ព័ត៌មាន

ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

2024-04-11 09:36:15 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:36 PM
អ្នកមើល 6357
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

កិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»

កាលពីព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិ...

2020-07-07 23:45:09   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 06:45 AM
ជីធម្មជាតិក្នុងតម្រូវការដាំដុះបន្លែ ដោយ៖ យិន ពោ

RAC Mediaប្រភព៖ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-07-07 12:03:55   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 07:03 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ឡោ សាន

ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2020-07-07 08:41:55   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 03:41 PM
រំឭក ដើម្បីការចងចាំ! ...«ប្រាសាទព្រះវិហារខ្មែរ ៖ ក្ដីរំភើប ដែលបញ្ចប់ដោយការឈឺចាប់»...

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...

2020-07-07 04:41:28   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 11:41 AM
«ជប៉ុនមានបំណងរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត(AI) នៅរាជបណ្ឌិត្យសភាកម្ពុជា »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...

2020-07-06 12:50:29   ថ្ងៃចន្ទ, 06 កក្កដា 2020 ម៉ោង 07:50 PM
របាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

...

2020-07-06 04:57:40   ថ្ងៃចន្ទ, 06 កក្កដា 2020 ម៉ោង 11:57 AM

សេចក្តីប្រកាស