ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧

2024-04-04 04:25:53 ថ្ងៃព្រហស្បតិ៍, 04 មេសា 2024 ម៉ោង 11:25 AM
អ្នកមើល 5439
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។

កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ នាឱកាសនេះត្រូវបានរៀបចំឡើងដោយពេលព្រឹក មានការនិមន្តព្រះសង្ឃសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសីតាមប្រពៃណីពុទ្ធសាសនា ដើម្បីទទួលបានសិរីសួស្ដីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងលើមុខនេះ។

បន្ថែមពីនេះ នៅពេលរសៀល ក៏មានការសម្ដែងសិល្បៈនៅសាលមហោស្រពខេមរវិទូ ដែលមានដូចជា ការបង្ហាញអមពីការពត់ដៃ ជើង និងដងខ្លួន ក្នុងរបាំខ្មែរ ការសម្ដែងរបាំបុប្ផាលោកីយ៍ ល្ខោននិយាយ រឿងនេះមិនមែនជាសុបិន្ត ការសម្ដែងក្បាច់គុនចិន ការសម្ដែងរបាំបុកលក្ខណ៍ របាំ+ឧបករណ៍ភ្លេង ការច្រៀងចម្រៀងរួម និងសៀកពត់ខ្លួនផងដែរ។

លើសពីនេះទៅទៀត ដើម្បីបង្កើនភាពសប្បាយរីករាយ និងចូលរួមចំណែកថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ចាប់ពីម៉ោង៣:៥០នាទីរសៀលតទៅ ក៏មានការរៀបចំលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរមួយចំនួនដូចជា ល្បែងចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អម ទូលក្អម និងរុញអង្រែផងដែរ។ ការរៀបចំលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរនេះ គឺជាសារមួយដើម្បីបង្ហាញអំពីភាពចម្រុះនៃមរតកវប្បធម៌ខ្មែរទៅកាន់មហាជន ពិសេសយុវជនជំនាន់ក្រោយ ក៏ដូចជាបង្កើនការចងចាំអនុស្សារីយ៍ប្រកបដោយភាពសោមនស្សរីករាយក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផ្សារភ្ជាប់នឹងការថែរក្សាអត្តសញ្ញាណនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស