ព័ត៌មាន

អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវ ស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង

2024-04-09 13:00:33 ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 08:00 PM
អ្នកមើល 5458
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង។

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម បានផ្ដល់នូវទស្សនៈយល់ឃើញចំពោះការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍។ ឯកឧត្ដមបណ្ឌិតបន្តថា ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីសំណាក់មហាជន ពិសេសយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលនេះគឺជាការថែរក្សានិងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរ ដែលជួនកាល នៅបន្ទាប់ពីការលេងល្បែងប្រជាប្រិយទាំងនេះហើយ ក៏មានឈានទៅដល់ការពិសារភោជនីយហារជាមួយគ្នាបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។ បន្ថែមពីនេះ ការលេងល្បែងប្រជាប្រិយ ក៏បានបង្ហាញអំពីភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងសម័យសុខសន្តិភាពផងដែរ។

តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុល?

សម្រាប់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល ទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្ម ពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។ បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបាន ក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះផងដែរ។ សម្រាប់ឯកឧត្ដមបណ្ឌិតផ្ទាល់ ការជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងគ្រប់កាលៈទេសៈ តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតទៅជា និន្នាការពេញនិយមនៅក្នុងការលេងល្បែងប្រជាប្រិយ ដែលមានលក្ខណៈបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងមហាជនទូទៅ។

សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងផងដែរថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ ឱ្យមានស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។ ជាមួយគ្នានេះ អង្គភាព ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយនីមួយៗ ក៏ដូចជាព្រះសង្ឃ ក៏ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញ នៅក្នុងការជំរុញ និងដូចជាបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទ ចូលរួមឱ្យបានកុះករ នៅក្នុងការលេងល្បែងប្រជាប្រិយនេះ នៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ជំនួបរវាងក្រុមការងារសិក្សាស្រាវជ្រាវនៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា...

2022-10-13 04:20:25   ថ្ងៃព្រហស្បតិ៍, 13 តុលា 2022 ម៉ោង 11:20 AM
ការទូតដើមឫស្សី ក្នុងនយោបាយការបរទេសវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

«ការទូតដើមឫស្សី–Bamboo Diplomacy» ជាសិល្បៈការទូតមួយបែប ដែលបានព្យាយាម ចាក់ប្ញសគល់ យ៉ាងរឹងមាំ និងអាចបទបែនទៅបានគ្រប់ទិសទី ទៅតាមបរិបទនៃនយោបាយ ដែលប្រៀបបានទៅហ្នឹងដើមឫស្សី មួយគុម្ពដែលមានប្រសគល់យ៉ាងរឹងមាំ បើទ...

2022-10-12 04:59:28   ថ្ងៃពុធ, 12 តុលា 2022 ម៉ោង 11:59 AM
សប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម និង ចក្ខុវិស័យអាស៊ាន២០២៥ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែលហៅកាត់ថា «អាស៊ាន» (ASEAN) បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសស្ថាបនិកចំនួន៥។ ក្រោយមកទើបសមាជិកថ្មីៗចូលជាបន្តបន្ទាប់...

2022-10-08 05:01:29   ថ្ងៃសៅរ៍, 08 តុលា 2022 ម៉ោង 12:01 PM
សិក្ខាសាលាអំពីការអភិវឌ្ឍទីលានចាក់សំណល់ និងការកែច្នៃសំណល់ទៅជាថាមពល

បាត់ដំបង៖ កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិ...

2022-10-02 07:24:04   ថ្ងៃអាទិត្យ, 02 តុលា 2022 ម៉ោង 02:24 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាជាមួយនាយកសាលាអន្តរជាតិកម្ពុជា-ចិន!

នៅលាព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក James Gao Jian នាយកសាលាអន្តរជាតិកម្ពុជា-ចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃ...

2022-09-30 05:16:20   ថ្ងៃសុក្រ, 30 កញ្ញា 2022 ម៉ោង 12:16 PM
ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្វាគមន៍ គណៈអភិបាល ស្រុក- ខេត្ត (ថ្មី)នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប៖ ការអភិរក្ស និងអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជារឿងចាំបាច់បំផុតដែលថ្នាក់ដឹកនាំ រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក...

2022-09-29 08:40:58   ថ្ងៃព្រហស្បតិ៍, 29 កញ្ញា 2022 ម៉ោង 03:40 PM

សេចក្តីប្រកាស