ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួួយប្រតិភូសាកលវិទ្យាល័យរុស្ស៊ី ដែលដឹកនាំដោយលោកស្រី Ksenia Trinchenko ប្រធាននាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី

2024-04-05 10:04:23 ថ្ងៃសុក្រ, 05 មេសា 2024, 10:04 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំជាមួយនឹងនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី។ ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យស្រាវជ្រាវ វិទ្យាសាស្ត្រ អប់រំ និងបណ្ដុះបណ្ដាលរវាងស្ថាប័នទាំងពីរ។

ថ្លែងក្នុងឱកាសជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងការស្វាគមន៍ និងសេចក្ដីសោមន្សក្នុងជំនួបជាមួយនឹងប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី ព្រមទាំងបានណែនាំអំពីសមាសភាពភាគីរាជបណ្ឌិត្យសភាកម្ពុជា តួនាទី បេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុញឱ្យភាគីរុស្ស៊ីពិចារណាបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

លោកស្រី Ksenia Trinchenko បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការរៀបចំជំនួបនាឱកាសនេះ។ លោកស្រីបានកោតសរសើរឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលនៅតែប្រើប្រាស់និងចងចាំភាសារុស្ស៊ីបានយ៉ាងស្ទាត់ច្បាស់ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជាច្រើនឆ្នាំកន្លងមកហើយ។ លោកស្រីក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីៗ និងស្នាដៃវិទ្យាសាស្ត្រនានា ដែលរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សម្រេចបាននាពេលកន្លងមកនេះផងដែរ។ លោកស្រីបន្ថែមទៀតថា រុស្ស៊ីនៅតែបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយរុស្ស៊ីនៅតែមានបំណងចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍធនធានមនុស្សជាមួយកម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់រុស្ស៊ីនៅក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលកន្លងមកបានបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាច្រើនរូប ដែលក្រោយបញ្ចប់ការសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ធនធានទាំងនោះ បានវិលត្រឡប់មកបម្រើការងារជូនជាតិមាតុភូមិគ្រប់កម្រិតនិងស្ទើរតែគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងសង្កត់ធ្ងន់អំពីសក្ដានុពលវិស័យវប្បធម៌ ទេសចរណ៍ បរិស្ថាន និងធនធានធម្មជាតិដែលមាននៅក្នុងតំបន់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជម្រាបជូនប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ីផងដែរ ដើម្បីភាគីទាំងពីរពិនិត្យមើលលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគតផងដែរ។

ជាចុងបញ្ចប់ លោកស្រី Ksenia Trinchenko បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យថា ភាគីរុស្ស៊ីស្នើសូមអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឱកាសសមស្របណាមួយ ហើយឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរផ្ទាល់តែម្ដង។ បន្ថែមពីនេះ ក្នុងនាមនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី លោកស្រីក៏បានបង្ហាញបំណងអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅចូលរួមជាវាគ្មិននៅក្នុងវេទិកាវិទ្យាសាស្ត្រនានានៅក្នុងប្រទេសរុស្ស៊ី ដើម្បីចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញសំខាន់ៗទៅលើប្រធានបទនានា ដូចដែលស្ថាប័នស្រាវជ្រាវរុស្ស៊ីធ្លាប់អញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យនាពេលកន្លងមកផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«កម្ពុជាឈ្នះមេដាយមាស២គ្រឿងពីការប្រកួតកីឡាប៉េតង់ពិភពលោក»

ក្រុមកីឡាប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន២គ្រឿងពីព្រឹត្តិការណ៍ការប្រកួត ប៉េតង់កម្រិតពិភពលោក Trophee L'Equipe នៅប្រទេសបារាំង ដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាវាយទោលព្រមទាំងកីឡាការិនី កែ ឡេងនិង អ៊ុក...

2018-10-13 15:12:48   Sat, 13,10,2018, 03:12 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព»

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...

2018-10-12 09:12:08   Fri, 12,10,2018, 09:12 AM
«អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៨»

(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...

2018-10-12 08:57:44   Fri, 12,10,2018, 08:57 AM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍»

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...

2018-10-12 08:48:00   Fri, 12,10,2018, 08:48 AM
«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ...

2018-10-10 16:56:49   Wed, 10,10,2018, 04:56 PM
មេគង្គ-ជប៉ុន និង មេគង្គ-ឡានឆាង«តើជប៉ុនអាចធ្វើបន្សាបឥទ្ធិពលចិននៅតំបន់មេគង្គទេ?»

2018-10-10 16:42:55   Wed, 10,10,2018, 04:42 PM

សេចក្តីប្រកាស