ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ ការមួលបង្កាច់ថាព្រែកជីកហ្វូណនតេជាកសាងឡើងក្នុងគោលបំណងបម្រើឱ្យវិស័យយោធាចិន គឺជាការរារាំងដង្ហើមសេដ្ឋកិច្ចកម្ពុជានិងជាយុទ្ធសាស្ត្រនយោបាយរបស់វៀតណាម

2024-04-11 02:17:45 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024, 02:17 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឱកាសថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ការមួលបង្កាច់ថាព្រែកជីកហ្វូណនតេជាកសាងឡើងក្នុងគោលបំណងបម្រើឱ្យវិស័យយោធាចិន គឺជាការរារាំងដង្ហើមសេដ្ឋកិច្ចកម្ពុជានិងជាយុទ្ធសាស្ត្រនយោបាយរបស់វៀតណាម។

វេទិកាខាងលើនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអត្ថបទស្រាវជ្រាវមួយសរសេរ ដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម ហើយបន្ទោរដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានបង្ខូចកម្ពុជាថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងចំណុចសំខាន់ចំនួន ៥ចំណុច ដែលកម្ពុជាត្រូវការព្រែកជីកហ្វូណនតេជោគឺ៖

១. កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម ដែលត្រូវចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូន ដែលកម្ពុជាជួបប្រទះនឹងការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង។

២. ប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផល ដោយសារ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ការកសាងព្រែកជីកនេះ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា ក្នុងការកាត់បន្ថយថ្លៃដើម។

៣. នៅពេលដែលមានព្រែកជីកហ្វូណន អ្នកវិនិយោគនឹងសម្លឹងមើលឃើញកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយសម្រួលនិងពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

៤. ការជីកព្រែកហ្វូណនតេជោ នឹងមិនមានការប៉ះពាល់ដល់ទន្លេមេគង្គ ដូចអ្វីដែលប្រទេសជិតខាងកម្ពុជាបានធ្វើនោះទេ ព្រោះប្រទេសកម្ពុជាមានសណ្ឋានដីរាងបាតខ្ទះ ខណៈដែលព្រែកជីកហ្វូណននេះក៏មិនបានបង្កផលប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះព្រែកជីកនេះ មិនមែនជាការបង្វែរទឹកពីទន្លេមេគង្គនោះទេ។

៥. កាលណាយើងមានព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះវិស័យកសិកម្ម និងការដាំដុះ ព្រោះប្រជាជនអាចយកទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពដំណាំបាន។

កត្តាទាំងអស់នេះ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច កត់សម្គាល់ថា គឺជាការព្រួយបារម្ភសម្រាប់វៀតណាម ដែលមិនចង់ឱ្យកម្ពុជាដែលស្និទ្ធនឹងចិន មានកំណើនសេដ្ឋកិច្ចលូតលាស់ខ្ពស់ ក្នុងពេលដែលកម្ពុជាមានការនាំចូលកសិផល និងផលិតផលជាច្រើនពីវៀតណាម ក៏ដូចជាការរារាំងមិនឱ្យកម្ពុជាមានសក្ដានុពលនៅក្នុងការនាំចេញផលិតផលមួយចំនួនដូចគ្នាទៅនឹងវៀតណាម ទៅកាន់ទីផ្សារខាងក្រៅ។

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់អំពីទិដ្ឋភាពយុទ្ធសាស្ត្រនយោបាយ ដែលពាក់ព័ន្ធនឹងការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោយ៉ាងដូច្នេះថា៖

«ទាក់ទងទៅនឹងយុទ្ធសាស្ត្រនយោបាយ មាន៦ចំណុចគឺ៖

១. អ្នកឯងឃើញសម្ដេចអតីតនាយករដ្ឋមន្ត្រី មានទំនាក់ទំនងល្អជាមួយពួកក្រហមថៃ អ្នកឯងបារម្ភ អញ្ចឹងកញ្ជៀកឱ្យកម្ពុជាទៅរកអ្នកឯងវិញ។ កម្ពុជាមានសិទ្ធិសម្រេច កម្ពុជាមានអធិបតេយ្យរបស់ខ្លួន កម្ពុជាប្រើប្រាស់នយោបាយផ្កាចម្រុះពណ៌ អ្នកណាក៏កម្ពុជាត្រូវដែរ ឱ្យតែមាននយោបាយ និងទិសដៅរួមគ្នា យើងនឹងធ្វើដើម្បីទាំងអស់គ្នា។

២. អ្នកវិនិយោគចូលមក បើសិនអ្នកវិនិយោគចូលមក កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន កម្ពុជានឹងមានភាពអស្ចារ្យ អញ្ចឹងប្រសិនបើព្រែកជីកហ្វូណនតេជោសម្រេចទៅបាន នោះសេដ្ឋកិច្ចខ្មែរនឹងកាន់តែមានភាពរឹងមាំ ដែលធ្វើឱ្យវៀតណាមព្រួយបារម្ភពីភាពស្មើមុខមាត់របស់កម្ពុជានៅក្នុងយុទ្ធសាស្ត្រជាមួយនឹងវៀតណាម។ នេះគឺជានយោបាយដើម្បីឱ្យកម្ពុជាចុះស្រុតអ្នកវិនិយោគ ហើយជាឱកាសដែលឆក់យកអ្នកវិនិយោគពីកម្ពុជាទៅវិញ។ បទពិសោធន៍ឆ្នាំ១៩៩៧។

៣. អ្នកល្អបំផុត យុទ្ធសាស្ត្រនយោបាយ អ្នកឯងរក្សាខ្លួននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក អាម៉េរិកក៏អ្នកឯងត្រូវ ចិនក៏អ្នកឯងត្រូវ។ ស៊ីជីនពីងចុះមកទីក្រុងហាណូយចាប់ដៃជាមួយអ្នកឯង ចូបៃដិនក៏ចាប់ដៃជាមួយអ្នកឯង តែអ្នកបំភ្លេចកម្ពុជា។ ផលប្រយោជន៍របស់អ្នកឯង អ្នកឯងធ្វើអ្វីៗទាំងអស់ ដើម្បីតែផលប្រយោជន៍អ្នកឯង កម្ពុជាក៏ត្រូវគិតផលប្រយោជន៍របស់កម្ពុជាដែរ ព្រោះកម្ពុជាជាប្រទេសមួយមានអធិបតេយ្យ មានការបោះឆ្នោត ដូច្នេះ រដ្ឋាភិបាលក៏ត្រូវរៀបចំដែរ ដើម្បីអី? ដើម្បីបង្ហាញថា កម្ពុជាមានស្ថិរភាព មានអ្នកមកវិនិយោគ។ នេះជាអ្វីដែលយើងត្រូវគិត។

៤. កាលណាដែលមានសេដ្ឋកិច្ចមានស្ថិរភាព នយោបាយរឹងមាំ តែបើសេដ្ឋកិច្ចមានការប្រែប្រួល នយោបាយក៏មានការប្រែប្រួលដែរ ដូច្នេះ ចង់ធ្វើឱ្យកម្ពុជាមានវិបត្តិសេដ្ឋកិច្ច ដើម្បីអ្នកឯងមានការងាយស្រួលក្នុងការអ្នកឯងចង្អុលកម្ពុជា? មិនមែនទេ កម្ពុជាធំហើយ កម្ពុជាមានអាយុ៤៤ឆ្នាំហើយ ដូច្នេះកម្ពុជាអាចគិតដោយខ្លួនឯងបានហើយ អ្នកឯងកុំបាច់គូសវាសឱ្យកម្ពុជា"។

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានលើកឡើងបន្តទៀតថា បើគេចង់ចោទកម្ពុជាថា កសាងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលដល់កងទ័ពចិននោះ វាជាការលំបាក និងផ្ទុយពីការពិត ព្រោះសហរដ្ឋអាម៉េរិកមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការតាមដានស្ថានភាពនៅលើផែនដីតាមរយៈផ្ការណប ដូចបទពិសោធដែលអាម៉េរិកបានវាយប្រហារដៃគូបដិបក្ខរបស់ខ្លួន ពិសេសករណីអូសាម៉ា ប៊ីនឡាដិន ជាដើម អាម៉េរិកបានធ្វើឃាតដោយមិនទាំងឱ្យប្រទេសសាមីបានដឹងជាមុនផង។ ដូច្នេះហើយគ្មានហេតុផលអ្វី ដែលកម្ពុជាត្រូវរៀបចំកសាងព្រែកជីកហ្វូណនតេជោដើម្បីវត្តមានកងទ័ពចិននោះឡើយ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បាន ថ្លែងសង្កត់ធ្ងន់ថា ការលើកឡើងដោយភ្ជាប់គម្រោងព្រែកជីកហ្វូណនតេជោទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយនេះ គឺដោយសារវៀតណាមមានការព្រួយបារម្ភចំពោះកម្ពុជា ដែលអាចមានលទ្ធភាពធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន ដែលវៀតណាមយល់ថាជាការប្រឈមរបស់ខ្លួន ក្នុងនាមជាប្រទេសជិតខាង ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«លទ្ធផលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨»

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...

2018-10-21 14:37:14   Sun, 21,10,2018, 02:37 PM
«ខួបទី២៧ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ចុះផ្សាយថ្ងៃអាទិត្យ ទី២១  ខែតុលា ឆ្នាំ២០១៨  ម៉ោង៖ ១២ និង២០នាទី ភ្នំពេញ៖ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោប...

2018-10-21 05:41:44   Sun, 21,10,2018, 05:41 AM
«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ព្រះសង្ឃជាង៥ម៉ឺនអង្គ មិនមែនខូចទាំងអស់នោះទេ ប៉ុន្តែយើងត្រូវកែសង្ឃដែលខុសវិន័យ២-៣អង្គ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិ...

2018-10-19 13:39:32   Fri, 19,10,2018, 01:39 PM
«សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ»

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្...

2018-10-19 13:29:13   Fri, 19,10,2018, 01:29 PM
«កិច្ចប្រជុំពិភាក្សាសេចក្តីព្រាង ចក្ខុវិស័យ បេសកកម្ម ភារកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំអង្គប្រជុំពិភាក្សា ស្តីអំពី...

2018-10-18 15:38:59   Thu, 18,10,2018, 03:38 PM
«តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) និង អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ?»

តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM)?កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) គឺជា​កិច្ចពិភាក្សា​នៃ​ដំណើរការ​ផ្លូវការ​មួយ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​សហភាព​អឺរ៉ុប​ទាំង៣០ប្រទេស និង​អាស៊ី...

2018-10-18 04:16:28   Thu, 18,10,2018, 04:16 AM

សេចក្តីប្រកាស