Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងអំពីការកត់សម្គាល់របស់ឯកឧត្ដមថា នៅតាមអង្គភាព ស្ថាប័នមួយចំនួន ពិសេសនៅតាមក្រុមហ៊ុនឯកជនធំៗ តែងតែមានការដាក់តាំង និងតុបតែងលម្អ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំសាកល និងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប៉ុន្តែហាក់ពុំសូវមានសម្បូរការតាំងលម្អដូចគ្នានេះ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឡើយ។ ចំណុចនេះ ឯកឧត្ដមបានចាត់ទុកថា ជាចំណុចខ្វះខាតដែលយើងពុំបានបង្ហាញអំពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតបានបន្តថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ពិតជាមានសារៈសំខាន់ណាស់ ដោយការតាំងលម្អនេះ គឺជាការបង្ហាញនិងរំឭកដល់ភ្ញៀវទេសចរដែលមកកាន់កម្ពុជាថា កម្ពុជាកំពុងត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ដែលនឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅតាមទីតាំងនានានៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីជាប្រពៃណីនេះ។ បើតាមឯកឧត្ដមបណ្ឌិត ការតាំងលម្អនៅតាមច្រកទ្វារអន្តរជាតិ និងនៅតាមអាកាសយានដ្ឋាន គឺជាសារដ៏សំខាន់មួយ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ បានដឹងឭ និងអាចសម្រេចចិត្តទៅទស្សនា និងចូលរួមនៅតាមរម ណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍នានានៅក្នុងប្រទេសផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត ឯកឧត្ដមបណ្ឌិត យង់ ពៅ បានពន្យល់ថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន និងនៅតាមច្រកទ្វារអន្តរជាតិនានា គឺជាការថែរក្សាតម្លៃ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ ដែលថ្នាក់ដឹកនាំនៅតាមអង្គភាព ស្ថាប័ន និងក្រុមហ៊ុននីមួយៗ គួរតែរៀបចំចាត់ចែងឱ្យខានតែបាន ដើម្បីបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងមោទកភាពចំពោះប្រពៃណី និងវប្បធម៌របស់ប្រជាជាតិខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញឱ្យមហាជន ជាពិសេសយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលផងដែរ ព្រោះគឺឱកាសដែលគេអាចជំរុញភាតរភាពនៅក្នុងចំណោមប្រជាជន និងសង្គមជាតិខ្មែរ ព្រមទាំងបង្ហាញអំពីសុខដុមភាពរបស់ប្រជាជាតិស្ថិតនៅក្រោមសន្តិភាពផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន់ ទីក្រុងគុនមីង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការនាំផល...
កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធី «សែនក្រុងពាលីបុកគ្...
រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ...
នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ...
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...