ព័ត៌មាន

អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីទំនៀមទម្លាប់ និងនិន្នាការផ្លាស់ប្ដូរ ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក ប្រវត្តិសាស្ត្រ និងការវិវត្តនៃសង្គម

2024-04-09 12:55:26 ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 07:55 PM
អ្នកមើល 6155
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជនជាតិខ្មែរគឺជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនតាខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ គឺជាពិធីបុណ្យដែលមានប្រវត្តិកកើតយូរលង់ណាស់មកហើយ គឺចាប់ពីតាំងពីក្នុងពេលដែលខ្មែរគោរពប្រតិបត្តិព្រហ្មញ្ញសាសនា រហូតដល់ពេលដែលខ្មែរបែរមកប្រតិបត្តិតាមពុទ្ធសាសនាមកទល់នឹងបច្ចុប្បន្ន។ ការវិវត្តនៅប្រវត្តិសាស្ត្រ និងការផ្លាស់ប្ដូរស្ថានភាពនៃសង្គមជាតិក្នុងដំណាក់កាលនីមួយៗ បានជះឥទ្ធិពលផងដែរ ដល់ទំនៀមទម្លាប់និងនិន្នាការផ្លាស់ប្ដូរនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកជំនាញ ៣រូប នៃរាជបណ្ឌិត្យសភាកម្ពុជា បានបកស្រាយអំពីទំនៀមទម្លាប់ និងនិន្នាការផ្លាស់ប្ដូរ ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក ប្រវត្តិសាស្ត្រ និងការវិវត្តនៃសង្គម ដោយឈរនៅលើទស្សនៈយល់ឃើញផ្សេងៗគ្នា។

ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសិលាចារឹក បានមានប្រសាសន៍លើកឡើងថា ខ្មែរបានប្រើប្រាស់ពាក្យ «ច្នំ» តាំងពី សតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ នេះបើយោងទៅតាមលោក ហ្សក ហ្សឺដេស បុរាណវិទូជនជាតិបារាំង ដែលបានគូសបញ្ជាក់ថា តាមរយៈសិលាចារឹកK.90 បានបង្ហាញថា មានពាក្យ "ច្នំ" ដែលសំដៅទៅដល់ការរៀបចំពិធីបុណ្យចូលឆ្នាំនៅមុនសម័យអង្គរ។ ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា បានគូសបញ្ជាក់បន្ថែមថា នៅដើមសតវត្សរ៍ទី១០ ពាក្យ «សង្ក្រាន្ត» ត្រូវបានប្រើប្រាស់ដំបូងនៅក្នុងរាជ្យ ព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២២)។ ឯកឧត្ដមបណ្ឌិតបានបន្តទៀតថា នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ក៏ទ្រង់បានប្រើប្រាស់ពាក្យ «ចាំចំនាំសង្ក្រាន្ត» ផងដែរ។

ចំពោះការប្រើប្រាស់ទឹកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវបានឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា ពន្យល់បកស្រាយថា នៅក្នុងសម័យមុនអង្គរនិងអង្គរ ក៏មានការប្រើប្រាស់ទឹក នៅក្នុងពិធីស្រង់ព្រះផងដែរ ដែលពាក្យថា «ព្រះ» នៅពេលនោះសម្ដៅលើអាទិទេព (ដោយសារខ្មែរនាពេលសម័យនោះកាន់ព្រហ្មញ្ញសាសនា)។ ចំណែកឯ ទឹកដែលត្រូវប្រើនោះ គឺត្រូវបានគេសម្អាត និងអប់ទឹកអប់ ព្រមទាំងផ្កាភ្ញី បន្ថែមផងដែរ។ ពិធីនេះបានឆ្លងមកដល់ពេលក្រោយមកទៀត នៅពេលដែលខ្មែរបានបែរមកប្រតិបត្តិព្រះពុទ្ធសាសនា ក៏មានពិធីស្រង់ព្រះផងដែរ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ពិធីស្រង់ព្រះនេះ សំដៅលើការយកទឹកស្រង់សម្អាតព្រះបដិមា និងការស្រង់ទឹកជូនដល់ឪពុកម្ដាយ ជីដូនជីតា ដែលជាព្រះរស់ និងជួនកាល នៅតាមស្រុកភូមិនានា មានរៀបចំពិធីស្រង់ព្រះ ដោយអញ្ជើញចាស់ទុំនៅក្នុងភូមិស្រុកចូលរួមផងដែរ។ ឯកឧត្ដមបណ្ឌិតបន្តថា ទំនៀមទម្លាប់នៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានវិវត្តប្រែប្រួលបន្តិចម្ដងៗពីសម័យកាលមួយទៅសម័យកាលមួយ ដោយសារតែកត្តាមួយចំនួនដូចជា កត្តាវប្បធម៌ និងជំនួញជាដើម។

សម្រាប់ឯកឧត្ដមបណ្ឌិត យង់ ពៅ ទំនៀមទម្លាប់ប្រើប្រាស់ទឹកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទំនងជាកើតមានតាំងពីសតវត្សរ៍ទី១ នៃគ្រិស្តសករាជ ឬតាំងពីមុននេះផង។ ឯកឧត្ដមបណ្ឌិតគូសបញ្ជាក់បន្ថែមថា នៅក្នុងវប្បធម៌និងជំនឿរបស់ខ្មែរ ទឹកបានដើរតួនាទីនៅក្នុងទិដ្ឋភាពជាច្រើនដូចជា មានទឹកមន្ត ទឹកអង់ នៅក្នុងពិធីសាសនា ក៏ដូចជាពិធីប្រពៃណីដូចជា ពិធីអាពារពិពាហ៍ជាដើម។ ទោះជាយ៉ាងណា ខ្មែរហាក់បានភ្លេចខ្លួនអំពីទំនៀមទម្លាប់ប្រើប្រាស់ទឹកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រហូតដល់មានអ្នកខ្លះបានយល់ច្រឡំថា ការលេងទឹកនៅក្នុងពិធីបុណ្យចូលឆ្នាំ គឺជាវប្បធម៌របស់ជាតិសាសន៍ដទៃទៅវិញ ដែលប្រការនេះបណ្ដាលមកពីកង្វះចន្លោះនៅក្នុងការសិក្សាស្រាវជ្រាវ និងកំហុសបណ្ដាលមកពមិនមានការអប់រំផ្សព្វផ្សាយផងដែរ។

ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ក្រូសក្រូរីយ៉េ បានសរសេរសៀវភៅមួយក្រោមចំណងជើង «ទីក្រុងទឹកអង្គរ ជំហរអារ្យធម៌ខ្មែរ» ដែលបានបង្ហាញយ៉ាងច្បាស់ថា ទឹកបានក្លាយជាគ្រឹះដ៏សំខាន់នៅក្នុងវប្បធម៌ អារ្យធម៌ ពិសេសសំណង់ស្ថាបត្យកម្មខ្មែរបុរាណ។ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តឱ្យបន្តថែរក្សាមរតកវប្បធម៌របស់ខ្មែរ ដែលជារបស់យើងទាំងអស់គ្នា។

ឯកឧត្ដមបណ្ឌិតបានបន្តថ្លែងបញ្ជាក់អំពីគុណតម្លៃនៃទឹកនៅក្នុងជំនឿរបស់ខ្មែរ ដោយលើកឧទាហរណ៍អំពី ទឹកនៅទីលានស្ទឹងពាន់ផងដែរ ដែលបុព្វបុរសខ្មែរបានកំណត់ថាទឹកហូរពីស្ទឹងនេះ គឺជាទឹកដ៏ស័ក្តិសិទ្ធិនៅក្នុងជំនឿបុរាណរបស់ខ្មែរ។

ទោះជាយ៉ាងណា ការវិវត្តសង្គមតែងតែកើតមានឡើងជាបន្តបន្ទាប់ ហើយបើតាមទស្សនៈរបស់ឯកឧត្ដមបណ្ឌិត កូនខ្មែរជំនាន់ក្រោយ ត្រូវតែធ្វើយ៉ាងណា កុំឱ្យប្រព្រឹត្តឆ្គាំឆ្គងប្រាសចាកអំពីវប្បធម៌និងប្រពៃណីខ្មែរ។ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តថា គេគួរតែប្ដូរពីពាក្យបាញ់ទឹក ជះទឹក មកប្រើពាក្យ ប្រោះព្រំទឹក ដែលជាពាក្យដ៏សមរម្យនៅក្នុងភាសាខ្មែរ និងជាការថែរក្សាតម្លៃវប្បធម៌ខ្មែរ ចៀសវាងការលេងទឹកបាញ់ទៅលើអ្នកដំណើរនៅតាមដងផ្លូវ និងនៅទីកន្លែងសាធារណៈនានា ដែលអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា ការលេងទឹក ប្រោះព្រំទឹក គឺជាវប្បធម៌ខ្មែរ ដែលវិវត្តពីការស្រង់ព្រះក្នុងវត្ត និងស្រង់ព្រះក្នុងផ្ទះ មកជាការប្រោះព្រំទឹកទៅដល់គ្នាទៅវិញទៅមក តែទោះជាយ៉ាងណា ឯកឧត្ដមបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ រៀបចំទីកន្លែងសមស្របសម្រាប់ការលេងទឹក ដើម្បីជាការប្រោះព្រំដល់បណ្ដាជនទាំងឡាយដែលមានបំណងលេងទឹក ចៀសវាងការលេងទឹកនៅតាមទីកន្លែងសាធារណៈ ដែលអាចបង្កជាភាពអនាធិបតេយ្យ និងបង្កជាគ្រោះថ្នាក់ផ្សេងៗ។

ចំណែកលោកស្រីបណ្ឌិត ជា វណ្ណី ក៏បានលើកឡើងផងដែរអំពីតួនាទីទឹកនៅក្នុងតម្លៃវប្បធម៌ និងជំនឿរបស់ខ្មែរថា ទឹកបានស្ថិតនៅជាមួយនឹងវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ ដែលតាមរឿងព្រេងនិទានដែលគេបានភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរបានបង្ហាញថា នាគនាងដែលត្រូវចាត់ទុកថាជាក្សត្រីខ្មែរដំបូងគេ បានជួបជាមួយនឹង ហ៊ុន ទៀន ដែលជាជនជាតិឥណ្ឌា ដែលមានប្រពៃណីបុណ្យហូលី មានការប៉ាតម្សៅ។ ទោះជាយ៉ាងណា លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា នៅសម័យមុន គេមានការរក្សាតម្លៃសីលធម៌ ដោយមុននឹងលេង មានការលើកដៃសំពះសុំទោស និងសុំលេងក្នុងលក្ខណៈថ្លៃថ្នូរ គោរព និងឱ្យតម្លៃគ្នាជាមុន។ ម្យ៉ាងទៀត នៅក្នុងគ្រប់ស្ថាបត្យកម្មរបស់ខ្មែរសុទ្ធសឹងតែមានគូទឹក ដែលបង្ហាញថាទឹកមានតម្លៃធំធេងណាស់។

លោកស្រីបណ្ឌិត ក៏បានលើកឡើងពាក់ព័ន្ធនឹងរឿងនិទានអំពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរផងដែរថា កបិល មហា ព្រហ្មជាទេព្ដាអភិបាលលោក ដែលបានចាញ់ភ្នាល់ជាមួយនឹងធម្មបាលកុមារ ដែលលើកឡើងអំពីសិរីសួស្ដីទាំង៣ប្រការ ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងទឹក។ លោកស្រីក៏បានលើកឡើងអំពី កំណត់ត្រារបស់លោក ជីវ តាក្វាន់ ដែលបានគូសបញ្ជាក់អំពីការយកទឹកពីគ្រប់ទិសទី មកស្រង់ព្រះ ដែលស្រង់ទាំងព្រះក្នុងវត្ត ទាំងមាតាបិតាដែលជាព្រះរស់ និងចាស់ទុំនៅក្នុងស្រុកភូមិ។

ទោះជាយ៉ាងណា លោកស្រីបណ្ឌិត ជា វណ្ណី បានសំណូមពរឱ្យបង្វែរការប្រព្រឹត្តសកម្មភាពបាញ់ទឹក ឬគប់ទឹក មកជាការយកទឹកមកប្រោះព្រំដល់គ្នាទៅវិញទៅមក និងបង្គ្រប់ជាការផ្ដល់ពរដល់គ្នាទៅវិញទៅមក៕


RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ក្រុមប្រឹក្សាជាតិភាសាខ្មែរស្នើឱ្យសរសេរឈ្មោះខេត្ត និងទីតាំងនានាជាអក្សរឡាតាំងឱ្យមានការឯកភាព»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោ...

2020-08-13 10:18:38   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 05:18 PM
Meaning of Cambodia-China Free Trade Agreement for Cambodian Farmers By: Seun Sam

Opinion!August 12, 2020 European Union withdrew 20 percent of duty-free goods from Cambodia. According to the statement of the ministry of commerce of Cambodia, The Kingdom expected to sign a Free Tra...

2020-08-13 09:36:25   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 04:36 PM
Still Cambodians Go Abroad for Health Check-Up During the Covid 19? By: Seun Sam

Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....

2020-08-13 09:28:31   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 04:28 PM
តើនរណាជាទស្សនវិទូ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-10 10:07:56   ថ្ងៃចន្ទ, 10 សីហា 2020 ម៉ោង 05:07 PM
«ជំនួបជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្...

2020-08-06 10:41:06   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 05:41 PM
តើវប្បធម៌មានតែចំពោះមនុស្សឬ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-06 07:47:46   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស