ព័ត៌មាន

១៧ មេសា ៖ ចេញពីមាត់ក្រពើទៅទើរលើមាត់ខ្លា ដោយ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2024-04-17 15:07:11 ថ្ងៃពុធ, 17 មេសា 2024, 03:07 PM
post_detail

ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ «ខ្មែរក្រហម»

បានចូល​កាន់កាប់​ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជន​ក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរំដោះហើយ។ ប៉ុន្តែ ក្តីស្រមៃ​របស់​ពួកគេ​ត្រូវរលាយ​សាបសូន្យ។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញ​ទាំងអស់​ឱ្យ​ចាក​ចេញ​ពី​ទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយ​ទៅតំបន់មួយដូចគ្នា។

តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណជិត២លាននាក់បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង។

ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៥ សំណេររដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័ត​ដោយ​សមាជិក​ចំនួនមួយ​ពាន់នាក់ក្នុងមហាសន្និបាតជាតិនៅទីក្រុងភ្នំពេញ ហើយត្រូវបាន​ប្រកាស​ឱ្យប្រើជាផ្លូវការ​នៅថ្ងៃទី ៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការថា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនេះពុំបានធានាសិទ្ធិមនុស្សឡើយ បានកំណត់នូវអង្គការរដ្ឋាភិបាលតែមួយចំនួនតូច និងបានលុបចោលកម្មសិទ្ធិសួនតួ ស្ថាប័នសាសនា និងផលិតកម្មកសិកម្មសម្រាប់ចិញ្ចឹមក្រុមគ្រួសារ។ រដ្ឋធម្មនុញ្ញនេះពុំបានលើកឡើងពីគំរូណាមួយទេ តែបានបដិសេធនូវសម្ព័ន្ធភាពឬជំនួយបរទេស ហើយពុំបានចែងអ្វីអំពីបក្សកុម្មុយនីស្តកម្ពុជាឬអំពីទ្រឹស្តីម៉ាក្សលេនីនឡើយ។ ផ្ទុយទៅវិញរបបនេះ បានធ្វើឱ្យបដិវត្តន៍នោះ មានលក្ខណៈដូចជាខ្មែរសុទ្ធសាធដោយគ្មានទំនាក់ទំនង​ទៅនឹង​ពិភព​លោក​ខាងក្រៅ​ឡើយ។

ប៉ុល ពត បានចាប់ផ្ដើមនៅលើគម្រោងរយៈពេលបួនឆ្នាំ ដែលក្នុងនោះ កម្ពុជាបានធ្វើនយោបាយ “មហា​លោត​ផ្លោះ មហាអស្ចារ្យ” របស់ខ្លួនឆ្ពោះទៅសង្គមនិយមនៅឆ្នាំ១៩៧៩។ ទិសដៅរបស់ ប៉ុល ពត គឺគាត់​នឹង​ធ្វើការ​បង្កើនទិន្នផលស្រូវឱ្យបានកើនឡើងបីដងគឺ ៣តោនក្នុងមួយហិកតា គេបង្កើត​ជាដីដាំដុះ​នៅ​ក្នុង​ព្រៃ ដែលជាតំបន់គ្រុនចាញ់នៅភាគឦសាននៃប្រទេសកម្ពុជា។ អ្នកទាំងឡាយណា ដែលបាន​បង្ខំ​ឱ្យ​ចេញ​ពីទីក្រុង ត្រូវបានគេស្គាល់ថា ជាប្រជាជនថ្មី ពីព្រោះពួកគេត្រូវបានគេសង្ឃឹមថា នឹងបោះ​បង់ចោល​រាល់​កំអែល​អតីតកាលទាំងអស់ ហើយត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងនេះ ដើម្បីជីកប្រឡាយលើកទំនប់ និងរុករានដីថ្មី។

ដើម្បីបន្សុទ្ធផ្ទៃក្នុង ខ្មែរក្រហម​បានធ្វើការបែងចែកមនុស្សជាបីវណ្ណៈធំៗគឺ អ្នកពេញសិទ្ធិ ភាគ​ច្រើន​គឺជា​ប្រជាជន​មូលដ្ឋាន​ដែលមានជីវភាពក្រីក្របំផុតនៅក្នុងរបបចាស់និងអនក្ខរជន។ អ្នកត្រៀម គឺជាប្រជាជន​មូលដ្ឋាន រួមមានសិស្ស ឬអ្នកចេះដឹងបន្ដិចបន្ដួច និងកសិករ សិប្បករ អាជីវករ ដែលមាន​ទ្រព្យ​សម្បត្ដិ​មធ្យម (ពួកអនុធន)។ អ្នកបញ្ញើ គឺជាអតីតគហបតី អ្នកកាន់ការងាររដ្ឋការ ស្រទាប់និស្សិត បញ្ញវន្ដ និង​ជន ១៧ មេសា (ប្រជាជននៅទីក្រុងភ្នំពេញ ដែលត្រូវបានខ្មែរក្រហម​ជម្លៀស​នៅពេល​ដែលពួក​គេចូល​កាន់​កាប់ទីក្រុង​នេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥)។ ក្រុមចុងក្រោយនេះហើយដែលជា «មុខសញ្ញា»​ហើយត្រូវ​បានពួកខ្មែរក្រហមសម្លាប់ស្ទើរតែដាច់ពូជ។

ខ្មែរក្រហមបានអះអាងថា មានតែមនុស្សស្អាតស្អំប៉ុណ្ណោះ ទើបមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការកសាង​បដិវត្ដន៍។ បន្ទាប់ពីដណ្ដើមបានអំណាចភ្លាម ខ្មែរក្រហមបានធ្វើការចាប់ខ្លួននិងសម្លាប់ចោលនូវ​ពល​ទាហាន នាយទាហាន និងអ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលខ្លួនចាត់ទុកថា មិនស្អាតស្អំអស់រាប់ពាន់នាក់។ ក្នុងរយៈកាលជាងបីឆ្នាំបន្ទាប់មកទៀត ក្រុម​ខ្មែរ​ក្រហម​បានកាប់សម្លាប់បញ្ញវន្ដ អ្នករស់នៅទីក្រុង ជនជាតិភាគតិច ដូចជា ចាម វៀតណាម និង​ចិន​អស់​រាប់​សែននាក់។ ខ្មែរក្រហមក៏បានសម្លាប់យោធា និងសមាជិក​បក្សរបស់ខ្លួនអស់ជាច្រើននាក់ដែរ ដោយ​ចោទថាជនក្បត់ជាតិនិងក្បត់បដិវត្ដន៍។

នៅក្នុងគម្រោងឆ្នាំ១៩៧៦ នៃផែនការបួនឆ្នាំរបស់បក្សកុម្មុយនីស្តកម្ពុជា ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ត្រូ​វបានដាក់កម្រិតឱ្យធ្វើការបង្កបង្កើនផលឱ្យបានបីតោនក្នុងមួយហិកតា។ នេះមានន័យថា ប្រជាជនត្រូវធ្វើការដាំដុះនិងច្រូតកាត់ស្រូវដប់ពីរខែក្នុងមួយឆ្នាំ។ នៅតាមតំបន់ភាគច្រើន ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការលើសពីដប់ពីរម៉ោងក្នុងមួយថ្ងៃ ដោយ​មិនមានពេល​សម្រាក​និងម្ហូប​អាហារ​មិនគ្រប់គ្រាន់។

ការសម្ងាត់ គឺជាគោលការណ៍គ្រឹះនៃដំណើរការរបស់កម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហម​មាន​ពាក្យ​ស្លោក​មួយថា «លាក់ការណ៍ជាកត្ដាជ័យជម្នះ», «លាក់ការណ៍បានខ្ពស់ រស់បានយូរ»។ រហូតមកដល់​ចុង​ឆ្នាំ​១៩៧៧ ការប៉ះទង្គិចជាមួយប្រទេសវៀតណាមបានផ្ទុះឡើង។ ប្រជាជនរាប់ម៉ឺននាក់ត្រូវអង្គការ​បញ្ជូន​ទៅសមរភូមិ​ហើយត្រូវស្លាប់រាប់ពាន់នាក់។ នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាម​និងកង​កម្លាំង​របស់​រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើការវាយសម្រុកចូលប្រទេសកម្ពុជា ហើយ​ដណ្ដើមកាន់​កាប់បានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

គិតមកដល់ពេលនេះ ជិតកន្លះសតវត្សរ៍ហើយ, ខ្ញុំនៅតែមិនយល់​ថា​ហេតុអ្វីបានជាពួក​ខ្មែរក្រហម​​សម្លាប់​ជាតិ​សាសន៍​ឯង​ច្រើនដល់ម្ល៉ឹង? បំផ្លិចបំផ្លាញជាតិច្រើនដល់ម្ល៉ឹង? តើមានបរទេស​នរណានៅពីក្រោយរឿងនេះឬ? ឬជាទំនាស់មនោគម? ឬជាគំនុំបុគ្គល? បើជាគំនុំបុគ្គល, តើហេតុអ្វីពួកនេះមានគំនុំជ្រាលជ្រៅដល់ម្ល៉ឹង?

វិញ្ញាណក្ខន្ធប្រជាជនខ្មែរដែលបានស្លាប់ទៅនិងអ្នកដែលនៅរស់ពីការស្លាប់ រាប់ទាំងគ្រួសារខ្ញុំផង, បានទទួលត្រឹមយុត្តិធម៌និមិត្តរូបតែប៉ុណ្ណោះ។ ប្រជាជនខ្មែរជាជនជាតិដែលអភព្វជាងគេបំផុតនៅអាស៊ីអគ្នេយ៍ ចេញពីសង្គ្រាមមួយ ចូលសង្គ្រាមមួយ ចេញពីរបបជិះជាន់ផ្តាច់ការមួយចូលរបបជិះជាន់ផ្តាច់ការមួយទៀត, ទឹកភ្នែករាស្ត្រខ្មែរហូរឥតស្រាកស្រាន្ត។ ចេញរបបអាណនិគមចូលរបបសក្តិភូមិ, ចេញពីរបបសក្តិភូមិចូលរបបប្រតិកិរិយាពុករលួយ, ចេញពីរបបប្រតិកិរិយាពុករលួយចូលរបបប្រល័យពូជសាសន៍, ចេញពីរបបប្រល័យពូជសាសន៍ ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលអស់ពីរទសវត្សរ៍ទៀតយ៉ាងខ្លោចផ្សារ។ ជីវិតប្រជាជនខ្មែរដ៏អភព្វនេះរសាត់អណ្ដែត «មិនខុសពីការខំប្រឹងរើខ្លួនចេញពីមាត់ក្រពើ ហើយទៅទើរនៅលើមាត់ខ្លានោះទេ»។

ប្រជាជនខ្មែរត្រូវរង់ចាំអស់រយៈពេលជាង៥០០ឆ្នាំ ទើបទទួលបានសន្តិភាពដែលមានរយៈពេលជាងគេក្នុង​ប្រវត្តិសាស្ត្រ។ តែសន្តិភាពនេះ ក៏អាចបាត់ទៅវិញដែរ បើមិននាំគ្នាថែនិងឱ្យតម្លៃ, «សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់», «សន្តិភាពពិបាករក តែងាយបាត់បង់»។

ដូច្នេះ ប្រជាជនខ្មែរ អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់រូបត្រូវតែ​រួមចំណែកលើកស្ទួយនិងថែក្សា​សុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ យុត្តិធម៌​សង្គម អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទើបជាតិយើងរឹងមាំ មាននិរន្តរភាព វិបុលភាព និងការអភិវឌ្ឍ៕

១៧ មេសា ២០២៤

RAC Media

រូបថត VAYO Radio FM 


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមអបអរសាទរក្នុងពិធីបើកវេទិកា ស្តីពី «វេទិកាកូរ៉េសកល២០២៣ Global Korea Forum 2023 (KGF)»

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូ បន្តចូលរួមក្នុងវេទិកាសកលកូរ៉េ២០២៣ ដែលប្រព្រឹត្តធ្វើឡើងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ វេ...

2023-11-21 07:54:09   Tue, 21,11,2023, 07:54 AM
ទស្សនៈមូលដ្ឋាននៃប្រជាសាស្រ្ត Basic Concept of Demography ដោយ៖ លោក ហៃ សុគន្ធាមន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

បើនិយាយអំពីប្រជាសាស្រ្ត គឺគេនឹកឃើញភ្លាមអំពីប្រជាជន។ ជាការពិត ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជន ហើយពិសេសអំពីភាពបង្កើតកូន រៀបការ ការស្លាប់ និងបំលាស់លំនៅ និងទំនាក់ទំនងនៃការសិក្សាបែបវិទ្យាសាស្រ្តអំពីទ...

2023-11-09 14:06:48   Thu, 09,11,2023, 02:06 PM
៧០ឆ្នាំក្រោយការទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង និងក្តីរំពឹងរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួប៧០ឆ្នាំ ដែ...

2023-11-09 08:41:21   Thu, 09,11,2023, 08:41 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាជាមួយប្រតិភូក្រុមសារព័ត៌មានចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក...

2023-11-08 15:45:17   Wed, 08,11,2023, 03:45 PM
រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បង្កើនចំណងសហប្រតិបត្តិការបន្ថែម ក្រោយជំនួបពិភាក្សាការងារនាព្រឹកមិញនេះ!

នាវេលាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបពិភាក្សាការង...

2023-11-08 15:18:41   Wed, 08,11,2023, 03:18 PM
មេរៀននៃថ្ងៃបុណ្យឯករាជ្យសម្រាប់អ្នកនយោបាយនៅកម្ពុជា

នៅពេលដែលយើងចាប់ផ្តើមការសន្ទនាអំពីថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសកម្ពុជា យើងតែងតែលើកយកព្រះនាមព្រះបាទសម្តេចនរោត្តមសីហនុ ដែលជាអតីតព្រះមហាក្សត្រ ដែលបានធ្វើគ្រប់បែបយ៉ាងក្នុងអំណាចរបស់ព្រះអង្គដើម្បីទទួលបានឯករាជ្យ...

2023-11-08 06:35:48   Wed, 08,11,2023, 06:35 AM

សេចក្តីប្រកាស