Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រូបង្រៀនភាសាចិនជាជនជាតិចិនជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។
ការចូលរួមក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរពីសំណាក់គ្រូបង្រៀនភាសាចិនជាជនជាតិចិននាឱកាសនេះ បានបង្ហាញអំពីការកសាងទំនាក់ទំនងល្អ និងការបង្កើនភាពជិតស្និទ្ធបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ស្របពេលថ្នាក់ដឹកនាំប្រទេសជាមិត្តទាំងពីរ បានសម្រេចកំណត់យកឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដោយជំរុញការយល់ដឹង និងស្វែងយល់ពីគ្នាបន្ថែមទាំងនៅក្នុងទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណីជាដើម។
បន្ថែមពីនេះ នៅពេលរសៀល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រូបង្រៀនជនជាតិចិនទាំងអស់ ក៏នឹងចូលរួមទស្សនាការសម្ដែងសិល្បៈនៅសាលមហោស្រពខេមរវិទូ ដែលមានដូចជា ការបង្ហាញអមពីការពត់ដៃ ជើង និងដងខ្លួន ក្នុងរបាំខ្មែរ ការសម្ដែងរបាំបុប្ផាលោកីយ៍ ល្ខោននិយាយ រឿងនេះមិនមែនជាសុបិន្ត ការសម្ដែងក្បាច់គុនចិន ការសម្ដែងរបាំបុកលក្ខណ៍ របាំ+ឧបករណ៍ភ្លេង ការច្រៀងចម្រៀងរួម និងសៀកពត់ខ្លួនផងដែរ។
សូមជម្រាបជូនផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាតែងតែមានការរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យប្រពៃណីខ្មែរនិងចិននានា ដើម្បីជំរុញភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក៏ដូចជាគ្រូបង្រៀនជនជាតិចិនទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងអង្គភាពឧបសម្ព័ន្ធ និងវិទ្យាស្ថានដែលចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់។ ជាក់ស្ដែង នាពេលកន្លងទៅ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីបង្កើនភាពជិតស្និទ្ធ និងផ្ដល់ភាពកក់ក្ដៅដល់គ្រូបង្រៀនជនជាតិចិន ដែលបានបំពេញបេសកកម្មបង្រៀនភាសាចិននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ថ្នាក់ដឹកនាំវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានដឹកនាំគ្រូបង្រៀនជនជាតិចិនស្វែងយល់ពីពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ និងវត្តពុទ្ធគីរី ដែលស្ថិតនៅក្នុងខេត្តតាកែវផងដែរ។ បន្ថែមពីនោះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំកម្មវិធីចែករំលែកពីប្រវត្តិ និងទំនៀមទម្លាប់ពិធីបុណ្យភ្ជុំបិណ្ឌជូនគ្រូបង្រៀនជនជាតិចិន ក្នុងគោលបំណងពង្រីកការយល់ដឹងបន្ថែមអំពីទំនៀមទម្លាប់និងប្រពៃណីរបស់ខ្មែរផងដែរ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នៅឆ្នាំ២០១៧ ក្រុមការងារផ្នែកបុរាណវិទ្យា ដឹកនាំដោយលោក ផុន កសិកា និងអ្នកជំនាញបុរាណវិទ្យាជាច្រើននៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នចំណុះនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សាស្រាវជ្រា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) លើកទី១២ដោយសម្ដ...
(ហាឡុង)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំនៅទីក្រុងហាឡុង ខេត្តគ័ងនីង សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមាន៣ប្រទេសចូលរួម គឺ វៀតណាម កម្ពុជា ឡាវ ក្រោ...
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំ ៣ប្រទេស(CLV) រួមមាន វៀតណាម-កម្ពុជា-ឡាវ ដែលកំពុងប្រព្រឹត...