ព័ត៌មាន

អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវ ស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង

2024-04-09 13:00:33 ថ្ងៃអង្គារ, 09 មេសា 2024, 01:00 PM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង។

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម បានផ្ដល់នូវទស្សនៈយល់ឃើញចំពោះការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍។ ឯកឧត្ដមបណ្ឌិតបន្តថា ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីសំណាក់មហាជន ពិសេសយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលនេះគឺជាការថែរក្សានិងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរ ដែលជួនកាល នៅបន្ទាប់ពីការលេងល្បែងប្រជាប្រិយទាំងនេះហើយ ក៏មានឈានទៅដល់ការពិសារភោជនីយហារជាមួយគ្នាបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។ បន្ថែមពីនេះ ការលេងល្បែងប្រជាប្រិយ ក៏បានបង្ហាញអំពីភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងសម័យសុខសន្តិភាពផងដែរ។

តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុល?

សម្រាប់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល ទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្ម ពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។ បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបាន ក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះផងដែរ។ សម្រាប់ឯកឧត្ដមបណ្ឌិតផ្ទាល់ ការជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងគ្រប់កាលៈទេសៈ តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតទៅជា និន្នាការពេញនិយមនៅក្នុងការលេងល្បែងប្រជាប្រិយ ដែលមានលក្ខណៈបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងមហាជនទូទៅ។

សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងផងដែរថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ ឱ្យមានស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។ ជាមួយគ្នានេះ អង្គភាព ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយនីមួយៗ ក៏ដូចជាព្រះសង្ឃ ក៏ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញ នៅក្នុងការជំរុញ និងដូចជាបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទ ចូលរួមឱ្យបានកុះករ នៅក្នុងការលេងល្បែងប្រជាប្រិយនេះ នៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   Fri, 21,05,2021, 01:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   Thu, 20,05,2021, 12:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   Tue, 18,05,2021, 05:32 AM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   Tue, 18,05,2021, 05:20 AM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   Thu, 13,05,2021, 03:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   Thu, 13,05,2021, 08:04 AM

សេចក្តីប្រកាស