Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជា
ខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនតាខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ តែងតែត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣-១៤-១៥ ឬ១៤-១៥-១៦ ខែមេសា នៃឆ្នាំនីមួយៗ។ គួរឱ្យសោកស្ដាយ នៅថ្ងៃចុងសប្ដាហ៍ ដំណាច់ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ គេឃើញមានបាតុភាពអវិជ្ជមានមួយចំនួនកើតឡើងជាបន្តបន្ទាប់ រហូតមានការកក្រើកដល់សាធារណមតិ និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន ពិសេសនៅតាមបណ្ដាញសង្គមនានា ទៅលើក្រុមយុវជនមួយចំនួន ដោយក្នុងចំណោមនោះមានទាំងយុវសិស្សផង ដែលបានប្រព្រឹត្តអំពើមិនគួរគប្បី ប្រាសចាកពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ការលេងប៉ាតម្សៅ និងការលេងគប់ទឹកដាក់គ្នានៅតាមទីកន្លែងសាធារណៈ ក៏ដូចជានៅតាមដងវិថីឬផ្លូវតូចធំនានា មិនបានបង្ហាញអំពីការអបអរសាទរនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងរូបភាពសេចក្ដីថ្លៃថ្នូរ ហើយក៏ដូចជាមិនបានបង្ហាញអំពីការចូលរួមថែរក្សា និងប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរនោះទេ ប៉ុន្តែសកម្មភាពទាំងនេះ ថែមទាំងបានបង្ហាញពីកាយវិការដែលខ្វះការពិចារណាឱ្យគ្រប់ជ្រុងជ្រោយ គ្មានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ ក៏ដូចជាមិនបានបង្ហាញអំពីតម្លៃនិងកិត្តិយសរបស់យុវជនខ្លួនឯង ក្នុងនាមជាអ្នកបន្តវេនកសាងប្រទេសជាតិផងដែរ។
លើសពីនេះទៅទៀត យុវជនទាំងនោះបានបន្តការត្រេកត្រអាលនឹងភាពសប្បាយភ្លើតភ្លើនរបស់ខ្លួន បន្ថែមជាមួយនឹងការចុចស៊ីផ្លេយានយន្ត ពិសេសម៉ូតូនៅតាមដងផ្លូវ និងការជិះម៉ូតូប្រដេញគ្នាយ៉ាងប្រសេចប្រសាចដោយអនាធិបតេយ្យ ដែលទង្វើទាំងអស់នេះបានបង្ហាញពីកង្វះខាតខាងសីលធម៌របស់ពួកគេ ហើយបានបង្កការរំខានដល់អ្នកជុំវិញជាខ្លាំង។ ទង្វើនេះថែមទាំងបានបង្កជាហានិភ័យ ដែលអាចឈានទៅកើតមានគ្រោះថ្នាក់ទៅដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឬរស់នៅតាមដងផ្លូវផងដែរ ដោយសារតែកាយវិការខ្វះការទទួលខុសត្រូវរបស់យុវជនទាំងនោះ។
បន្ថែមពីនេះផងដែរ គេបានកត់សម្គាល់ឃើញថា នៅក្នុងអំឡុងមុនចូលឆ្នាំនេះ គ្រឹះស្ថានអប់រំមួយចំនួន ក៏បានយកឱកាសនេះរៀបចំពិធីអបអរសាទរនៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ដែលគេឃើញមានការបណ្ដែតបណ្ដោយឱ្យអ្នកចូលរួម ដែលភាគច្រើនជាយុវសិស្សមិនទាន់គ្រប់អាយុ១៨ឆ្នាំ សេពគ្រឿងស្រវឹងក្នុងសាលារៀនដែលជាទីកន្លែងអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ដោយមិនបានចាត់វិធានការហាមឃាត់ឱ្យបានតឹងរ៉ឹងឬគត់មត់នោះឡើយ។
សកម្មភាពអវិជ្ជមានទាំងអស់នេះ បានបង្កើតទៅជារូបភាពអនាធិបតេយ្យនៅក្នុងសង្គមនៅមុនការចូលមកដល់នៃពិធីចូលឆ្នាំប្រពៃណីខ្មែរ។ ជាងនេះទៅទៀត ក្នុងចំណោមយុវជនមួយចំនួនតូចទាំងនោះ
ក៏មានផងដែរ យុវសិស្សជាអ្នកបានរៀនសូត្រនៅសាលារៀន ដែលភាគច្រើនគឺជាសិស្សវិទ្យាល័យ សុទ្ធសឹងតែបានទទួលការអប់រំមុខវិជ្ជាសីលធម៌ និងសុជីវធម៌នៅក្នុងថ្នាក់រៀន ពុំគួរណាបែរជាមកប្រព្រឹត្តអំពើដ៏គួរឱ្យខ្មាស់អៀនខាងលើនេះឡើយ។ ប្រការនេះ ក្លាយទៅជារឿងដ៏គួរឱ្យអាម៉ាស់សម្រាប់សិស្សានុសិស្សទូទៅដែលប្រកាន់ខ្ជាប់នូវសីលធម៌ ដោយសារបុគ្គលមួយចំនួនតូចដែលមានឈ្មោះជាអ្នករៀនសូត្រដូចគ្នា បែរជាទៅប្រព្រឹត្តអំពើខុសឆ្គងដូចនេះ ដែលធ្វើឱ្យគេនឹកឃើញដល់ពាក្យស្ដីប្រដៅរបស់ខ្មែរ ដែលច្រើនតិះដៀលទៅបុគ្គលដែលបានប្រព្រឹត្តអំពើមិនគួរគប្បី ថាជា «មនុស្សមិនបានរៀនសូត្រ»។
ថ្វីដ្បិតនៅក្នុងឱកាសនោះ គេឃើញមានអាជ្ញាធរមានសមត្ថកិច្ច បានជួយសម្រួលចរាចរណ៍ និងថែរក្សាសណ្ដាប់ធ្នាប់ក្ដី តែអាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជានៅមានចន្លោះប្រហោងនៅឡើយ នៅក្នុងការគ្រប់គ្រងទីកន្លែងលេងកម្សាន្ត និងចាត់វិធានការឆ្លើយតបភ្លាមៗ ចំពោះសកម្មភាពអវិជ្ជមានមួយចំនួន ដែលជួនកាលមានភាពធ្ងន់ធ្ងរដល់មានការបៀតបៀនផ្លូវភេទពីសំណាក់យុវជនឈាមរាវមួយចំនួនដែលខ្វះការអប់រំ ទៅលើយុវតី និងស្ត្រីភេទក្នុងចំណោមហ្វូងមហាជន រាប់ចាប់តាំងពីការបន្លំប៉ះស្ទាបអង្អែល និងជួនកាលឈានទៅដល់ការចាប់ឱបថើប ដោយអសីលធម៌បំផុតនៅតាមទីសាធារណៈ។ ទង្វើទាំងនេះគឺសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដែលគួរណាស់តែសមត្ថកិច្ចអាចអន្តរាគមន៍ឃាត់ខ្លួនជនល្មើសឱ្យបានភ្លាមៗនៅនឹងកន្លែង ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់នារីខ្មែរ ថែរក្សាប្រពៃណីនិងវប្បធម៌ដ៏ផូរផង់របស់ជាតិ ក៏ដូចជាការថែរក្សាសណ្ដាប់ធ្នាប់ក្នុងសង្គម។
ប្រសិនបើអ្នកពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច មិនអាចចាត់វិធានការក្ដៅ លុបបំបាត់និងបង្ក្រាបសកម្មភាពភ្លើតភ្លើនជ្រុលរបស់យុវជនមួយចំនួនខាងលើ ដែលឆ្លៀតយកពិធីអបអរសាទរនៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ មកបិទបាំងអំពើអនាធិបតេយ្យ និងអសីលធម៌ទាំងនេះនោះទេ វានឹងក្លាយជាការលើកទឹកចិត្តដោយប្រយោលទៅកាន់យុវជនទាំងនោះ ក៏ដូចជាយុវជនឯទៀត ដោយសារតែពួកគេយល់ឃើញថា ក្នុងអំឡុងពេលនេះ ពួកគេអាចធ្វើអ្វីស្រេចនឹងចិត្ត ដោយគ្មានការភ្ញាក់រឭក និងមិនខ្លាចរអារនឹងច្បាប់សង្គមនោះឡើយ៕
(ការលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ)
(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៤:០០នាទីរសៀល ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជួបប្រជុំពិភាក្សាគ្នា នៅទីស្តីការ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបជាមួយអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ និងសហការី ដើម្បីអញ្ជើញត្រួតពិនិត្យអ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដោយសារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព រាជបណ្ឌិត្យសភាកម្ពុជានឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាវជ្រាវលើ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយស បានរៀបចំប្រារ...
(ភ្នំពេញ)៖ នៅសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភា...
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៦ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់...