ព័ត៌មាន

ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

2024-04-11 09:36:15 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:36 PM
អ្នកមើល 6446
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»

កាលពីរសៀល ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួង...

2019-11-28 05:10:04   ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2019 ម៉ោង 12:10 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើបទបង្ហាញដល់អ្នកស្រាវជ្រាវនៃសាធារណរដ្ឋកូរ៉េ និងអាស៊ាន»

នៅពីក្រោយនៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ អាស៊ាន និងកូរ៉េ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្ត្រនិងបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជុំវិញការបង្កើនក...

2019-11-27 06:26:53   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 01:26 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ Think Tanks អាស៊ាន-កូរ៉េ នៅឆ្នាំ២០២១»

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមប្រជុំចង្អៀតរវាងអ្នកស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្ររបស់កូរ៉េ និងអាស៊ាន បានស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប...

2019-11-27 06:09:33   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 01:09 PM
«ប្រជុំស្វាគមន៍ប្រធានស្តីទីថ្មីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម»

លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឯកឧត្តម លោក លោកស្រីបណ្ឌិតជា អនុប្រធានវិទ្យាស្ថាន ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា លេខាអចិន្ត្រៃយ៍ ប្រធាន អនុប្រធានផ្នែក មន...

2019-11-27 04:48:50   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 11:48 AM
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសា លាស...

2019-11-27 03:36:42   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 10:36 AM
«ជំនួបស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនថាមពល Huaneng »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពល Huaneng ដែលជាក្រុមហ៊ុ...

2019-11-26 12:41:35   ថ្ងៃអង្គារ, 26 វិច្ឆិកា 2019 ម៉ោង 07:41 PM

សេចក្តីប្រកាស