Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ (បច្ចុប្បន្នជាដែនដីភាគខាងត្បូងរបស់ប្រទេសវៀតណាម) ព្រមទាំងកំពង់ផែធំៗចំនួន៣ នៅក្នុងសតវត្សទី១៦ នៃគ្រិស្តសករាជ ដែលជាផ្លូវគមនាគមន៍ដ៏សំខាន់ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតរបស់ប្រទេសកម្ពុជាជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ ការបាត់បង់អតីតដែនដីរបស់ខ្មែរខាងលើនេះ កើតមានឡើងតាមរយៈការដែលមេដឹកនាំខ្មែរនាពេលនោះ អនុញ្ញាតឱ្យប្រទេសជិតខាងខ្ចីដីនៅតំបន់ដីដណ្ដទន្លេមេគង្គខាងលើនេះ ដើម្បីបង្កបង្កើនផលស្រូវ និងហ្វឹកហាត់កងទ័ពដើម្បីធ្វើសង្គ្រាមទប់ទល់នឹងប្រទេសមួយផ្សេងទៀត។
៤០០ឆ្នាំក្រោយមក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសិក្សារៀបចំគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការកសាងផ្លូវទឹកជាច្រកទៅកាន់សមុទ្រលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈកាលចុងក្រោយនេះ ដែលនឹងផ្ដល់នូវផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសកម្ពុជាទាំង នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងចូលរួមចំណែកនៅក្នុងការពារនិងថែរក្សាប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅក្នុងតំបន់។
ទោះជាយ៉ាងណា ក្រោយការលើកឡើងអំពីគម្រោងកសាងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានេះ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើងដោយសហរដ្ឋអាម៉េរិក និងវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជា ដែលការលើកឡើងនេះមានបង្កប់នូវចរិតភូមិសាស្ត្រនយោបាយ ដោយចោទប្រកាន់អំពីផលប៉ះពាល់បរិស្ថាន និងការមួលបង្កាច់ថា គោលបំណងពិតប្រាកដរបស់ព្រែកជីកនេះគឺបម្រើឱ្យយុទ្ធសាស្ត្រយោធារបស់ចិនទៅវិញ។
ការយកគម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើជាប្រធានបទសម្រាប់របៀបវារៈនយោបាយ ដើម្បីចោទប្រកាន់មួលបង្កាច់មកលើប្រទេសកម្ពុជានេះ ត្រូវបានបញ្ញវន្ត និងអ្នកស្រាវជ្រាវកម្ពុជាបកស្រាយ និងបំភ្លឺជាបន្តបន្ទាប់ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម ប្រវត្តិសាស្ត្រ និងបច្ចេកទេស។ ថ្វីដ្បិតតែដោយសារផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយ គេនឹងមិនទទួលយកការបកស្រាយទាំងនេះក្ដី ក៏ប៉ុន្តែការពន្យល់បកស្រាយរបស់ក្រុមបញ្ញវន្តកម្ពុជា ពិតជាបានជ្រួតជ្រាបនៅក្នុងចំណោមស្រទាប់យុវជន អ្នកសិក្សាស្រាវជ្រាវ និងសាធារណៈមតិជាតិ ដែលចំណុចនេះអាចបង្ហាញឱ្យឃើញជាក់ស្ដែងតាមរយៈ ការមិនអើពើទៅនឹងពាក្យញុះញង់និងមួលបង្កាច់របស់បរទេស ក៏ដូចជាអតីតមេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេសនៅបរទេស ពីសំណាក់ប្រជាជនខ្មែរនោះឡើយ។ ប្រការនេះបង្ហាញឱ្យឃើញផងដែរថា ប្រជាជនខ្មែរពិតជាមានការពិចារណាយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើបញ្ហាដែលជាឧត្ដមប្រយោជន៍ជាតិ មិនប្រតិកម្ម ឬជ្រួលច្របល់ទៅតាមការញុះញង់មួលបង្កាច់ និងបង្ខូចការពិត ដោយគ្មានការថ្លឹងថ្លែងទៅលើហេតុផល ដំណើរវិវត្ត និងតម្រូវជាក់ស្ដែងនៃសង្គមជាតិរបស់ខ្លួនឡើយ។
នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងអំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យ និងមានបូរណភាពពេញលេញស្របតាមច្បាប់អន្តរជាតិ ក្នុងការសម្រេចនូវជោគវាសនា និងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» ព្រមទាំងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបានថែមទៀតផង។
តាមរយៈការប្រកាសអំពីឆន្ទៈដ៏មោះមុត ហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បីឧត្ដមប្រយោជន៍ជាតិ ជាមួយនឹងទស្សនវិស័យដ៏វែងឆ្ងាយនេះ មេដឹកនាំកម្ពុជាពិតជានឹងសម្រេចបាននូវសមិទ្ធផលព្រែកជីក ដែលជាច្រកផ្លូវទឹកទៅកាន់សមុទ្រជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានក្នុងរយៈពេលជាង៤០០ឆ្នាំចុងក្រោយ ក៏ដូចជានឹងក្លាយទៅជាមូលដ្ឋានដ៏សំខាន់ នៅក្នុងការធានាបាននូវឯករាជ្យភាពខាងសេដ្ឋកិច្ច និងការដោយឈរលើមូលដ្ឋានទស្សនវិជ្ជាបែបខ្មែរ បង្កើតឡើងដោយកុលបុត្រខ្មែរ និងសម្រាប់ផលប្រយោជន៍ប្រជាជាតិខ្មែរសុទ្ធសាធ។
«ព្រែកជីកហ្វូណនតេជោ» នេះ ក៏នឹងក្លាយទៅជានិមិត្តរូបនៃការបង្រួបបង្រួមស្មារតីជាតិដ៏មោះមុតបំផុត តាមរយៈឆន្ទៈនយោបាយរបស់មេដឹកនាំខ្មែរ គឺសម្ដេចតេជោ និងសម្ដេចធិបតី ហើយស្មារតីជាតិនេះមិនត្រឹមតែបានជ្រួតជ្រាបនិងទទួលយកពីសំណាក់មហាជនខ្មែរប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទទួលស្គាល់ និងគាំទ្រពីសំណាក់សមាជិកនិងអតីតសមាជិកក្រុមប្រឆាំង បើទោះបីជាអ្នកខ្លះបានចេញមុខអបអរសាទរ និងគាំទ្រ ហើយអ្នកខ្លះមិនបានបង្ហាញការគាំទ្រឱ្យឃើញជាសកម្មភាព ឬពាក្យសម្ដីក្ដី ក៏ក្នុងនាមជាជនជាតិខ្មែរ ក្រុមប្រឆាំងឬអ្នកនយោបាយជំទាស់ទាំងនោះ ពិតជាបានមើលឃើញអំពីសារៈប្រយោជន៍ដ៏ឧតុង្គឧត្ដមនៃគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ តាមរយៈការរក្សាភាពស្ងប់ស្ងៀម និងទន្ទឹងរង់ចាំមើលសមិទ្ធផលនេះសម្រេចបាននាពេលខាងមុខ។
ជាការពិតដែលឥតប្រកែកបាន «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាសមិទ្ធផលដែលត្រូវតែសម្រេចឱ្យខានតែបាន ទោះបីជាមានការជំទាស់ ឬចោទប្រកាន់មួលបង្កាច់ដោយគ្មានការពិតពីសំណាក់មជ្ឈដ្ឋានខាងក្រៅណាមួយក្ដី ព្រោះគម្រោងនេះគឺជាគម្រោងដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ជាឧត្ដមប្រយោជន៍ជាតិ ដែលខ្មែរគ្រប់រូបត្រូវចូលរួមចំណែកជំរុញសម្រេចឱ្យបាន ហើយមានតែខ្មែរដែលប្រឆាំងនឹងផលប្រយោជន៍ជាតិ និងបម្រើឱ្យយុទ្ធសាស្ត្របរទេសប៉ុណ្ណោះ ដែលជំទាស់ និងមិនចូលរួមនៅក្នុងគម្រោងដ៏មានសារៈសំខាន់នេះ។
ការជំរុញឱ្យគម្រោងជីកព្រែកនេះក្លាយទៅជាចលនាជាតិទាំងមូល ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺជាយុទ្ធសាស្ត្រដ៏វិសេសវិសាលមួយ ដែលនឹងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពី ស្មារតីរួបរួមគ្នានៃប្រជាជាតិដែលមានអរិយធម៌ចំណាស់នៅអាស៊ីអាគ្នេយ៍ ការបង្ហាញអំពីទស្សនៈជាតិរួមជាធ្លុងមួយ នៅក្នុងការកសាងសមិទ្ធផលសម្រាប់បន្សល់ដល់មនុស្សជំនាន់ក្រោយ ដូចដែលដូនតាខ្មែរនៅស្ទើគ្រប់សម័យកាល ពិសេសបុព្វបុរសសម័យមហានគរ បន្សល់ទុកនូវមរតកដ៏មហស្ចារ្យ ទាំងរូបី និងអរូបីដល់យើងដែលជាកូនចៅជំនាន់ក្រោយ។
ការកសាង «ព្រែកជីកហ្វូណនតេជោ» ដែលជាច្រកផ្លូវទឹកទៅកាន់សមុទ្រជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រជាង៤០០ឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ និងឆន្ទៈដ៏មុតមាំក្នុងសម្រេចឱ្យបានរបស់សម្ដេចធិបតី គឺជាសក្ខីភាពដែលមិនអាចប្រកែកបាន ដែលលោកទាំងពីរពិតជាស័ក្តិសមបំផុតនឹងពាក្យថា «វរជន» របស់ប្រជាជាតិខ្មែរ ដោយមិនត្រឹមតែបានបន្សល់នូវសមិទ្ធផលជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេដឹកនាំ ដែលបង្រួបបង្រួមស្មារតីឯកភាពជាតិដ៏មោះមុតរបស់ខ្មែរនាសម័យទំនើបនេះ៕
(អត្ថបទវិភាគខាងលើជាទស្សនៈផ្ទាល់ខ្លួនរបស់លោក លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការនៃរាជបណ្ឌិត្យសភាកម្ពុជា)
វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុច...
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានគូសបញ្ជាក់ថារាជបណ្ឌិត្យសភាកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការកសាងបដិមាទោលព្រះនាងឥន្ទ្រទេវី ដើម្បីបង្កើតស្មារតីស្រឡាញ់វប្បធម៌ជាតិ...
ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបាន ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន ដោយបានបន្តក្រើន...