Royal Academy of Cambodia
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ «ខ្មែរក្រហម»
បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជនក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរំដោះហើយ។ ប៉ុន្តែ ក្តីស្រមៃរបស់ពួកគេត្រូវរលាយសាបសូន្យ។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។
តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណជិត២លាននាក់បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង។
ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៥ សំណេររដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័តដោយសមាជិកចំនួនមួយពាន់នាក់ក្នុងមហាសន្និបាតជាតិនៅទីក្រុងភ្នំពេញ ហើយត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការថា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនេះពុំបានធានាសិទ្ធិមនុស្សឡើយ បានកំណត់នូវអង្គការរដ្ឋាភិបាលតែមួយចំនួនតូច និងបានលុបចោលកម្មសិទ្ធិសួនតួ ស្ថាប័នសាសនា និងផលិតកម្មកសិកម្មសម្រាប់ចិញ្ចឹមក្រុមគ្រួសារ។ រដ្ឋធម្មនុញ្ញនេះពុំបានលើកឡើងពីគំរូណាមួយទេ តែបានបដិសេធនូវសម្ព័ន្ធភាពឬជំនួយបរទេស ហើយពុំបានចែងអ្វីអំពីបក្សកុម្មុយនីស្តកម្ពុជាឬអំពីទ្រឹស្តីម៉ាក្សលេនីនឡើយ។ ផ្ទុយទៅវិញរបបនេះ បានធ្វើឱ្យបដិវត្តន៍នោះ មានលក្ខណៈដូចជាខ្មែរសុទ្ធសាធដោយគ្មានទំនាក់ទំនងទៅនឹងពិភពលោកខាងក្រៅឡើយ។
ប៉ុល ពត បានចាប់ផ្ដើមនៅលើគម្រោងរយៈពេលបួនឆ្នាំ ដែលក្នុងនោះ កម្ពុជាបានធ្វើនយោបាយ “មហាលោតផ្លោះ មហាអស្ចារ្យ” របស់ខ្លួនឆ្ពោះទៅសង្គមនិយមនៅឆ្នាំ១៩៧៩។ ទិសដៅរបស់ ប៉ុល ពត គឺគាត់នឹងធ្វើការបង្កើនទិន្នផលស្រូវឱ្យបានកើនឡើងបីដងគឺ ៣តោនក្នុងមួយហិកតា គេបង្កើតជាដីដាំដុះនៅក្នុងព្រៃ ដែលជាតំបន់គ្រុនចាញ់នៅភាគឦសាននៃប្រទេសកម្ពុជា។ អ្នកទាំងឡាយណា ដែលបានបង្ខំឱ្យចេញពីទីក្រុង ត្រូវបានគេស្គាល់ថា ជាប្រជាជនថ្មី ពីព្រោះពួកគេត្រូវបានគេសង្ឃឹមថា នឹងបោះបង់ចោលរាល់កំអែលអតីតកាលទាំងអស់ ហើយត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងនេះ ដើម្បីជីកប្រឡាយលើកទំនប់ និងរុករានដីថ្មី។
ដើម្បីបន្សុទ្ធផ្ទៃក្នុង ខ្មែរក្រហមបានធ្វើការបែងចែកមនុស្សជាបីវណ្ណៈធំៗគឺ អ្នកពេញសិទ្ធិ ភាគច្រើនគឺជាប្រជាជនមូលដ្ឋានដែលមានជីវភាពក្រីក្របំផុតនៅក្នុងរបបចាស់និងអនក្ខរជន។ អ្នកត្រៀម គឺជាប្រជាជនមូលដ្ឋាន រួមមានសិស្ស ឬអ្នកចេះដឹងបន្ដិចបន្ដួច និងកសិករ សិប្បករ អាជីវករ ដែលមានទ្រព្យសម្បត្ដិមធ្យម (ពួកអនុធន)។ អ្នកបញ្ញើ គឺជាអតីតគហបតី អ្នកកាន់ការងាររដ្ឋការ ស្រទាប់និស្សិត បញ្ញវន្ដ និងជន ១៧ មេសា (ប្រជាជននៅទីក្រុងភ្នំពេញ ដែលត្រូវបានខ្មែរក្រហមជម្លៀសនៅពេលដែលពួកគេចូលកាន់កាប់ទីក្រុងនេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥)។ ក្រុមចុងក្រោយនេះហើយដែលជា «មុខសញ្ញា»ហើយត្រូវបានពួកខ្មែរក្រហមសម្លាប់ស្ទើរតែដាច់ពូជ។
ខ្មែរក្រហមបានអះអាងថា មានតែមនុស្សស្អាតស្អំប៉ុណ្ណោះ ទើបមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការកសាងបដិវត្ដន៍។ បន្ទាប់ពីដណ្ដើមបានអំណាចភ្លាម ខ្មែរក្រហមបានធ្វើការចាប់ខ្លួននិងសម្លាប់ចោលនូវពលទាហាន នាយទាហាន និងអ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលខ្លួនចាត់ទុកថា មិនស្អាតស្អំអស់រាប់ពាន់នាក់។ ក្នុងរយៈកាលជាងបីឆ្នាំបន្ទាប់មកទៀត ក្រុមខ្មែរក្រហមបានកាប់សម្លាប់បញ្ញវន្ដ អ្នករស់នៅទីក្រុង ជនជាតិភាគតិច ដូចជា ចាម វៀតណាម និងចិនអស់រាប់សែននាក់។ ខ្មែរក្រហមក៏បានសម្លាប់យោធា និងសមាជិកបក្សរបស់ខ្លួនអស់ជាច្រើននាក់ដែរ ដោយចោទថាជនក្បត់ជាតិនិងក្បត់បដិវត្ដន៍។
នៅក្នុងគម្រោងឆ្នាំ១៩៧៦ នៃផែនការបួនឆ្នាំរបស់បក្សកុម្មុយនីស្តកម្ពុជា ប្រជាជនកម្ពុជានៅទូទាំងប្រទេសត្រូវបានដាក់កម្រិតឱ្យធ្វើការបង្កបង្កើនផលឱ្យបានបីតោនក្នុងមួយហិកតា។ នេះមានន័យថា ប្រជាជនត្រូវធ្វើការដាំដុះនិងច្រូតកាត់ស្រូវដប់ពីរខែក្នុងមួយឆ្នាំ។ នៅតាមតំបន់ភាគច្រើន ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការលើសពីដប់ពីរម៉ោងក្នុងមួយថ្ងៃ ដោយមិនមានពេលសម្រាកនិងម្ហូបអាហារមិនគ្រប់គ្រាន់។
ការសម្ងាត់ គឺជាគោលការណ៍គ្រឹះនៃដំណើរការរបស់កម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហមមានពាក្យស្លោកមួយថា «លាក់ការណ៍ជាកត្ដាជ័យជម្នះ», «លាក់ការណ៍បានខ្ពស់ រស់បានយូរ»។ រហូតមកដល់ចុងឆ្នាំ១៩៧៧ ការប៉ះទង្គិចជាមួយប្រទេសវៀតណាមបានផ្ទុះឡើង។ ប្រជាជនរាប់ម៉ឺននាក់ត្រូវអង្គការបញ្ជូនទៅសមរភូមិហើយត្រូវស្លាប់រាប់ពាន់នាក់។ នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមនិងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើការវាយសម្រុកចូលប្រទេសកម្ពុជា ហើយដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
គិតមកដល់ពេលនេះ ជិតកន្លះសតវត្សរ៍ហើយ, ខ្ញុំនៅតែមិនយល់ថាហេតុអ្វីបានជាពួកខ្មែរក្រហមសម្លាប់ជាតិសាសន៍ឯងច្រើនដល់ម្ល៉ឹង? បំផ្លិចបំផ្លាញជាតិច្រើនដល់ម្ល៉ឹង? តើមានបរទេសនរណានៅពីក្រោយរឿងនេះឬ? ឬជាទំនាស់មនោគម? ឬជាគំនុំបុគ្គល? បើជាគំនុំបុគ្គល, តើហេតុអ្វីពួកនេះមានគំនុំជ្រាលជ្រៅដល់ម្ល៉ឹង?
វិញ្ញាណក្ខន្ធប្រជាជនខ្មែរដែលបានស្លាប់ទៅនិងអ្នកដែលនៅរស់ពីការស្លាប់ រាប់ទាំងគ្រួសារខ្ញុំផង, បានទទួលត្រឹមយុត្តិធម៌និមិត្តរូបតែប៉ុណ្ណោះ។ ប្រជាជនខ្មែរជាជនជាតិដែលអភព្វជាងគេបំផុតនៅអាស៊ីអគ្នេយ៍ ចេញពីសង្គ្រាមមួយ ចូលសង្គ្រាមមួយ ចេញពីរបបជិះជាន់ផ្តាច់ការមួយចូលរបបជិះជាន់ផ្តាច់ការមួយទៀត, ទឹកភ្នែករាស្ត្រខ្មែរហូរឥតស្រាកស្រាន្ត។ ចេញរបបអាណនិគមចូលរបបសក្តិភូមិ, ចេញពីរបបសក្តិភូមិចូលរបបប្រតិកិរិយាពុករលួយ, ចេញពីរបបប្រតិកិរិយាពុករលួយចូលរបបប្រល័យពូជសាសន៍, ចេញពីរបបប្រល័យពូជសាសន៍ ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលអស់ពីរទសវត្សរ៍ទៀតយ៉ាងខ្លោចផ្សារ។ ជីវិតប្រជាជនខ្មែរដ៏អភព្វនេះរសាត់អណ្ដែត «មិនខុសពីការខំប្រឹងរើខ្លួនចេញពីមាត់ក្រពើ ហើយទៅទើរនៅលើមាត់ខ្លានោះទេ»។
ប្រជាជនខ្មែរត្រូវរង់ចាំអស់រយៈពេលជាង៥០០ឆ្នាំ ទើបទទួលបានសន្តិភាពដែលមានរយៈពេលជាងគេក្នុងប្រវត្តិសាស្ត្រ។ តែសន្តិភាពនេះ ក៏អាចបាត់ទៅវិញដែរ បើមិននាំគ្នាថែនិងឱ្យតម្លៃ, «សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់», «សន្តិភាពពិបាករក តែងាយបាត់បង់»។
ដូច្នេះ ប្រជាជនខ្មែរ អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់រូបត្រូវតែរួមចំណែកលើកស្ទួយនិងថែក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ យុត្តិធម៌សង្គម អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទើបជាតិយើងរឹងមាំ មាននិរន្តរភាព វិបុលភាព និងការអភិវឌ្ឍ៕
១៧ មេសា ២០២៤
RAC Media
រូបថត VAYO Radio FM
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក...
របរតម្បាញសូត្រខ្មែរជារបរដែលរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីខ្មែរ ទាក់ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ។ តាមរយៈបទបង្ហាញរបស់កញ្ញា ម៉ៅ សុគន្ធា នៅក្នុងសន្និសីទអន្តរជ...
យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វ៉ុយ ទួន ហាំង (Prof. Dr. Vu Tuan Hung) ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្រោមប្រធានបទ ស្ដីពី «SMEs និងការបង្កើតការងារ» នៅក្នុងសន្និ...
យប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទី ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ទទួលបដិសណ...
បញ្ជាក់នៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោល...