ព័ត៌មាន

ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

2024-04-11 09:36:15 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024, 09:36 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«វត្តមានគោទឹកដោះ១០០ក្បាល បង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា» ដោយ៖ សុ គន្ធា

«នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលនៅថ្ងៃស្អែកនេះ។ យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែក​ដល...

2019-05-27 04:57:23   Mon, 27,05,2019, 04:57 AM
«ស្ថានីយស្រែអំពិល អាចនឹងមានសំណល់ជើងប្រាសាទបុរាណសម័យមុនអង្គរ»

តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថ...

2019-05-25 16:05:54   Sat, 25,05,2019, 04:05 PM
«យុគថ្មរំលីងនៅបន្ទាយលង្វែក» ដោយ៖ បណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវ...

2019-05-24 15:32:27   Fri, 24,05,2019, 03:32 PM
«ជំនួបថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០១៩ ម៉ោង៩ព្រឹក។ ជំនួបដ៏កម្រនេះ ធ្វើឡ...

2019-05-23 07:52:47   Thu, 23,05,2019, 07:52 AM
«ពលរដ្ឋស៊ុយអែត លោក Love Englund ប្រគល់ថវិកាសាងសង់អណ្តូងនៅភូមិគំរូក្នុងស្រុកឆែប»

ក្នុងនាមពលរដ្ឋស៊ុយអែតម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងនោះ លោក Love Englund បានសន្យាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ជួយថវិកាសម្រាប់ជីកអណ្តូងទឹកចំនួន៣ ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិគំរូដ...

2019-05-23 07:31:00   Thu, 23,05,2019, 07:31 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៣ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

(ប្រភព : http://khmersalem.blogspot.com/2012/08)កាលពីភាគទី៧ វគ្គទី២ យើងបានធ្វើការបង្ហាញអំពីសេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង មុននឹងគាត់ថ្លែងសុន្ទរកថា។ ចំណែកនៅក្នុងភាគទី៧ វគ្គទី៣នេះ យើងសូមធ...

2019-05-20 05:38:41   Mon, 20,05,2019, 05:38 AM

សេចក្តីប្រកាស