Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជា
ខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនតាខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ តែងតែត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣-១៤-១៥ ឬ១៤-១៥-១៦ ខែមេសា នៃឆ្នាំនីមួយៗ។ គួរឱ្យសោកស្ដាយ នៅថ្ងៃចុងសប្ដាហ៍ ដំណាច់ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ គេឃើញមានបាតុភាពអវិជ្ជមានមួយចំនួនកើតឡើងជាបន្តបន្ទាប់ រហូតមានការកក្រើកដល់សាធារណមតិ និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន ពិសេសនៅតាមបណ្ដាញសង្គមនានា ទៅលើក្រុមយុវជនមួយចំនួន ដោយក្នុងចំណោមនោះមានទាំងយុវសិស្សផង ដែលបានប្រព្រឹត្តអំពើមិនគួរគប្បី ប្រាសចាកពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ការលេងប៉ាតម្សៅ និងការលេងគប់ទឹកដាក់គ្នានៅតាមទីកន្លែងសាធារណៈ ក៏ដូចជានៅតាមដងវិថីឬផ្លូវតូចធំនានា មិនបានបង្ហាញអំពីការអបអរសាទរនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងរូបភាពសេចក្ដីថ្លៃថ្នូរ ហើយក៏ដូចជាមិនបានបង្ហាញអំពីការចូលរួមថែរក្សា និងប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរនោះទេ ប៉ុន្តែសកម្មភាពទាំងនេះ ថែមទាំងបានបង្ហាញពីកាយវិការដែលខ្វះការពិចារណាឱ្យគ្រប់ជ្រុងជ្រោយ គ្មានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ ក៏ដូចជាមិនបានបង្ហាញអំពីតម្លៃនិងកិត្តិយសរបស់យុវជនខ្លួនឯង ក្នុងនាមជាអ្នកបន្តវេនកសាងប្រទេសជាតិផងដែរ។
លើសពីនេះទៅទៀត យុវជនទាំងនោះបានបន្តការត្រេកត្រអាលនឹងភាពសប្បាយភ្លើតភ្លើនរបស់ខ្លួន បន្ថែមជាមួយនឹងការចុចស៊ីផ្លេយានយន្ត ពិសេសម៉ូតូនៅតាមដងផ្លូវ និងការជិះម៉ូតូប្រដេញគ្នាយ៉ាងប្រសេចប្រសាចដោយអនាធិបតេយ្យ ដែលទង្វើទាំងអស់នេះបានបង្ហាញពីកង្វះខាតខាងសីលធម៌របស់ពួកគេ ហើយបានបង្កការរំខានដល់អ្នកជុំវិញជាខ្លាំង។ ទង្វើនេះថែមទាំងបានបង្កជាហានិភ័យ ដែលអាចឈានទៅកើតមានគ្រោះថ្នាក់ទៅដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឬរស់នៅតាមដងផ្លូវផងដែរ ដោយសារតែកាយវិការខ្វះការទទួលខុសត្រូវរបស់យុវជនទាំងនោះ។
បន្ថែមពីនេះផងដែរ គេបានកត់សម្គាល់ឃើញថា នៅក្នុងអំឡុងមុនចូលឆ្នាំនេះ គ្រឹះស្ថានអប់រំមួយចំនួន ក៏បានយកឱកាសនេះរៀបចំពិធីអបអរសាទរនៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ដែលគេឃើញមានការបណ្ដែតបណ្ដោយឱ្យអ្នកចូលរួម ដែលភាគច្រើនជាយុវសិស្សមិនទាន់គ្រប់អាយុ១៨ឆ្នាំ សេពគ្រឿងស្រវឹងក្នុងសាលារៀនដែលជាទីកន្លែងអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ដោយមិនបានចាត់វិធានការហាមឃាត់ឱ្យបានតឹងរ៉ឹងឬគត់មត់នោះឡើយ។
សកម្មភាពអវិជ្ជមានទាំងអស់នេះ បានបង្កើតទៅជារូបភាពអនាធិបតេយ្យនៅក្នុងសង្គមនៅមុនការចូលមកដល់នៃពិធីចូលឆ្នាំប្រពៃណីខ្មែរ។ ជាងនេះទៅទៀត ក្នុងចំណោមយុវជនមួយចំនួនតូចទាំងនោះ
ក៏មានផងដែរ យុវសិស្សជាអ្នកបានរៀនសូត្រនៅសាលារៀន ដែលភាគច្រើនគឺជាសិស្សវិទ្យាល័យ សុទ្ធសឹងតែបានទទួលការអប់រំមុខវិជ្ជាសីលធម៌ និងសុជីវធម៌នៅក្នុងថ្នាក់រៀន ពុំគួរណាបែរជាមកប្រព្រឹត្តអំពើដ៏គួរឱ្យខ្មាស់អៀនខាងលើនេះឡើយ។ ប្រការនេះ ក្លាយទៅជារឿងដ៏គួរឱ្យអាម៉ាស់សម្រាប់សិស្សានុសិស្សទូទៅដែលប្រកាន់ខ្ជាប់នូវសីលធម៌ ដោយសារបុគ្គលមួយចំនួនតូចដែលមានឈ្មោះជាអ្នករៀនសូត្រដូចគ្នា បែរជាទៅប្រព្រឹត្តអំពើខុសឆ្គងដូចនេះ ដែលធ្វើឱ្យគេនឹកឃើញដល់ពាក្យស្ដីប្រដៅរបស់ខ្មែរ ដែលច្រើនតិះដៀលទៅបុគ្គលដែលបានប្រព្រឹត្តអំពើមិនគួរគប្បី ថាជា «មនុស្សមិនបានរៀនសូត្រ»។
ថ្វីដ្បិតនៅក្នុងឱកាសនោះ គេឃើញមានអាជ្ញាធរមានសមត្ថកិច្ច បានជួយសម្រួលចរាចរណ៍ និងថែរក្សាសណ្ដាប់ធ្នាប់ក្ដី តែអាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជានៅមានចន្លោះប្រហោងនៅឡើយ នៅក្នុងការគ្រប់គ្រងទីកន្លែងលេងកម្សាន្ត និងចាត់វិធានការឆ្លើយតបភ្លាមៗ ចំពោះសកម្មភាពអវិជ្ជមានមួយចំនួន ដែលជួនកាលមានភាពធ្ងន់ធ្ងរដល់មានការបៀតបៀនផ្លូវភេទពីសំណាក់យុវជនឈាមរាវមួយចំនួនដែលខ្វះការអប់រំ ទៅលើយុវតី និងស្ត្រីភេទក្នុងចំណោមហ្វូងមហាជន រាប់ចាប់តាំងពីការបន្លំប៉ះស្ទាបអង្អែល និងជួនកាលឈានទៅដល់ការចាប់ឱបថើប ដោយអសីលធម៌បំផុតនៅតាមទីសាធារណៈ។ ទង្វើទាំងនេះគឺសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដែលគួរណាស់តែសមត្ថកិច្ចអាចអន្តរាគមន៍ឃាត់ខ្លួនជនល្មើសឱ្យបានភ្លាមៗនៅនឹងកន្លែង ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់នារីខ្មែរ ថែរក្សាប្រពៃណីនិងវប្បធម៌ដ៏ផូរផង់របស់ជាតិ ក៏ដូចជាការថែរក្សាសណ្ដាប់ធ្នាប់ក្នុងសង្គម។
ប្រសិនបើអ្នកពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច មិនអាចចាត់វិធានការក្ដៅ លុបបំបាត់និងបង្ក្រាបសកម្មភាពភ្លើតភ្លើនជ្រុលរបស់យុវជនមួយចំនួនខាងលើ ដែលឆ្លៀតយកពិធីអបអរសាទរនៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ មកបិទបាំងអំពើអនាធិបតេយ្យ និងអសីលធម៌ទាំងនេះនោះទេ វានឹងក្លាយជាការលើកទឹកចិត្តដោយប្រយោលទៅកាន់យុវជនទាំងនោះ ក៏ដូចជាយុវជនឯទៀត ដោយសារតែពួកគេយល់ឃើញថា ក្នុងអំឡុងពេលនេះ ពួកគេអាចធ្វើអ្វីស្រេចនឹងចិត្ត ដោយគ្មានការភ្ញាក់រឭក និងមិនខ្លាចរអារនឹងច្បាប់សង្គមនោះឡើយ៕
(ការលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ)
ឯកសារនេះមានគោលបំណងបង្ហាញអំពីផលប្រយោជន៍និងបញ្ហាប្រឈម នៅក្នុងការប្រើវិធីសាស្រ្តបង្រៀន បញ្ច្រាស់ដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១ ដើម្បីបង្រៀនភាសាអង់គ្លេសជាភាសាបរទេសឬជាភាសាទីពីរ។ តាមរយៈការធ...
In Sept. 24, 2015, Chinese President Xi Jinping and President Joe Biden Walk down the red carpet on the tarmac during and arrival ceremony in Andrews Air Force Base, Md. AP Photo/Carolyn Kaster.In tod...
ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...
Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...
លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...
ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...