Royal Academy of Cambodia
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា៦២អង្គ/រូប ដែលក្នុងនោះ សមាជិកចំនួន ២អង្គ ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកចំនួន ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និងសមាជិកចំនួន ៥៨រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភានាព្រឹកនេះ សមាជិកទាំង ៦២អង្គ/រូប បានបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ឯកឧត្ដម ប្រាក់ សុខុន ជាអនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២។ លទ្ធផលនេះបានសបញ្ជាក់ឱ្យឃើញថា ឥស្សរជនជាន់ខ្ពស់នយោបាយកម្ពុជាទាំង៦២ អង្គ/រូប មានការយល់ឃើញស្របគ្នា និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះ បេក្ខភាពសម្ដេចតេជោជាប្រធានស្ថាប័នកំពូលរបស់ជាតិមួយនេះ និងបេក្ខភាពអនុប្រធានទាំងពីររូបមកពីគណបក្សប្រជាជនកម្ពុជា ដែលសុទ្ធសឹងជាឥស្សរជនពោរពេញទៅដោយបទពិសោធនិងមូលធនទស្សនៈ នៅក្នុងនយោបាយការបរទេសកម្ពុជា។
លទ្ធផលនៃការបោះឆ្នោតនាពេលនេះ មិនត្រឹមតែបានបង្ហាញអំពី ការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ដេចតេជោជាប្រធានគណបក្សប្រជាជន នៅក្នុងការដឹកនាំនិងពង្រឹងតួនាទីរបស់ព្រឹទ្ធសភាប៉ុណ្ណោះទេ ថែមទាំងជាសារបង្ហាញពីការយល់ឃើញដូចគ្នារបស់សមាជិកព្រឹទ្ធសភាទាំងអស់ថា ដល់ពេលវេលាដែលកម្ពុជាត្រូវពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងនយោបាយការបរទេសរបស់ខ្លួន តាមរយៈបទពិសោធន៍និងទេពកោសល្លដ៏ប៉ិនប្រសប់របស់បុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានស្ថាប័ននេះផងដែរ។
លើសពីនេះ ការបោះឆ្នោតគាំទ្របេក្ខភាពសម្ដេចតេជោជាប្រធានព្រឹទ្ធសភា ពីសំណាក់សមាជិកព្រឹទ្ធសភាទាំង៦២ អង្គ/រូប ក៏មានសម្លេងរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ចំនួន ៣រូបផងដែរ ដែលប្រការនេះបានបង្ហាញការទទួលស្គាល់នូវឥទ្ធិពល និងតួនាទីនយោបាយដ៏ចាំបាច់មិនអាចខ្វះបានរបស់សម្ដេច តេជោ ហ៊ុន សែន នៅក្នុងដំណើរនយោបាយរបស់កម្ពុជា បើទោះបីជាកន្លងមក អ្នកនយោបាយជំទាស់ តែងតែបង្ហាញនិន្នាការមិនយល់ស្របនឹងការដឹកនាំរបស់គណបក្សកាន់អំណាច ឬចំពោះយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចតេជោក៏ដោយក្ដី ព្រោះទោះបីជាយ៉ាងណាក៏ដោយ ទាំងអ្នកនយោបាយជំទាស់ និងអ្នកគាំទ្ររបស់ពួកគេ នៅតែទទួលបាននូវផលដោយផ្ទាល់ឬប្រយោល ចេញពីការអភិវឌ្ឍសង្គម ដែលជាផ្លែផ្កាកើតឡើងពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចតេជោប្រធានគណបក្សកាន់អំណាចផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
---
* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួ...
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅ...
ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព...
នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេ...