ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ការប្រោះព្រំទឹកជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ

2024-04-09 09:52:15 ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:52 PM
អ្នកមើល 19462
post_detail

យោងតាមកិច្ចពិភាក្សាពីប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រោះព្រំទឹក ជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងជ័យបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ។

ក្នុងអារ្យធម៌ខ្មែរយើង ទឹកត្រូវបានប្រើប្រាស់សម្រាប់ការប្រោះព្រំទឹក សម្រាប់ឱ្យពរជ័យ ផ្ដល់ភាពត្រជាក់ត្រជំ។ ខ្មែរយើង មានពិធីស្រង់ព្រះ ហើយការស្រោចទឹកនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ក៏វិវត្តចេញពីទំនៀមទម្លាប់ស្រង់ព្រះនេះដែរ។ ពិធីស្រង់ព្រះច្រើនធ្វើនៅតាមវត្តអារាម ដោយប្រើទឹកដែលស្អាត មានបាញ់ទឹកអប់ឬអប់ទឹកដោយផ្កាឈូក ឬផ្កាម្លិះ មានក្លិនក្រអូប សម្រាប់ស្រោចប្រោះព្រំ ដល់ព្រះពុទ្ធបដិមា។

រីឯលោកស្រីបណ្ឌិត ជា វណ្ឌី បានបញ្ជាក់ថា ការលេងទឹក ស្រោចឬប្រោះព្រំទឹកនេះ មិនមែនទើបតែមានក្នុងសង្គមខ្មែរយើងនោះទេ។ នៅពេលចូលឆ្នាំថ្មី ការប្រោះព្រំទឹក គឺដើម្បីជម្រះឧបទ្របចង្រៃ ដែលមានពីឆ្នាំចាស់ និងបានសិរីសួស្ដីក្នុងឆ្នាំថ្មី។ ម៉្យាងវិញទៀត នៅក្នុងវប្បធម៌ខ្មែរ គេប្រើទឹកសម្រាប់ប្រារព្ធពិធីស្រង់ព្រះ ក្នុងវត្តអារាម និងប្រើសម្រាប់ស្រង់ព្រះរស់ នៅតាមគេហដ្ឋាន ហើយនេះ មិនកំណត់ត្រឹមតែសាច់ញាតិ គឺប្រើទូលាយដល់សាច់ញាតិ ជិតខាង មិត្តភក្តិ ហើយត្រូវការអនុញ្ញាតពីសាមីខ្លួន។ លោកស្រីបណ្ឌិត ជា វណ្ណី បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរយើង ល្អប្រពៃណាស់ មុននឹងស្រោចស្របទឹកជូនឪពុកម្ដាយ ចាស់ទុំ ឬញាតិមិត្ត គប្បីតែងត្រូវសុំការអនុញ្ញាតជាមុនសិន ទើបស្រោចជាក្រោយ។

ជាមួយគ្នានេះដែរ ក៏មានទំនៀមទម្លាប់ស្រង់ទឹក នៅពេលមានពិធីដង្ហែរព្រះនៅក្នុងភូមិ ឆ្ពោះទៅកាន់ទីវត្តអារាម ដោយប្រជាពលរដ្ឋ មានរៀបចំដាក់ពាងឬធុងទឹកនៅមុខផ្ទះ ទុកសម្រាប់ព្រះសង្ឃនិមន្តមក ស្រោចទឹកជូនពរជ័យដល់ម្ចាស់ផ្ទះឬញាតិជិតខាងនៅតាមភូមិតាមផ្លូវជាហូរហែ។

តាមបែបជំនឿក្នុងសង្គមខ្មែរយើង ប្រជាពលរដ្ឋក៏អាចអញ្ជើញទៅវត្តអារាម និមន្តព្រះសង្ឃស្រោចទឹកលើករាសី។ គ្រូខ្មែរបុរាណ ក៏មានប្រើប្រាស់ការស្រោចទឹករំដោះគ្រោះដល់អ្នកមានជំនឿឬទៅរកការព្យាបាលឬទស្សស៍ទាយជាហូរហែ។ ដោយឡែក នៅក្នុងគ្រួសារខ្មែរយើង ឪពុកម្ដាយជាច្រើន ក៏ធ្លាប់បានរៀបចំធ្វើពិធីស្រោចទឹកឱ្យពរជ័យដល់កូនៗបានដូចគ្នា។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ដែរថា ការបាញ់ ការជះ ឬការគប់ទឹក អាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកធ្វើដំណើរ ដូច្នេះគួរគិតពិចារណាឡើងវិញ ដោយសារការប្រើកាំភ្លើងបាញ់ទឹក ឬការគប់ទឹក ដល់អ្នកដំណើរគ្រាន់តែជាទំនោរបែបថ្មីក្នុងសង្គមយើងរងឥទ្ធិពលពីប្រទេសជិតខាង។ ដោយផ្អែកលើទិដ្ឋភាព សុវត្ថិភាពជាសំខាន់ ឯកឧត្ដមបណ្ឌិត យង់ ពៅ ស្នើដល់អាជ្ញាធរដែនដី គប្បីរៀបចំកំណត់ទីតាំងច្បាស់លាស់សម្រាប់ការលេងទឹកនៅពេលចូលឆ្នាំថ្មីខាងមុខនេះ ក្នុងទ្រង់ទ្រាយមួយ ដែលមិនប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។

RAC Media

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ បារីអេឡិចត្រូនិក គ្រឿងញៀន និងគ្រឿងស្រវឹង ជាបញ្ហាសង្គមដែលទាមទារការចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិកនៅកម្ពុជា មិនថាជាការវិនិយោគផលិតសម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់ការនាំចេញនោ...

2025-05-08 10:28:30   ថ្ងៃព្រហស្បតិ៍, 08 ឧសភា 2025 ម៉ោង 05:28 PM
រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជាគ្រោងរៀបចំវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា​ឆ្នាំ ២០២៥ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយអ្នកស្រី Sirinapa RAN...

2025-05-06 06:57:27   ថ្ងៃអង្គារ, 06 ឧសភា 2025 ម៉ោង 01:57 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ ដើម្បីវាយតម្លៃស្តង់ដាគុណភាព និងជំរុញលើកកម្ពស់ការសិក្សាស្រាវជ្រាវ

  (រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក...

2025-04-30 09:45:54   ថ្ងៃពុធ, 30 មេសា 2025 ម៉ោង 04:45 PM
ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី៖ ការពង្រឹងចំណងមិត្តភាពក្នុងស្ថានភាពនៃការប្រកួតប្រជែងរវាងមហាអំណាច

ដោយ : គិន ភា បណ្ឌិត ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំនេះគឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ នៃកា​រ​បង្រួប​បង្រួមប្រទេសវៀតណាម។ វាជា​ឱកាសដ...

2025-04-30 05:11:22   ថ្ងៃពុធ, 30 មេសា 2025 ម៉ោង 12:11 PM
បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសា...

2025-04-29 09:19:36   ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំការប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជាំ និងដាក់ទិសការងារនៅត្រីមាសបន្ទាប់

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ក្រវាន់ អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្...

2025-04-29 08:32:55   ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 03:32 PM

សេចក្តីប្រកាស