ព័ត៌មាន

ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

2024-04-11 09:36:15 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:36 PM
អ្នកមើល 6384
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«វប្បធម៌ដឹងគុណ និងការបន្តនិរន្តរភាពនៃរាជបណ្ឌិត្យសភាកម្ពុជា»

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស.២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងសហការីបានអញ្ជើញទៅសួរសុ...

2020-04-14 09:21:13   ថ្ងៃអង្គារ, 14 មេសា 2020 ម៉ោង 04:21 PM
«សកម្មភាពលួចកាប់ឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅតែបន្តកើតមាន»

(ខេត្តព្រះវិហារ)៖ សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែបន្តកើតមាន ដោយសារឈ្មួញខិលខូចមួយចំនួនបានប្រើដៃប្រជាជនដែលមានជីវភាពខ្វះខាត...

2020-04-13 07:24:17   ថ្ងៃចន្ទ, 13 មេសា 2020 ម៉ោង 02:24 PM
វៀតណាមបង្វែរការភ័យខ្លាចទៅជាឱកាសពង្រឹងវិស័យការទូត ដោយ៖ បណ្ឌិត ស៊ឺន សម

ស្របពេលដែលពិភពលោកទាំងមូលកំពុងតែមានការប្រុងប្រយ័ត្ន និងភ័យខ្លាចចំពោះការឆ្លងវីរុសកូរ៉ូណានោះ ប្រទេស​វៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រើឱកាសនៃការភ័យខ្លាចរបស់ពិភពលោកនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតរបស់ខ...

2020-04-11 08:32:01   ថ្ងៃសៅរ៍, 11 មេសា 2020 ម៉ោង 03:32 PM
ខណៈអាម៉េរិកនៅបន្តលេងល្បែងសាចទឹកដាក់គ្នា ចិនកំពុងតែចាប់យកការដឹកនាំពិភពលោក ដោយ៖ Vali Nasr ប្រែសម្រួលដោយ លោក ជា ធារីទ្ធ, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ចេញផ្សាយថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០វ៉ាស៊ីនតោនឌីស៊ី៖ ជំងឺរាតត្បាតកំពុងតែរាលដាលនៅពេសពេញពិភពលោក ហើយកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិត និង​ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ចំណែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Do...

2020-04-10 05:00:16   ថ្ងៃសុក្រ, 10 មេសា 2020 ម៉ោង 12:00 PM
តើការផ្ទុះឡើងនូវវីរុសកូរ៉ូណានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី-ចិនយ៉ាងដូចម្តេច? ផលប៉ះពាល់ថ្មីៗនេះនឹងមិនផ្លាស់ប្តូរលក្ខណៈពិសេសនៃរចនាសម្ព័ន្ធទំនាក់ទំនងដែលកំពុងតែស្អិតល្មួតរវាងក្រុងម៉ូស្គូនិងក្រុងប៉េកាំងនោះទេ ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់

អស់រយៈពេលជាងមួយខែហើយចាប់តាំងពីប្រទេសរុស្ស៊ីបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងបានហាមឃាត់ជនជាតិចិនមិនឱ្យចូលក្នុងប្រទេសរបស់ខ្លួន។ អ្វីៗកំពុងតែក្តៅគគុក នៅពេលដែលអាជ្ញាធររុស្ស៊ីរើសអើងពល រដ្ឋចិន ដែលមាន...

2020-04-10 04:19:36   ថ្ងៃសុក្រ, 10 មេសា 2020 ម៉ោង 11:19 AM
តើសញ្ញាបត្របណ្ឌិត និងភេទជាព្រះសង្ឃតំណាងឱ្យភាពត្រឹមត្រូវឬ? ដោយ៖ បណ្ឌិត សុឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសេរីភាពខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ហើយពលរដ្ឋកម្ពុជាភាគច្រើន ជាពិសេសពលរដ្ឋនៅតាមទីជនបទ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីកំសាន្ត និងដើម្បីទទួលបានព័ត៌ម...

2020-04-09 12:19:59   ថ្ងៃព្រហស្បតិ៍, 09 មេសា 2020 ម៉ោង 07:19 PM

សេចក្តីប្រកាស