ព័ត៌មាន

ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា

2024-04-04 15:09:02 ថ្ងៃព្រហស្បតិ៍, 04 មេសា 2024 ម៉ោង 10:09 PM
អ្នកមើល 6767
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រូបង្រៀនភាសាចិនជាជនជាតិចិនជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។

ការចូលរួមក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរពីសំណាក់គ្រូបង្រៀនភាសាចិនជាជនជាតិចិននាឱកាសនេះ បានបង្ហាញអំពីការកសាងទំនាក់ទំនងល្អ និងការបង្កើនភាពជិតស្និទ្ធបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ស្របពេលថ្នាក់ដឹកនាំប្រទេសជាមិត្តទាំងពីរ បានសម្រេចកំណត់យកឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដោយជំរុញការយល់ដឹង និងស្វែងយល់ពីគ្នាបន្ថែមទាំងនៅក្នុងទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណីជាដើម។

បន្ថែមពីនេះ នៅពេលរសៀល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រូបង្រៀនជនជាតិចិនទាំងអស់ ក៏នឹងចូលរួមទស្សនាការសម្ដែងសិល្បៈនៅសាលមហោស្រពខេមរវិទូ ដែលមានដូចជា ការបង្ហាញអមពីការពត់ដៃ ជើង និងដងខ្លួន ក្នុងរបាំខ្មែរ ការសម្ដែងរបាំបុប្ផាលោកីយ៍ ល្ខោននិយាយ រឿងនេះមិនមែនជាសុបិន្ត ការសម្ដែងក្បាច់គុនចិន ការសម្ដែងរបាំបុកលក្ខណ៍ របាំ+ឧបករណ៍ភ្លេង ការច្រៀងចម្រៀងរួម និងសៀកពត់ខ្លួនផងដែរ។

សូមជម្រាបជូនផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាតែងតែមានការរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យប្រពៃណីខ្មែរនិងចិននានា ដើម្បីជំរុញភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក៏ដូចជាគ្រូបង្រៀនជនជាតិចិនទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងអង្គភាពឧបសម្ព័ន្ធ និងវិទ្យាស្ថានដែលចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់។ ជាក់ស្ដែង នាពេលកន្លងទៅ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីបង្កើនភាពជិតស្និទ្ធ និងផ្ដល់ភាពកក់ក្ដៅដល់គ្រូបង្រៀនជនជាតិចិន ដែលបានបំពេញបេសកកម្មបង្រៀនភាសាចិននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ថ្នាក់ដឹកនាំវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានដឹកនាំគ្រូបង្រៀនជនជាតិចិនស្វែងយល់ពីពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ និងវត្តពុទ្ធគីរី ដែលស្ថិតនៅក្នុងខេត្តតាកែវផងដែរ។ បន្ថែមពីនោះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំកម្មវិធីចែករំលែកពីប្រវត្តិ និងទំនៀមទម្លាប់ពិធីបុណ្យភ្ជុំបិណ្ឌជូនគ្រូបង្រៀនជនជាតិចិន ក្នុងគោលបំណងពង្រីកការយល់ដឹងបន្ថែមអំពីទំនៀមទម្លាប់និងប្រពៃណីរបស់ខ្មែរផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«មូលហេតុនៃការសិក្សាវិស័យការទូត»​​​​​​​​​​​ ដោយ៖ លោក ស៊ឺន សម

យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ...

2019-01-04 07:02:28   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 02:02 PM
«ជំនួបជាមួយអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវ...

2019-01-03 15:51:19   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 10:51 PM
«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»

សម្រាប់ឆ្នាំថ្មីនេះ នៅព្រឹកថ្ងៃព្រហសុ្បតិ៍ ទី៣ ខែមករា នេះ ក្រុមការងារស្រាវជ្រាវដែលមានសមាជិកចំនួន៤រូប ដែលដឹកនាំដោយ​លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំមួយដើម្បីសិក្សា...

2019-01-03 08:31:30   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 03:31 PM
«ច្បាប់គ្រប់គ្រងអ៊ិនធឺណិតនៅវៀតណាមបានចូលជាធរមាននៅដើមឆ្នាំ ២០១៩នេះ» ដោយ លោក ស៊ឺន សម

វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ  បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១​ ខែមករា ​ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែក...

2019-01-03 05:22:21   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 12:22 PM
ប្រភេទកុលាលភាជន៍ផុយនៅស្ថានីយជើងឯក ដោយ៖ កញ្ញា តាកេត ស័កដា

ការសិក្សា​ស្រាជ្រាវពី​កុលាល​ភាជន៍​ខ្មែរជា​ផ្នែក​មួយដ៏​សំខាន់​ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះ​តាម​រយៈ​កុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់​បាន​ពីភាព​ប៉ិន​ប្រសប់​របស់​ជនជាតិខ្មែរ...

2019-01-03 04:19:31   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 11:19 AM
«ទស្សនទានស្តីពីមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម នៅប្រទេសកម្ពុជា» ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋក...

2019-01-02 10:19:21   ថ្ងៃពុធ, 02 មករា 2019 ម៉ោង 05:19 PM

សេចក្តីប្រកាស