ព័ត៌មាន

ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

2024-04-11 09:36:15 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:36 PM
អ្នកមើល 6492
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

កាលពីរសៀល ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យ...

2019-06-20 13:57:12   ថ្ងៃព្រហស្បតិ៍, 20 មិថុនា 2019 ម៉ោង 08:57 PM
«អាថ៌កំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ»

នៅក្នុងទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិត ក្រុមអ្នកជំនាញឧទ្យានជាតិ បានបង្ហាញពីប្រវត្តិសាវតាពីអតីតកាលនៃឧស្សា​​ហកម្មដែកនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយជាពិសេស បានលើកបង្ហាញអំពីតំបន់បុរាណដ្ឋ...

2019-06-18 13:46:36   ថ្ងៃអង្គារ, 18 មិថុនា 2019 ម៉ោង 08:46 PM
«ការដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់ផ្តើមទៀតហើយ» ដោយ៖ ស្រី សីហា

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាការបរិច្ឆេទចាប់ផ្តើមនៃការដាំកូនឈើ នៅក្នុងរដូវកាលឆ្នាំនេះ ដែលអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតនៃសាកល...

2019-06-18 13:37:53   ថ្ងៃអង្គារ, 18 មិថុនា 2019 ម៉ោង 08:37 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧ផ្អែកតាមបណ្ណសារស្តីអំពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្ន...

2019-06-17 02:58:14   ថ្ងៃចន្ទ, 17 មិថុនា 2019 ម៉ោង 09:58 AM
«ប្រជុំ ពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

នៅរសៀល ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ប...

2019-06-12 14:58:37   ថ្ងៃពុធ, 12 មិថុនា 2019 ម៉ោង 09:58 PM
«បច្ចេកសព្ទរបស់គណ:កម្មការអក្សរសិល្ប៍ ចំនួន១២ ត្រូវបានអនុម័ត...»

កាលពីថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ប៊ី សុគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ(ពេលព្រឹក) និងឯកឧត្តម បណ្ឌិត ជួរ គារី(រសៀ...

2019-06-12 04:17:37   ថ្ងៃពុធ, 12 មិថុនា 2019 ម៉ោង 11:17 AM

សេចក្តីប្រកាស