ព័ត៌មាន

តើរុស្ស៊ីអាចនឹងឆ្លើយតបយ៉ាងណា ចំពោះព្រឹត្តិការណ៍ភេរវកម្មយប់ថ្ងៃទី២២ ខែមីនា កន្លងទៅនេះ?

2024-03-25 07:46:56 ថ្ងៃចន្ទ, 25 មីនា 2024 ម៉ោង 02:46 PM
អ្នកមើល 8477
post_detail

នៅក្នុងការបាញ់ប្រហារយ៉ាងរង្គាល នៅក្នុងសាលប្រគុំតន្ត្រីនៃមជ្ឈមណ្ឌល Crocus City Hall ដែលស្ថិតនៅជាយភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣៣នាក់បានស្លាប់ និងជាង១០០នាក់បានរងរបួស។ ករណីនេះគឺជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីករណីភេរវកម្មឆ្នាំ២០០៤ ដែលកាលណោះបានបណ្ដាលឱ្យមនុស្សជាង ៣០០នាក់បាត់បង់ជីវិត។ ក្រោយពីកើតហេតុភ្លាម ក្រុមភេរវករ ISIS-K ដែលមានមូលដ្ឋាននៅក្នុងតំបន់ Khorasan នៃប្រទេសអាហ្វហ្កានីស្ថាន បានចេញមុខអះអាង ទទួលខុសត្រូវថា ខ្លួនគឺជាអ្នកនៅពីក្រោយនៃការបាញ់ប្រហារនេះ។

កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុម ISIS-K ក៏ធ្លាប់បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកទៅលើស្ថានទូតរុស្ស៊ី ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វាហ្កាសនីស្ថានផងដែរ។ ក្រុមនេះតែងតែងបានរិះគន់ចំពោះលោកពូទីន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្លាស់ប្តូរស្ថានភាពសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី តាមរយៈការធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ដោយគាំទ្រប្រធានាធិបតី Bashar al-Assad ប្រឆាំងនឹងក្រុមប្រឆាំង ដែលក្រោយមកមួយផ្នែកនៃក្រុមនេះ បានងាកទៅចូលរួមបង្កើតក្រុមរដ្ឋអ៊ីស្លាម។

នៅបន្ទាប់ពីកើតឡើងនូវហេតុការណ៍ភេរវកម្មខាងលើនេះ អាជ្ញាធររុស្ស៊ីបានដាក់ការសង្ស័យទៅលើអ៊ុយក្រែនជាអ្នកនៅពីក្រោយនៃការវាយប្រហារនេះ ខណៈជនសង្ស័យដែលបានវាយប្រហារនេះ បានព្យាយាមធ្វើដំណើរទៅកាន់អ៊ុយក្រែន មុននឹងពួកគេត្រូវបានចាប់ខ្លួន។ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា ប្រសិនបើការជាប់ពាក់ព័ន្ធរបស់ទីក្រុង Kyiv ក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីត្រូវបានបញ្ជាក់ នោះអ្នកពាក់ព័ន្ធទាំងអស់ «ត្រូវតែត្រូវបានតាមដាន និងសម្លាប់ដោយគ្មានមេត្តា រួមទាំងរដ្ឋមន្ត្រីនៃរដ្ឋដែលបានប្រព្រឹត្តអំពើហិង្សាបែបនេះ»។

មន្ត្រីអ៊ុយក្រែនបានទទូចថា ពួកគេគ្មានទំនាក់ទំនងនឹងការវាយប្រហារនោះទេ។ អ៊ុយក្រែនប្រាកដជាមិនមានអ្វីទាក់ទងនឹងការបាញ់ប្រហារ/ការផ្ទុះនៅសាលាក្រុ Crocus ។ លោក Mykhailo Podolyak ទីប្រឹក្សារដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា វាគ្មានន័យអ្វីទាំងអស់។ លោក​បាន​និយាយ​ថា​ «​អ៊ុយក្រែន​មិន​ដែល​ងាក​មក​ប្រើ​វិធី​ភេរវកម្ម​ទេ។ វាតែងតែគ្មានន័យ»។

ទោះជាយ៉ាងណា ទាំងមេដឹកនាំ និងម​ន្ត្រីជាន់ខ្ពស់រុស្ស៊ី បានភ្ជាប់ករណីភេរវកម្មនេះ ទៅនឹងសកម្មភាពប្រឆាំងរុស្ស៊ីពីសំណាក់ប្រទេសអ៊ុយក្រែន ហើយលោកប្រធានាធិបតី ពូទីន ក៏បាន​ប្តេជ្ញាសងសឹកយ៉ាងធ្ងន់ធ្ងរផងដែ​រ។

ការដាក់ការសង្ស័យទៅលើប្រធានាធិបតីអ៊ុយក្រែនថា គឺជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះ បានធ្វើឱ្យគេនឹកឃើញដល់ស្ថានភាព ប្រទេសអាហ្វហ្កាសនីស្ថាន ក្រោមការដឹកនាំរបស់របបតាលីបង់ នៅក្នុងឆ្នាំ២០០១ ដែលសហរដ្ឋអាម៉េរិកបានចោទរបបតាលីបង់អាហ្វហ្កាសនីស្ថាន ថាជារដ្ឋគាំទ្រភេរវកម្ម បន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាម៉េរិក។ ក្នុងន័យនេះ ការវាយប្រហារកាន់តែសន្ធាប់ទៅលើប្រទេសអ៊ុយក្រែន អាចនឹងត្រូវបានរៀបចំឡើងដោយយោធារុស្ស៊ី ដើម្បីបង្ហាញពីជំហរដ៏មុតមាំរបស់មេដឹកនាំរុស្ស៊ី នៅក្នុងការបន្តសង្គ្រាមជាមួយនឹងអ៊ុយក្រែន ក៏ដូចជាការផ្ដល់សារដែលមានន័យជាក់លាក់ទៅកាន់បស្ចិមប្រទេស។

បន្ថែមពីនេះ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម អាចនឹងត្រូវបានលោកពូទីន យកមកធ្វើជាហេតុផលនៅក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងទៅនឹងជំហរដែលបស្ចិមប្រទេស ពិសេសណាតូ បានបង្ហាញពីការបន្តការគាំទ្ររបស់ខ្លួនទៅដល់ប្រទេសអ៊ុយក្រែនផងដែរ។ ជាមួយគ្នានេះ គេជឿជាក់ថា លទ្ធភាពនៃការចាត់វិធានការជាបន្តបន្ទាប់ រាប់ចាប់តាំងពីការបំពាក់អាវុធកាន់តែទំនើប និងកម្រិតបំផ្លាញកាន់តែខ្ពស់ដល់កងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិជួរមុខ ក៏ដូចជាការចាត់វិធានការកាន់តែរឹតត្បិតដ៏តឹងរ៉ឹង ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលអាជ្ញាធររុស្ស៊ីចាត់ទុកថាបង្កហានិភ័យដល់សន្តិសុខជាតិរុស្ស៊ី នឹងត្រូវបានធ្វើឡើងជាក់ជាមិនខាន។

លើសពីនេះទៅទៀត រុស្ស៊ី ក៏អាចនឹងប្រើប្រាស់ហេតុផលប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មជ្រុលនិយមនេះ កៀងគរបណ្ដារដ្ឋដែលជាសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាត់វិធានការរួមគ្នា ប្រឆាំងនឹងនិន្នាការបញ្ជូនកងទ័ព សព្វាវុធ ឬហិរញ្ញវត្ថុ ទៅដល់អ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថាជារដ្ឋនៅពីក្រោយការធ្វើភេរវកម្មនៅក្នុងទឹកដីរុស្ស៊ីផងដែរ៕


RAC Media | លឹម សុវណ្ណារិទ្ធ

អត្ថបទទាក់ទង

ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ​រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភ...

2018-05-05 10:21:06   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:21 PM
ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

2018-04-08 12:16:36   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM

សេចក្តីប្រកាស