ព័ត៌មាន

មន្ត្រីជំនាញនិងអ្នកស្រាវជ្រាវកម្ពុជា-ចិន យល់ស្របគ្នាទៅលើសារៈសំខាន់នៃការកែច្នៃសំរាម ដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ

2024-04-25 11:37:47 ថ្ងៃព្រហស្បតិ៍, 25 មេសា 2024 ម៉ោង 06:37 PM
អ្នកមើល 5759
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊ុន Jinshan Hi-Tech Group រៀបចំសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលរាជធានីភ្នំពេញ និងអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងអេកូបរិស្ថាន នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិនផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននារសៀលនេះ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថានកម្ពុជា បានលើកឡើងអំពី ការគ្រប់គ្រងសំណល់រឹងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានបញ្ហាប្រឈមចំនួន២គឺ ១. ការមិនបែងចែកសំរាម សំណល់រឹង និង២. កង្វះខាតនូវសេវាប្រមូល និងដឹកជញ្ជូន។ លោកបានគាំទ្រថា រាល់សំរាមទាំងអស់នៅលើពិភពលោក ទាមទារឱ្យមានការកែច្នៃសំរាមឱ្យបានអស់ពីលទ្ធភាពបំផុត ដើម្បីនិរន្តរភាពនៃបរិស្ថាន។

ចំណែកវាគ្មិនមួយរូបទៀតគឺ លោក នួន សំណាវុធ នាយកទីចាត់គ្រប់គ្រងសំរាម និងបរិស្ថាន នៃសាលារាជធានីភ្នំពេញ បានលើកឡើងអំពី ការគ្រប់គ្រងសំណលរឹងនៅរាជធានីភ្នំពេញ ដោយគូសបញ្ជាក់ថា សំរាមនៅទីលានចាក់សំរាមនៅខណ្ឌដង្កោបានកើនឡើងច្រើនជាលំដាប់ជារៀងរាល់ថ្ងៃ ដែលបណ្ដាលមកពីសំរាមទាំងនោះមិនត្រូវបានកែច្នៃឱ្យបានអស់លទ្ធភាព ដែលជាបញ្ហាមួយដែលត្រូវដោះស្រាយ។ លោក នួន សមណាវុធ បានគូសបញ្ជាក់ថា ទីលានចាក់សំរាមដែលមាននៅភ្នំពេញ នៅខណ្ឌដង្កោ បានឈានដល់អាយុកាលផុតកំណត់ប្រើប្រាស់ហើយ ប៉ុន្តែដោយសារតែទីលានចាក់សំរាមថ្មី ដែលសាលារាជធានីភ្នំពេញរៀបចំនៅផ្លូវ៥១មិនទាន់រួចរាល់ ទើបរដ្ឋបាលរាជធានីភ្នំពេញស្នើសុំគោលការណ៍រាជរដ្ឋាភិបាលបន្តប្រើប្រាស់ទីលានចាស់ដដែលសិន។ លោកបន្តថា សម្រាប់រាជធានីភ្នំពេញ សំរាមដែលត្រូវបានយកទៅចាក់ចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ពិតជាបានបង្កផលប៉ះពាល់ដល់បរិស្ថាន បរិយាកាស និងជាចំណែកមួយនៃការបង្កឧស្ម័នផ្ទះកញ្ចក់ផងដែរ។

សម្រាប់លោកបណ្ឌិត Chuanbin ZHOU អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវិទ្យាសាស្ត្រ អេកូបរិស្ថាន នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានគូសបញ្ជាក់ថា បញ្ហាសំរាមនៅទីក្រុង គឺជាបញ្ហាសំខាន់មួយ ដែលនេះក៏ជាកង្វល់របស់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាសមាជិកនៃអង្គការនេះព្រួយបារម្ភ អំពីការប្រែប្រួលអាកាសធាតុបង្កដោយសំណល់ទាំងអស់នេះផងដែរ។ លោកបានលើកឡើងអំពីបទពិសោធន៍នៃការដោះស្រាយបញ្ហាសំរាមនៅក្នុងប្រទេសចិន តាមរយៈយកកាកសំណល់នៅតំបន់ទីប្រជុំជននិងទីក្រុងមកកែច្នៃធ្វើជាជីដើម្បីដាំដំណាំ និងការកាត់បន្ថយការបំពុលដោយប្លាស្ទិក តាមរយៈការកាត់បន្ថយការផលិតប្លាស្ទិក ការបែងចែកប្រភេទសំរាម និងធ្វើការស្រាវជ្រាវអំពីប្រភពសំរាមប្លាស្ទិកដែលនៅក្នុងនិងលើដី និងនៅក្នុងទឹកទន្លេជាដើម។

រីឯលោក LIU Jianjun អនុប្រធានក្រុមហ៊ុន Jinshan Hi-Tech Group បានលើកឡើងអំពីការបំពុលបរិស្ថានយ៉ាងខ្លាំង ដោយសារតែការបោះចោលសំរាម កប់សំរាម ពិសេសការដុតសំរាម ដែលជាហេតុផលនាំឱ្យក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាកែច្នៃសំរាម ដោយដំណើរការគឺ ប្រមូលសំរាមទៅសម្លាប់មេរោគ និងបែងចែកប្រភេទសំរាមដោយម៉ាស៊ីនស្វ័យប្រវត្តិ ដូចជាសំរាមជាលោហៈធាតុ សំរាមសល់ពីការសាងសង់ និងប្លាស្ទិក។ លោកក៏បានលើកឡើងបន្ថែមផងដែរថា សំរាមដែលបែងចែករួច អាចផលិតបានជាជីសរីរាង្គ ជាជ័រការ៉ូដើម្បីក្រាលប្រើប្រាស់។ ចំណែកឯសំរាមជាលោហៈធាតុ ត្រូវប្រមូលដាក់មួយឡែក ហើយលក់ឱ្យក្រុមហ៊ុនប្រមូលទិញលោហៈធាតុ។ បើតាមលោក LIU Jianjun សំរាមប្លាស្ទិក គេអាចកែច្នៃផលិតទៅជាប្រេងសម្រាប់ប្រើប្រាស់ និងជាប្រេងសម្រាប់ផលិតអគ្គិសនី បម្រើជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Jinshan Hi-Tech Group នៅរាជធានីភ្នំពេញ អាចមានសំរាម ៣ ៧០០ តោនក្នុង១ថ្ងៃ ស្មើនឹង៦០%នៃសំរាមនៅទូទាំងប្រទេស ហើយទីលានចាក់សំរាមនៅខណ្ឌដង្កោនឹងពេញនៅក្នុងឆ្នាំ២០២៤នេះ ដែលទាមទារឱ្យមានការដោះស្រាយនៅចំពោះមុខ ស្របពេលដែលសាលារាជធានីភ្នំពេញ ក៏កំពុងរៀបចំទីលានចាក់សំរាមថ្មី នៅឯទីតាំងស្ថិតនៅជាប់នឹងផ្លូវ៥១ផងដែរ៕



  



 




RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«ទំនាក់ទំនងការទូតកម្ពុជាអាម៉េរិកមុនសម័យកម្ពុជាប្រជាធិបតេយ្យ» ដោយ ស៊ឺន សម

ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...

2019-01-24 08:02:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 03:02 PM
«ស្រុកតាំងគោក៖ ស្រុកបង្កើតថ្មី ក្នុងទឹកដីកំពង់ធំ»

ដោយយោងតាមអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយ ដោយកាត់ឃុំចេញ​ពីស្រុកបារាយណ៍ បន្ថែមទៅលើស្រុក​ ក្រុង ដ...

2019-01-22 04:26:20   ថ្ងៃអង្គារ, 22 មករា 2019 ម៉ោង 11:26 AM
«សាកលវិទ្យាល័យ Northwestern Polytechnical University មកបំពេញទស្សនកិច្ចនៅរាជ បណ្ឌិត្យសភាកម្ពុជា» ដោយ៖ ស៊ឺន សម

នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...

2019-01-20 04:47:39   ថ្ងៃអាទិត្យ, 20 មករា 2019 ម៉ោង 11:47 AM
«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...

2019-01-17 07:05:30   ថ្ងៃព្រហស្បតិ៍, 17 មករា 2019 ម៉ោង 02:05 PM
«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM

សេចក្តីប្រកាស