ព័ត៌មាន

ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

2024-04-11 09:36:15 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:36 PM
អ្នកមើល 6401
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ ចំពោះសេដ្ឋកិច្ចពិភពលោក ដោយ៖ ជឹម សុជាតិ មន្ត្រីផ្នែកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

ចំពោះប្រវត្តិវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលយើងធ្លាប់ជួបមាន មហាវិបត្តិសេដ្ឋកិច្ច (The Great Depression) (១៩២៩-១៩៣៩) ដែលកើតនៅសហរដ្ឋអាមេរិក ហើយរីករាលដាលដល់អឺរ៉ុប មហាវិបត្តិហិរញ្ញវត្ថុ ឆ្នាំ ២០០៨ និងនាពេលនេ...

2020-03-19 14:41:32   ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 09:41 PM
សារៈសំខាន់នៃការសិក្សាមុខវិជ្ជាភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដោយ៖ បណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ

ភាសាវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីភាសា អំពីរបៀបដែលភាសាដំណើរការ អំពីរបៀបដែលភាសាទទួល និង អំពីរបៀបដែលមនុស្សប្រើប្រាស់ដើម្បីទាក់ទងគ្នា ។ ភាសាវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយ មុខវិជ្ជានេះ មានទាំ...

2020-03-19 14:24:27   ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 09:24 PM
«វិធីសាស្ត្រកាត់បន្ថយអារម្មណ៍តានតឹងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ (Covid-19)»

នៅពេលនេះ ជំងឺរលាកផ្លូដង្ហើមប្រភេទថ្មី ឬ Coronavirus Disease-19 (Covid-19) កំពុងរាតត្បាតស្ទើរពេសពេញពិភពលោក (Pandemic)។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេស អង្គការជាតិ អន្តរជាតិនានាទូទ...

2020-03-19 09:43:05   ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 04:43 PM
«កម្លាំងចម្រុះចុះបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប»

(ខេត្តព្រះវិហារ)៖ ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រ...

2020-03-19 09:00:37   ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 04:00 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ហ្វីលីពីនត្រូវការជំនួយ និងការគាំទ្រពីសហរដ្ឋអាម៉េរិក ដោយ៖ បណ្ឌិត ស៊ឺន សម

រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានខិតខំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ព្រោះហ្វីលីពីនបានដឹងយ៉ាងច្បាស់អំពីតួនាទី និងភាពចាំបាច់របស់សហរដ្ឋអាម៉េរិក នៅក្នុងការរក្សាសន្តិសុខទាំងក្នុងប...

2020-03-18 11:45:39   ថ្ងៃពុធ, 18 មីនា 2020 ម៉ោង 06:45 PM
ការរួបរួមគ្នាជាធ្លុងមួយ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទើបជាកិច្ចការដែលពលរដ្ឋកម្ពុជា ត្រូវយកចិត្តទុកដាក់!

ក្នុងស្ថានការណ៍ដែលពិភពលោក កំពុងព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតឡើងកាន់តែខ្លាំងឡើងនៅតាមបណ្តាប្រទេសនានា ជាពិសេសនៅតំបន់អឺរ៉ុប ដែលកំពុងរងឥទ្ធិពលនៃជំងឺនេះ ខ្លាំងជាងគេ។ ដើមឡើយ គ្រប់គ្នាតែ...

2020-03-18 07:13:55   ថ្ងៃពុធ, 18 មីនា 2020 ម៉ោង 02:13 PM

សេចក្តីប្រកាស