ព័ត៌មាន

អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវ ស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង

2024-04-09 13:00:33 ថ្ងៃអង្គារ, 09 មេសា 2024, 01:00 PM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង។

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម បានផ្ដល់នូវទស្សនៈយល់ឃើញចំពោះការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍។ ឯកឧត្ដមបណ្ឌិតបន្តថា ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីសំណាក់មហាជន ពិសេសយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលនេះគឺជាការថែរក្សានិងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរ ដែលជួនកាល នៅបន្ទាប់ពីការលេងល្បែងប្រជាប្រិយទាំងនេះហើយ ក៏មានឈានទៅដល់ការពិសារភោជនីយហារជាមួយគ្នាបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។ បន្ថែមពីនេះ ការលេងល្បែងប្រជាប្រិយ ក៏បានបង្ហាញអំពីភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងសម័យសុខសន្តិភាពផងដែរ។

តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុល?

សម្រាប់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល ទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្ម ពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។ បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបាន ក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះផងដែរ។ សម្រាប់ឯកឧត្ដមបណ្ឌិតផ្ទាល់ ការជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងគ្រប់កាលៈទេសៈ តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតទៅជា និន្នាការពេញនិយមនៅក្នុងការលេងល្បែងប្រជាប្រិយ ដែលមានលក្ខណៈបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងមហាជនទូទៅ។

សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងផងដែរថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ ឱ្យមានស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។ ជាមួយគ្នានេះ អង្គភាព ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយនីមួយៗ ក៏ដូចជាព្រះសង្ឃ ក៏ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញ នៅក្នុងការជំរុញ និងដូចជាបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទ ចូលរួមឱ្យបានកុះករ នៅក្នុងការលេងល្បែងប្រជាប្រិយនេះ នៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ការគ្រប់គ្រងដើមម៉ៃសាក់សម្រាប់ស្តុកកាបូន»

កញ្ញា Pinyarat  Chayaporn  ជាវាគ្មិនមួយរូបដែលបានអញ្ជើញពីប្រទេសថៃ ដោយកញ្ញាបានបង្ហាញពីសារៈសំខាន់នៃដើមម៉ៃសាក់ ស្តុកកាបូនមាននៅក្នុង៤ផ្នែក ។កញ្ញា Pinyarat  Chayaporn  បានលើកជាសំណួថា «ហេតុអ្វីត្រូវការសិក្សា...

2019-03-17 10:23:11   Sun, 17,03,2019, 10:23 AM
«ការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល»

កញ្ញា Sutida Rumphoei  ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គា...

2019-03-17 09:59:35   Sun, 17,03,2019, 09:59 AM
«តើអ្វីទៅជា សេដ្ឋកិច្ចនៃផលិតករឈើបន្ទះខ្នាតតូច និងបានពាក់ព័ន្ធទៅលើកត្តាអ្វីខ្លះ...? »

សិក្ខាសាលាអន្ដរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នោះ លោក បណ្ឌិត Tak...

2019-03-17 09:42:13   Sun, 17,03,2019, 09:42 AM
«សារៈសំខាន់នៃការទ្រទ្រង់ការដាំដុះព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង​»

ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» លោក...

2019-03-17 09:16:44   Sun, 17,03,2019, 09:16 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...

2019-03-16 07:00:22   Sat, 16,03,2019, 07:00 AM
«រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាអន្តរជាតិពីការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាប នៅខេត្តសៀមរាប»

សិក្ខាសាលា​អន្តរជាតិមួយស្តីពី «កាលា​នុវត្ត​ភាព​ក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃ​ឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Projec...

2019-03-16 04:08:49   Sat, 16,03,2019, 04:08 AM

សេចក្តីប្រកាស