ព្រែកជីកហ្វូណន​តេជោ​របស់​កម្ពុជា​នេះ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើងដោយសហរដ្ឋអាម៉េរិក និងវៀតណាម ដែលជាប្រទេសជិតខាង​កម្ពុជា ដែលការលើកឡើងនេះមានបង្កប់នូវចរិតភូមិសាស្ត្រនយោបាយ ដោយ​ចោទ​ប្រកាន់អំពីផលប៉ះពាល់បរិស្ថាន និង​ការមួលបង្កាច់ថា គោល​បំណង​ពិត​ប្រាកដ​របស់​ព្រែកជីកនេះគឺបម្រើឱ្យយុទ្ធ​សាស្ត្រយោធា​របស់​ចិន​ទៅ​វិញ។

​ការយកគម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើជាប្រធានបទសម្រាប់របៀប​វារៈ​នយោបាយ ដើម្បី​ចោទ​ប្រកាន់​មួលបង្កាច់មកលើប្រទេសកម្ពុជានេះ ត្រូវបានបញ្ញវន្ត និង​អ្នក​ស្រាវជ្រាវកម្ពុជាបកស្រាយ និង​បំភ្លឺ​ជា​បន្តបន្ទាប់ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋ​កិច្ច សង្គម ប្រវត្តិសាស្ត្រ និងបច្ចេកទេស។ ថ្វីដ្បិត​តែ​ដោយ​សារផលប្រយោជន៍ និងយុទ្ធ​សាស្ត្រ​នយោបាយ គេនឹងមិនទទួលយកការបកស្រាយទាំងនេះក្ដី ក៏​ប៉ុន្តែការ​ពន្យល់​បក​ស្រាយ​របស់ក្រុមបញ្ញវន្តកម្ពុជា ពិតជាបានជ្រួតជ្រាបនៅក្នុង​ចំណោម​ស្រទាប់​យុវជន អ្នក​សិក្សា​ស្រាវជ្រាវ និងសាធារណៈមតិជាតិ ដែលចំណុចនេះអាចបង្ហាញឱ្យឃើញជាក់​ស្ដែង​តាម​រយៈ ការមិនអើពើទៅនឹងពាក្យញុះញង់និងមួលបង្កាច់របស់បរទេស ក៏ដូចជាអតីតមេដឹក​នាំ​ក្រុមប្រឆាំង​ដែល​កំពុង​និរទេសនៅបរទេស ពីសំណាក់ប្រជាជនខ្មែរនោះឡើយ។ ប្រការ​នេះ​បង្ហាញឱ្យឃើញផងដែរថា ប្រជាជនខ្មែរពិតជាមានការពិចារណាយ៉ាងហ្មត់ចត់ និង​គ្រប់​ជ្រុងជ្រោយទៅលើបញ្ហា​ដែល​ជា​ឧត្ដម​ប្រយោជន៍​ជាតិ មិនប្រតិកម្ម ឬជ្រួលច្របល់​ទៅ​តាម​ការញុះញង់មួលបង្កាច់ និងបង្ខូចការពិត ដោយគ្មាន​ការ​ថ្លឹង​ថ្លែងទៅលើហេតុផល ដំណើរវិវត្ត និងតម្រូវជាក់ស្ដែងនៃសង្គមជាតិរបស់ខ្លួនឡើយ។

​នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​បាន​លើក​ឡើងអំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជារដ្ឋ​ឯករាជ្យ អធិបតេយ្យ និងមាន​បូរណ​ភាពពេញលេញស្របតាមច្បាប់អន្តរជាតិ ក្នុងការ​សម្រេច​នូវ​ជោគ​វាសនា និងការអភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្លួន។ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» ព្រម​ទាំង​បាន​សន្យា​ដាក់​ជីវិត​ក្នុងកសាងព្រែកជីក​នេះ​ឱ្យបានថែមទៀតផង។

​តាមរយៈការប្រកាសអំពីឆន្ទៈដ៏មោះមុត ហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ ជាមួយនឹងទស្សនវិស័យដ៏វែងឆ្ងាយនេះ មេដឹកនាំកម្ពុជាពិតជានឹង​សម្រេច​បាន​នូវ​សមិទ្ធផលព្រែកជីក ដែល​ជា​ច្រក​ផ្លូវទឹកទៅកាន់សមុទ្រជាប្រវត្តិសាស្ត្រដែល​មិនអាច​កាត់​ថ្លៃ​បានក្នុងរយៈពេលជាង៤០០ឆ្នាំចុងក្រោយ ក៏​ដូច​ជានឹងក្លាយ​ទៅជាមូលដ្ឋាន​ដ៏​សំខាន់ នៅក្នុងការធានាបាននូវឯករាជ្យភាពខាងសេដ្ឋកិច្ច និងការ​ដោយ​ឈរ​លើមូលដ្ឋាន​ទស្សន​វិជ្ជាបែបខ្មែរ បង្កើតឡើងដោយកុលបុត្រខ្មែរ និងសម្រាប់ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ​សុទ្ធសាធ។

​«ព្រែកជីកហ្វូណនតេជោ» នេះ ក៏នឹងក្លាយទៅជានិមិត្តរូបនៃការបង្រួបបង្រួមស្មារតី​ជាតិ​​ដ៏​មោះ​មុត​បំផុត តាមរយៈឆន្ទៈនយោបាយរបស់មេដឹកនាំខ្មែរ គឺសម្ដេចតេជោ និង​សម្ដេចធិបតី ហើយស្មារតីជាតិនេះ​មិន​ត្រឹមតែបានជ្រួតជ្រាបនិងទទួលយកពីសំណាក់​មហាជន​ខ្មែរ​ប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទទួលស្គាល់ និង​គាំទ្រ​ពីសំណាក់សមាជិកនិងអតីត​សមាជិក​ក្រុមប្រឆាំង បើទោះបីជាអ្នកខ្លះបានចេញមុខអបអរសាទរ និង​គាំទ្រ ហើយអ្នកខ្លះ​មិន​បានបង្ហាញការគាំទ្រឱ្យឃើញជាសកម្មភាព ឬពាក្យសម្ដីក្ដី ក៏ក្នុងនាមជាជនជាតិខ្មែរ ក្រុមប្រឆាំងឬអ្នក​នយោបាយ​ជំទាស់ទាំងនោះ ពិតជាបានមើលឃើញអំពីសារៈប្រយោជន៍ដ៏ឧតុង្គឧត្ដមនៃគម្រោង​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រនេះ តាមរយៈការរក្សាភាពស្ងប់ស្ងៀម និងទន្ទឹងរង់ចាំ​មើលសមិទ្ធផលនេះសម្រេចបាននាពេលខាងមុខ។

​ជាការពិតដែលឥតប្រកែកបាន «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាសមិទ្ធផល​ដែលត្រូវ​តែ​សម្រេចឱ្យខានតែបាន ទោះបីជាមានការជំទាស់ ឬចោទប្រកាន់មួលបង្កាច់​ដោយ​គ្មានការពិត​ពីសំណាក់​មជ្ឈដ្ឋានខាងក្រៅណាមួយក្ដី ព្រោះគម្រោងនេះគឺជា​គម្រោង​ដែល​មានអត្ថន័យជាប្រវត្តិសាស្ត្រ ជាឧត្ដម​ប្រយោជន៍ជាតិ ដែលខ្មែរគ្រប់រូប​ត្រូវចូលរួម​ចំណែក​ជំរុញសម្រេចឱ្យបាន ហើយមានតែខ្មែរ​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍ជាតិ និង​បម្រើ​ឱ្យយុទ្ធសាស្ត្របរទេសប៉ុណ្ណោះ ដែលជំទាស់ និងមិនចូលរួមនៅក្នុង​គម្រោង​ដ៏មាន​សារៈ​សំខាន់នេះ។

​ការជំរុញឱ្យគម្រោងជីកព្រែកនេះក្លាយទៅជាចលនាជាតិទាំងមូល ពីសំណាក់​សម្ដេច​តេជោ ហ៊ុន សែន គឺជាយុទ្ធសាស្ត្រដ៏វិសេសវិសាលមួយ ដែលនឹងបង្ហាញឱ្យឃើញ​កាន់​តែច្បាស់អំពី ស្មារតីរួប​រួមគ្នា​នៃ​ប្រជាជាតិដែលមានអរិយធម៌ចំណាស់នៅអាស៊ីអាគ្នេយ៍ ការ​បង្ហាញអំពីទស្សនៈជាតិរួមជាធ្លុងមួយ នៅក្នុងការ​កសាងសមិទ្ធផល​សម្រាប់បន្សល់​ដល់​មនុស្ស​ជំនាន់ក្រោយ ដូចដែលដូនតាខ្មែរនៅស្ទើគ្រប់សម័យកាល ពិសេស​បុព្វបុរស​សម័យ​មហា​នគរ បន្សល់ទុកនូវមរតកដ៏មហស្ចារ្យ ទាំងរូបី និងអរូបីដល់យើងដែលជាកូន​ចៅ​ជំនាន់​ក្រោយ។

​ការកសាង «ព្រែកជីកហ្វូណនតេជោ» ដែលជាច្រកផ្លូវទឹកទៅកាន់សមុទ្រជាលើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រជាង៤០០ឆ្នាំចុងក្រោយនេះ តាមរយៈគំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេជោ និងឆន្ទៈដ៏មុតមាំ​ក្នុងសម្រេចឱ្យបាន​របស់សម្ដេចធិបតី គឺជាសក្ខីភាពដែល​មិនអាច​ប្រកែក​បាន ដែលលោកទាំងពីរពិត​ជាស័ក្តិសមបំផុតនឹងពាក្យថា «វរជន» របស់​ប្រជាជាតិ​ខ្មែរ ដោយមិនត្រឹមតែបានបន្សល់នូវសមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជា​មេដឹកនាំ ដែលបង្រួបបង្រួមស្មារតីឯកភាពជាតិ​ដ៏មោះមុត​របស់ខ្មែរនាសម័យទំនើប​នេះ៕

(អត្ថបទវិភាគខាងលើជាទស្សនៈផ្ទាល់ខ្លួនរបស់លោក លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការនៃរាជបណ្ឌិត្យសភាកម្ពុជា)

អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ »

កាលពីរសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុ...

2020-02-13 07:31:56   ថ្ងៃព្រហស្បតិ៍, 13 កុម្ភៈ 2020 ម៉ោង 02:31 PM
សញ្ញាណនៃវប្បធម៌វិទ្យា An Inroduction to Culturology ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា​​

RAC Mediaប្រភព៖ វិទ្...

2020-02-12 14:51:51   ថ្ងៃពុធ, 12 កុម្ភៈ 2020 ម៉ោង 09:51 PM
«ផលប៉ះពាល់នៃមេរោគកូរ៉ូណាមកលើវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

(រូបភាពពី METRO News)ការកើតឡើង និងការរីករាលដាលនៃមេរោគកូរ៉ូណា តាំងពីចុងឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន កំពុងតែបង្កើតឱ្យមានបញ្ហាជាច្រើនដល់ពិភពលោក ទាំងសុខភាពសាកល ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតយ៉ាងធ...

2020-02-12 09:30:29   ថ្ងៃពុធ, 12 កុម្ភៈ 2020 ម៉ោង 04:30 PM
«មេរោគកូរ៉ូណាថ្មីនិងការឆ្លើយតបរបស់ពិភពលោក» ដោយលោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

(រូបភាពកូរ៉ូណារីរុស ពី Scientist Magazine)មេរោគកូរ៉ូណាថ្មីនេះ មានឈ្មោះជាផ្លូវការថា Covid-19 ជាមេរោគអម្បូរតែមួយជាមួយនឹងមេរោគសារ្ស៍ (SARS-CoV) កាលពី២០០២ និង មេរោគមឹរ្ស៍ (MERS-CoV) នៅឆ្នាំ២០១២។ មេរោគកូរ៉...

2020-02-12 05:08:32   ថ្ងៃពុធ, 12 កុម្ភៈ 2020 ម៉ោង 12:08 PM
«ជំនួបពិភាក្សាការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា NRC កូរ៉េ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជំុពិភាក្សាការងារជាមួយក្រុមប្រឹក្សាជា...

2020-02-11 11:21:17   ថ្ងៃអង្គារ, 11 កុម្ភៈ 2020 ម៉ោង 06:21 PM
«រាជបណ្ឌិត្យសភាកម្ពុជា និង NRCកូរ៉េនឹងសហការរួមគ្នារៀបចំគម្រោងស្រាវជ្រាវស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ...

2020-02-11 02:39:04   ថ្ងៃអង្គារ, 11 កុម្ភៈ 2020 ម៉ោង 09:39 AM

សេចក្តីប្រកាស