ព័ត៌មាន

ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកហ្វូណនតេជោ បណ្ឌិតសភាចារ្យ សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន

2024-04-11 09:47:52 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024, 09:47 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នៅក្នុងបទពិសោធន៍ប្រវត្តិសាស្ត្រ បានបង្ហាញឱ្យយើងឃើញ កម្ពុជាតែងតែបានជួយទំនុកបម្រុង និងផ្ដល់ឱកាសជាច្រើនដល់អណ្ណាម ដែលបច្ចុប្បន្នជាប្រទេសវៀតណាម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទិដ្ឋភាពប្រវត្តិសាស្ត្រចំនួន ៦ចំណុច ដែលវៀតណាមត្រូវចងចាំគឺ៖

១. ប្រសិនបើកម្ពុជាថែរក្សាបាននូវទឹកដីដ៏អស្ចារ្យពីដូនតារបស់ខ្លួនបាន ប្រហែលជាកម្ពុជាអត់ត្រូវការទៅកាយប្រឡាយ ឬកាយព្រែកជីកហ្វូណនតេជោនោះទេ ដោយយើងមានផែសមុទ្រធំៗដល់ទៅ៣នៅកម្ពុជាក្រោម ឬ(បច្ចុប្បន្ន)គេហៅថាវៀតណាមខាងត្បូង។ នេះជាអ្វីដែលយើងត្រូវមើល អញ្ចឹងយើងអត់ត្រូវការទេ(បើយើងរក្សាផែបាន) បើនិយាយអំពីប្រវត្តិសាស្ត្រ។

២. វៀតណាមត្រូវចងចាំ វៀតណាមបង្កើតផ្លូវលំហូជីមិញបាន ដោយសារខ្មែរ វៀតណាមបង្រួបបង្រួមវៀតណាមបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ វៀតណាមត្រូវចងចាំ បើគ្មានខ្មែរ អ្នកឯងមិនអាចបង្រួបបង្រួមទឹកដីរបស់អ្នកឯងបានទេ អ្នកឯងកុំយករឿងនេះមក(បង្កើតជាបញ្ហា)។ ខ្មែររងទុក្ខ អាម៉េរិករោយជាតិគីមី ដោយសារអី? ដោយសារវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា ប្រវត្តិសាស្ត្រឱ្យ(វៀតណាម)ចងចាំ។

៣. ទាក់ទងក្នុងប្រវត្តិសាស្ត្រដែរ តើវៀតណាមចាំបានទេ នៅពេលដែលអ្នកត្រូវការកម្ពុជា កម្ពុជាតែងតែផ្ដល់ឱកាស។ អ្នកឯងសុំដីហាត់កងទ័ព កម្ពុជាផ្ដល់ឱ្យ។ ពេលស្ដេចខ្ញុំចូលទីវង្គត អ្នកឯងប្រែប្រាស់(ក្រឡាស់) ទីក្រុងព្រៃនគរ ឱ្យទៅជាសៃហ្គន។ វៀតណាមចាំបានទេទាំងអស់នេះ? សុំវៀតណាមកុំកាយប្រវត្តិសាស្ត្រ បើអ្នកឯងកាយប្រវត្តិសាស្ត្រ យើងនឹងបកស្រាយប្រវត្តិសាស្ត្រឱ្យអ្នកឯងស្ដាប់។

៤. យើង(កម្ពុជា)ក៏ដឹងគុណវៀតណាមដែរនៅឆ្នាំ១៩៧៩ ដែលវៀតណាមបានជួយរំដោះទឹកដីកម្ពុជា ដោយប្រើប្រាស់មូលដ្ឋានកងទ័ពអតីតទឹកដីកម្ពុជា ដែលនៅពេលនោះសង្គ្រាមត្រជាក់ មូលធននិយម និងសង្គមនិយម ដែលប្រកួតប្រជែងគ្នា។

៥. ទាក់ទងនឹងប្រវត្តិសាស្ត្រ គឺជារឿងដ៏អស្ចារ្យមួយ ដែលវៀតណាមត្រូវចងចាំថា នៅលើទឹកដីកម្ពុជា ប្រជាជនរបស់អ្នកបានមករស់នៅ បានមករកស៊ីយូរណាស់មកហើយ អ្នកឯងបានមកចោលសាច់ចោលឈាមនៅទីនេះច្រើនណាស់មកហើយ ហើយប្រជាជនវៀតណាមកំពុងតែធ្វើវិស័យកសិកម្មនៅនេះច្រើនណាស់ បើសិនជាមានព្រែកជីកនេះ ប្រជាជនអ្នកឯងក៏រស់នៅទីនេះបានងាយស្រួលដែរ។ ឯកឧត្ដមបន្តថា វៀតណាមត្រូវចងចាំ ឈាមជ័រខ្លួនបានមករស់នៅទីនេះច្រើនណាស់ កុំដុតសំបុកមាន់ចោល ដើម្បីតែផលប្រយោជន៍ខ្លួនតែមួយគត់ ហើយធ្វើបែបនេះដើម្បីឱ្យកម្ពុជាឈរនៅក្រោមសេដ្ឋកិច្ចរបស់វៀតណាម(ឱ្យសោះ)។ គឺអត់បាននោះទេ យើងក៏មានយុទ្ធសាស្ត្រ(របស់យើងដែរ)។

៦. ដូនតាខ្មែរបានកត់ត្រាទុក នៅពេលដែលវៀតណាមអត់ យើងផ្ដល់ឱ្យ ចាំបានទេ? ភាសាខ្មែរមួយ ដែលវៀតណាមអត់ចេះខ្មែរនោះគឺ “ពេលកូនឈឺ កូនចង់ធ្វើជាកូនម៉ែ” (តែពេលកូនជា បែរជាកូនប្រែ) ពេលហ្នឹងប្រជាជនខ្មែរបានផ្ដល់បាយឱ្យវៀតណាមហូប ព្រោះវៀតណាមមិនអាចដឹងស្បៀងបានទេ ហើយកម្ពុជាក៏ផ្ដល់ដី ផែកំពង់សោមឱ្យវៀតណាមដឹកទាំងស្បៀងអាហារ ទាំងគ្រាប់រំសេវ ដើម្បីទប់ទល់ជាមួយអាម៉េរិក។ អាម៉េរិកភ្លេចហើយរឿងហ្នឹង។ ប្រវត្តិសាស្ត្រត្រូវចងចាំ។ វៀតណាមធ្វើបែបហ្នឹង ត្រូវចងចាំ។ គឺនៅភូមិភាគឦសាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម ទិសបូព៌ា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ថ្លែងបញ្ជាក់បន្ថែមថា រាល់ចំណុចទាំងអស់ដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រខាងលើនេះ បានចារឹកនៅក្នុងទឹកចិត្តប្រជាជនកម្ពុជាយល់ដឹងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម និងបានបង្ហាញឱ្យឃើញអំពីគុណបំណាច់ ដែលជានិច្ចកាលកម្ពុជាបានផ្ដល់ទៅដល់ប្រទេសវៀតណាមនៅក្នុងប្រវត្តិសាស្ត្រកន្លងមក។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាហ៊ានបិទភ្នែករំលែកអ្វីៗទាំងអស់ឱ្យវៀតណាម ប៉ុន្តែករណីរឿងព្រែកជីកហ្វូណន បែរជាវៀតណាមប្រើប្រាស់ដើម្បីកម្ទេច(ផលប្រយោជន៍)របស់កម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ភាពតានតឹងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងបម្រែបម្រួលទីផ្សារប្រេងពិភពលោក» ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

អាម៉េរិកនិងអ៊ីរ៉ង់ គឺជាគូសត្រូវនឹងគ្នារាប់សតវត្សរ៍មកហើយ។ ការប៉ុនប៉ងរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែជាអាទិភាព​នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកតាំងពីឆ្នាំ២០០២មកម្ល៉េះ។ សហរដ្ឋអាម៉េរិកបានព្យាយា...

2020-03-17 03:23:57   Tue, 17,03,2020, 03:23 AM
«សណ្តាប់ធ្នាប់ពិភពលោកថ្មីក្នុងបរិបទប្រព័ន្ធពហុប៉ូល» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរត់ប្រណាំងមនោគមន៍វិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់ បានបង្ហាញពិភពលោកថា មានមហាអំណាចធំៗពីរឬបរិបទនៃមហាអំណាចទ្វេប៉ូល ដែលក្នុងនោះប្លុកសេរីដឹកនាំដោយសហរដ្ឋអាម៉េរិកនិងប្លុកកុម...

2020-03-16 12:42:48   Mon, 16,03,2020, 12:42 PM
«ផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីកិច្ចប្រជុំកំពូល ASEM» ដោយ៖ បណ្ឌិត កា ម៉ាធុល វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើ...

2020-03-16 03:04:12   Mon, 16,03,2020, 03:04 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់រាជបណ្ឌិត្យសភាកម្ពុជាដល់មន្ត្រីថ្មី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារវិទ្យាសាស្ត្រ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខ...

2020-03-13 09:01:57   Fri, 13,03,2020, 09:01 AM
គ្រោះរាំងស្ងួត៖ បញ្ហាប្រវត្តិសាស្ត្រដែលប្រឈមនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

យោងតាមការសិក្សាស្រាវជ្រាវរបស់គណៈកម្មការទន្លេមេគង្គ នាពេលថ្មីៗនេះ គ្រោះរាំងស្ងួត តែងតែ កើតមានឡើងជាញឹកញាប់ នៅទូទាំងអាងទន្លេមេគង្គ និងមានការកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ផ្នែកខាងលើ...

2020-03-12 07:31:12   Thu, 12,03,2020, 07:31 AM
‌«ទីផ្សារកំពុងដាំក្បាលចុះ, វីរុសកូរ៉ូណាកំពុងរាតត្បាត ឯលោក Donald Trump កំពុងវាយប្រហារ​លោក Joe Biden និងប្រព័ន្ធផ្សព្វផ្សាយ» ប្រែសម្រួល៖ ដោយ លោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

លោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធ និងទទួលរងនូវការរិះគន់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលមេរោគកូរ៉ូណា បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រកាលព...

2020-03-11 10:12:51   Wed, 11,03,2020, 10:12 AM

សេចក្តីប្រកាស