ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ការប្រោះព្រំទឹកជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ

2024-04-09 09:52:15 ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:52 PM
អ្នកមើល 19392
post_detail

យោងតាមកិច្ចពិភាក្សាពីប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រោះព្រំទឹក ជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងជ័យបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ។

ក្នុងអារ្យធម៌ខ្មែរយើង ទឹកត្រូវបានប្រើប្រាស់សម្រាប់ការប្រោះព្រំទឹក សម្រាប់ឱ្យពរជ័យ ផ្ដល់ភាពត្រជាក់ត្រជំ។ ខ្មែរយើង មានពិធីស្រង់ព្រះ ហើយការស្រោចទឹកនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ក៏វិវត្តចេញពីទំនៀមទម្លាប់ស្រង់ព្រះនេះដែរ។ ពិធីស្រង់ព្រះច្រើនធ្វើនៅតាមវត្តអារាម ដោយប្រើទឹកដែលស្អាត មានបាញ់ទឹកអប់ឬអប់ទឹកដោយផ្កាឈូក ឬផ្កាម្លិះ មានក្លិនក្រអូប សម្រាប់ស្រោចប្រោះព្រំ ដល់ព្រះពុទ្ធបដិមា។

រីឯលោកស្រីបណ្ឌិត ជា វណ្ឌី បានបញ្ជាក់ថា ការលេងទឹក ស្រោចឬប្រោះព្រំទឹកនេះ មិនមែនទើបតែមានក្នុងសង្គមខ្មែរយើងនោះទេ។ នៅពេលចូលឆ្នាំថ្មី ការប្រោះព្រំទឹក គឺដើម្បីជម្រះឧបទ្របចង្រៃ ដែលមានពីឆ្នាំចាស់ និងបានសិរីសួស្ដីក្នុងឆ្នាំថ្មី។ ម៉្យាងវិញទៀត នៅក្នុងវប្បធម៌ខ្មែរ គេប្រើទឹកសម្រាប់ប្រារព្ធពិធីស្រង់ព្រះ ក្នុងវត្តអារាម និងប្រើសម្រាប់ស្រង់ព្រះរស់ នៅតាមគេហដ្ឋាន ហើយនេះ មិនកំណត់ត្រឹមតែសាច់ញាតិ គឺប្រើទូលាយដល់សាច់ញាតិ ជិតខាង មិត្តភក្តិ ហើយត្រូវការអនុញ្ញាតពីសាមីខ្លួន។ លោកស្រីបណ្ឌិត ជា វណ្ណី បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរយើង ល្អប្រពៃណាស់ មុននឹងស្រោចស្របទឹកជូនឪពុកម្ដាយ ចាស់ទុំ ឬញាតិមិត្ត គប្បីតែងត្រូវសុំការអនុញ្ញាតជាមុនសិន ទើបស្រោចជាក្រោយ។

ជាមួយគ្នានេះដែរ ក៏មានទំនៀមទម្លាប់ស្រង់ទឹក នៅពេលមានពិធីដង្ហែរព្រះនៅក្នុងភូមិ ឆ្ពោះទៅកាន់ទីវត្តអារាម ដោយប្រជាពលរដ្ឋ មានរៀបចំដាក់ពាងឬធុងទឹកនៅមុខផ្ទះ ទុកសម្រាប់ព្រះសង្ឃនិមន្តមក ស្រោចទឹកជូនពរជ័យដល់ម្ចាស់ផ្ទះឬញាតិជិតខាងនៅតាមភូមិតាមផ្លូវជាហូរហែ។

តាមបែបជំនឿក្នុងសង្គមខ្មែរយើង ប្រជាពលរដ្ឋក៏អាចអញ្ជើញទៅវត្តអារាម និមន្តព្រះសង្ឃស្រោចទឹកលើករាសី។ គ្រូខ្មែរបុរាណ ក៏មានប្រើប្រាស់ការស្រោចទឹករំដោះគ្រោះដល់អ្នកមានជំនឿឬទៅរកការព្យាបាលឬទស្សស៍ទាយជាហូរហែ។ ដោយឡែក នៅក្នុងគ្រួសារខ្មែរយើង ឪពុកម្ដាយជាច្រើន ក៏ធ្លាប់បានរៀបចំធ្វើពិធីស្រោចទឹកឱ្យពរជ័យដល់កូនៗបានដូចគ្នា។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ដែរថា ការបាញ់ ការជះ ឬការគប់ទឹក អាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកធ្វើដំណើរ ដូច្នេះគួរគិតពិចារណាឡើងវិញ ដោយសារការប្រើកាំភ្លើងបាញ់ទឹក ឬការគប់ទឹក ដល់អ្នកដំណើរគ្រាន់តែជាទំនោរបែបថ្មីក្នុងសង្គមយើងរងឥទ្ធិពលពីប្រទេសជិតខាង។ ដោយផ្អែកលើទិដ្ឋភាព សុវត្ថិភាពជាសំខាន់ ឯកឧត្ដមបណ្ឌិត យង់ ពៅ ស្នើដល់អាជ្ញាធរដែនដី គប្បីរៀបចំកំណត់ទីតាំងច្បាស់លាស់សម្រាប់ការលេងទឹកនៅពេលចូលឆ្នាំថ្មីខាងមុខនេះ ក្នុងទ្រង់ទ្រាយមួយ ដែលមិនប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។

RAC Media

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដី...

2022-12-22 05:20:33   ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 12:20 PM
កម្មវិធីអាហាររូបករណ៍នៃសាធារណរដ្ឋកូរ៉េ International Scholar Exchange Fellowship (ISEF) សម្រាប់ឆ្នាំ ២០២៣-២០២៤

ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (CIAS) នៃសាធារណរដ្ឋកូរ៉េ នៅចាប់តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC-RAC) សូមប្រកាស​កម្មវិ...

2022-12-21 09:17:23   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 04:17 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាទទួលបានជោគជ័យ៣ចំណុចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាស​អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រ...

2022-12-21 08:32:21   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:32 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងនៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្...

2022-12-21 08:16:36   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:16 PM
រាជបណ្ឌិត្យសភាកម្ពុជា គ្រោងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា ជាមួយសាលាខេត្តបាត់ដំបង លើការអភិវឌ្ឍនិងការកែប្រែសំណល់ទៅជាថាមពលនៅខេត្តបាត់ដំបង។

នៅថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារស្រាវជ្រាវ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យស...

2022-12-20 08:12:15   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 03:12 PM
លោក Futoshi NISHIMOTO៖ កិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអាស៊ានជប៉ុនលើកទី២៥នាពេលកន្លងមកនេះ

លោក Futoshi NISHIMOTO លេខាទី១នៃស្ថានទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអា...

2022-12-20 07:33:04   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 02:33 PM

សេចក្តីប្រកាស