ព័ត៌មាន

«ថ្ងៃនេះ ជាខួប ២៧ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

2018-10-23 05:58:18 ថ្ងៃអង្គារ, 23 តុលា 2018, 05:58 AM
post_detail

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុចរចាគ្នា ហើយគេមិនអាចបំភ្លេចបាននោះទេថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាសមិទ្ធផល ដែលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរទាំងពីររូបគឺ សម្ដេចនរោត្ដមសីហនុ(ព្រះបរ មរតនកោដ្ឋ) ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន(កាលណោះជាសមមិត្ត ហ៊ុន សែន) ដែល តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា(ដែលក្រោយមកបានដូរឈ្មោះជារដ្ឋកម្ពុជានៅថ្ងៃទី០១ ខែឧសភាឆ្នាំ១៩៨៩)។

មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីសជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ ទៅ៥លើក ដោយលើកទី១ ទី២និងទី៣ គឺនៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង លើកទី៤នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំងនិងលើកទី៥នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកកប្រទេសថៃ។ សន្និសីទអន្តរ ជាតិ ទីក្រុងប៉ារីសនាសម័យប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩១ ប្រទេសដែលជាភាគីចូលរួមក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីសមានចំនួន១៨ប្រទេសគឺ៖ បារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន និង អូស្ត្រាលី កាណាដា ឥណ្ឌា ជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អតីតសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត យូហ្គោស្លាវី និងបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម) រួមទាំងអគ្គលេខាធិការអ.ស.ប មួយរូប។

នាសម័យប្រជុំលើកទី២ នៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ហើយទីបំផុតទៅ សន្និសីទអន្តរជាតិទីក្រុងប៉ារីសបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨។ ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងក្រោយសង្គ្រាមស៊ីវិលជាង៣ ទសវត្សរ៍ ដែលការបោះឆ្នោតបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយ គណបក្សដែលបានចូលរួមការបោះឆ្នោតមានចំនួន២០គណបក្ស។

គួរបញ្ជាក់ផងដែរថា ក្រោយការបោះឆ្នោតរួច អត្ថន័យសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា សម័យរាជាណាចក្រទី២ ហើយអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចនាំមកនូវសន្តិភាពពេញប្រទេសនោះទេ ព្រោះខ្មែរក្រហមដែលមិនចូលរួមបោះឆ្នោត បានបន្តការតស៊ូរបស់ខ្លួននៅព្រំដែនថៃ ហើយក្រោយមក តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេច ហ៊ុន សែន ទើបរាជរដ្ឋាភិបាលកម្ពុជាបានធ្វើសមាហរណកម្មកម្លាំងដែលនៅសេសសល់របស់ខ្មែរក្រហម ឱ្យចូលមករួមរស់ដោយភាតរភាពក្នុងសង្គមជាតិ ហើយកម្ពុជាបានទទួលសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងទឹកដីតាមរបៀបស្បែកខ្លានៅឆ្នាំ២០០០៕

RAC Media | លឹម សុវណ្ណរិទ្ធ









អត្ថបទទាក់ទង

តើពិភពលោកទទួលបានមេរៀនអ្វីខ្លះអំពី «កូវីដ-១៩»? ដោយ៖បណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រក...

2020-03-31 10:05:20   Tue, 31,03,2020, 10:05 AM
«គ្រឿងតុបតែងលម្អតួសម្តែងនៅក្នុងល្ខោនបាសាក់ខ្មែរ» ស្រាវជ្រាវដោយ៖ លោកស្រី សរ សិលា និងលោកស្រី យ៉ាន់ វិភារតន៍ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

2020-03-28 13:07:44   Sat, 28,03,2020, 01:07 PM
ការជួសជុលទំនាក់ទំនងអាម៉េរិក-អាស៊ាន ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍឹមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជ​បណ្ឌិត្យ​ស​ភាកម្ពុជា

ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺ​គោល​​នយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈ...

2020-03-28 09:49:03   Sat, 28,03,2020, 09:49 AM
ស្ថានភាពកូវីដ-១៩ នៅកម្ពុជានិងបញ្ហាប្រឈមនានា ដោយ៖ លោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយអន្តរជាតិនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

កូវីដ-១៩ ជាឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលមកទល់ពេលនេះបានចម្លងរាលដាលស្ទើរតែពេញពិភពលោកទាំង​មូល ដោយមានចំនួនអ្នកឆ្លងជាងប្រាំសែននាក់ និងស្លាប់ដល់ទៅជាងពីរម៉ឺននាក់ឯណោះ។ ដើមឡើយមេរោគនេះ គេ​ថាចេញប្រភពមកពីប្រទេស...

2020-03-28 06:05:05   Sat, 28,03,2020, 06:05 AM
នយោបាយភាសា ៖ បរិបទ កម្ពុជា សិង្ហបុរី និង ចិន politics of language: Context in Cambodia, Singapore and China ដោយ៖ បណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-27 05:19:32   Fri, 27,03,2020, 05:19 AM
ហេតុអ្វីបានជាលោក ពូទីនមិនអាចចូលនិវត្តន៍បាន? លោកមានសត្រូវច្រើន និងមានមិត្តភក្តិជិស្និទ្ធជាច្រើនទៀតដែលត្រូវពឹងផ្អែកលើរូបលោក ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់

បន្ទាប់ពីក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០០០ ដែលពេលនោះ លោក Vladimir Putin ទើបតែមានអាយុ៤៨ឆ្នាំ ប្រធានាធិបតិរូបនេះបានសញ្ជឹងគិតថា តើថ្ងៃណាមួយ តើគាត់នឹងចាកចេញពីមុខតំណែងដោយរបៀបណា? កំពុងជិះឡានប្រធានាធិបតីពេញទ...

2020-03-25 10:27:40   Wed, 25,03,2020, 10:27 AM

សេចក្តីប្រកាស