ព័ត៌មាន

«ថ្ងៃនេះ ជាខួប ២៧ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

2018-10-23 05:58:18 ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 12:58 PM
អ្នកមើល 5296
post_detail

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុចរចាគ្នា ហើយគេមិនអាចបំភ្លេចបាននោះទេថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាសមិទ្ធផល ដែលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរទាំងពីររូបគឺ សម្ដេចនរោត្ដមសីហនុ(ព្រះបរ មរតនកោដ្ឋ) ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន(កាលណោះជាសមមិត្ត ហ៊ុន សែន) ដែល តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា(ដែលក្រោយមកបានដូរឈ្មោះជារដ្ឋកម្ពុជានៅថ្ងៃទី០១ ខែឧសភាឆ្នាំ១៩៨៩)។

មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីសជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ ទៅ៥លើក ដោយលើកទី១ ទី២និងទី៣ គឺនៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង លើកទី៤នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំងនិងលើកទី៥នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកកប្រទេសថៃ។ សន្និសីទអន្តរ ជាតិ ទីក្រុងប៉ារីសនាសម័យប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩១ ប្រទេសដែលជាភាគីចូលរួមក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីសមានចំនួន១៨ប្រទេសគឺ៖ បារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន និង អូស្ត្រាលី កាណាដា ឥណ្ឌា ជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អតីតសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត យូហ្គោស្លាវី និងបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម) រួមទាំងអគ្គលេខាធិការអ.ស.ប មួយរូប។

នាសម័យប្រជុំលើកទី២ នៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ហើយទីបំផុតទៅ សន្និសីទអន្តរជាតិទីក្រុងប៉ារីសបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨។ ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងក្រោយសង្គ្រាមស៊ីវិលជាង៣ ទសវត្សរ៍ ដែលការបោះឆ្នោតបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយ គណបក្សដែលបានចូលរួមការបោះឆ្នោតមានចំនួន២០គណបក្ស។

គួរបញ្ជាក់ផងដែរថា ក្រោយការបោះឆ្នោតរួច អត្ថន័យសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា សម័យរាជាណាចក្រទី២ ហើយអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចនាំមកនូវសន្តិភាពពេញប្រទេសនោះទេ ព្រោះខ្មែរក្រហមដែលមិនចូលរួមបោះឆ្នោត បានបន្តការតស៊ូរបស់ខ្លួននៅព្រំដែនថៃ ហើយក្រោយមក តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេច ហ៊ុន សែន ទើបរាជរដ្ឋាភិបាលកម្ពុជាបានធ្វើសមាហរណកម្មកម្លាំងដែលនៅសេសសល់របស់ខ្មែរក្រហម ឱ្យចូលមករួមរស់ដោយភាតរភាពក្នុងសង្គមជាតិ ហើយកម្ពុជាបានទទួលសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងទឹកដីតាមរបៀបស្បែកខ្លានៅឆ្នាំ២០០០៕

RAC Media | លឹម សុវណ្ណរិទ្ធ









អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស