Royal Academy of Cambodia
នៅក្នុងការបាញ់ប្រហារយ៉ាងរង្គាល នៅក្នុងសាលប្រគុំតន្ត្រីនៃមជ្ឈមណ្ឌល Crocus City Hall ដែលស្ថិតនៅជាយភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣៣នាក់បានស្លាប់ និងជាង១០០នាក់បានរងរបួស។ ករណីនេះគឺជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីករណីភេរវកម្មឆ្នាំ២០០៤ ដែលកាលណោះបានបណ្ដាលឱ្យមនុស្សជាង ៣០០នាក់បាត់បង់ជីវិត។ ក្រោយពីកើតហេតុភ្លាម ក្រុមភេរវករ ISIS-K ដែលមានមូលដ្ឋាននៅក្នុងតំបន់ Khorasan នៃប្រទេសអាហ្វហ្កានីស្ថាន បានចេញមុខអះអាង ទទួលខុសត្រូវថា ខ្លួនគឺជាអ្នកនៅពីក្រោយនៃការបាញ់ប្រហារនេះ។
កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុម ISIS-K ក៏ធ្លាប់បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកទៅលើស្ថានទូតរុស្ស៊ី ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វាហ្កាសនីស្ថានផងដែរ។ ក្រុមនេះតែងតែងបានរិះគន់ចំពោះលោកពូទីន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្លាស់ប្តូរស្ថានភាពសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី តាមរយៈការធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ដោយគាំទ្រប្រធានាធិបតី Bashar al-Assad ប្រឆាំងនឹងក្រុមប្រឆាំង ដែលក្រោយមកមួយផ្នែកនៃក្រុមនេះ បានងាកទៅចូលរួមបង្កើតក្រុមរដ្ឋអ៊ីស្លាម។
នៅបន្ទាប់ពីកើតឡើងនូវហេតុការណ៍ភេរវកម្មខាងលើនេះ អាជ្ញាធររុស្ស៊ីបានដាក់ការសង្ស័យទៅលើអ៊ុយក្រែនជាអ្នកនៅពីក្រោយនៃការវាយប្រហារនេះ ខណៈជនសង្ស័យដែលបានវាយប្រហារនេះ បានព្យាយាមធ្វើដំណើរទៅកាន់អ៊ុយក្រែន មុននឹងពួកគេត្រូវបានចាប់ខ្លួន។ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា ប្រសិនបើការជាប់ពាក់ព័ន្ធរបស់ទីក្រុង Kyiv ក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីត្រូវបានបញ្ជាក់ នោះអ្នកពាក់ព័ន្ធទាំងអស់ «ត្រូវតែត្រូវបានតាមដាន និងសម្លាប់ដោយគ្មានមេត្តា រួមទាំងរដ្ឋមន្ត្រីនៃរដ្ឋដែលបានប្រព្រឹត្តអំពើហិង្សាបែបនេះ»។
មន្ត្រីអ៊ុយក្រែនបានទទូចថា ពួកគេគ្មានទំនាក់ទំនងនឹងការវាយប្រហារនោះទេ។ អ៊ុយក្រែនប្រាកដជាមិនមានអ្វីទាក់ទងនឹងការបាញ់ប្រហារ/ការផ្ទុះនៅសាលាក្រុ Crocus ។ លោក Mykhailo Podolyak ទីប្រឹក្សារដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា វាគ្មានន័យអ្វីទាំងអស់។ លោកបាននិយាយថា «អ៊ុយក្រែនមិនដែលងាកមកប្រើវិធីភេរវកម្មទេ។ វាតែងតែគ្មានន័យ»។
ទោះជាយ៉ាងណា ទាំងមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានភ្ជាប់ករណីភេរវកម្មនេះ ទៅនឹងសកម្មភាពប្រឆាំងរុស្ស៊ីពីសំណាក់ប្រទេសអ៊ុយក្រែន ហើយលោកប្រធានាធិបតី ពូទីន ក៏បានប្តេជ្ញាសងសឹកយ៉ាងធ្ងន់ធ្ងរផងដែរ។
ការដាក់ការសង្ស័យទៅលើប្រធានាធិបតីអ៊ុយក្រែនថា គឺជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះ បានធ្វើឱ្យគេនឹកឃើញដល់ស្ថានភាព ប្រទេសអាហ្វហ្កាសនីស្ថាន ក្រោមការដឹកនាំរបស់របបតាលីបង់ នៅក្នុងឆ្នាំ២០០១ ដែលសហរដ្ឋអាម៉េរិកបានចោទរបបតាលីបង់អាហ្វហ្កាសនីស្ថាន ថាជារដ្ឋគាំទ្រភេរវកម្ម បន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាម៉េរិក។ ក្នុងន័យនេះ ការវាយប្រហារកាន់តែសន្ធាប់ទៅលើប្រទេសអ៊ុយក្រែន អាចនឹងត្រូវបានរៀបចំឡើងដោយយោធារុស្ស៊ី ដើម្បីបង្ហាញពីជំហរដ៏មុតមាំរបស់មេដឹកនាំរុស្ស៊ី នៅក្នុងការបន្តសង្គ្រាមជាមួយនឹងអ៊ុយក្រែន ក៏ដូចជាការផ្ដល់សារដែលមានន័យជាក់លាក់ទៅកាន់បស្ចិមប្រទេស។
បន្ថែមពីនេះ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម អាចនឹងត្រូវបានលោកពូទីន យកមកធ្វើជាហេតុផលនៅក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងទៅនឹងជំហរដែលបស្ចិមប្រទេស ពិសេសណាតូ បានបង្ហាញពីការបន្តការគាំទ្ររបស់ខ្លួនទៅដល់ប្រទេសអ៊ុយក្រែនផងដែរ។ ជាមួយគ្នានេះ គេជឿជាក់ថា លទ្ធភាពនៃការចាត់វិធានការជាបន្តបន្ទាប់ រាប់ចាប់តាំងពីការបំពាក់អាវុធកាន់តែទំនើប និងកម្រិតបំផ្លាញកាន់តែខ្ពស់ដល់កងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិជួរមុខ ក៏ដូចជាការចាត់វិធានការកាន់តែរឹតត្បិតដ៏តឹងរ៉ឹង ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលអាជ្ញាធររុស្ស៊ីចាត់ទុកថាបង្កហានិភ័យដល់សន្តិសុខជាតិរុស្ស៊ី នឹងត្រូវបានធ្វើឡើងជាក់ជាមិនខាន។
លើសពីនេះទៅទៀត រុស្ស៊ី ក៏អាចនឹងប្រើប្រាស់ហេតុផលប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មជ្រុលនិយមនេះ កៀងគរបណ្ដារដ្ឋដែលជាសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាត់វិធានការរួមគ្នា ប្រឆាំងនឹងនិន្នាការបញ្ជូនកងទ័ព សព្វាវុធ ឬហិរញ្ញវត្ថុ ទៅដល់អ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថាជារដ្ឋនៅពីក្រោយការធ្វើភេរវកម្មនៅក្នុងទឹកដីរុស្ស៊ីផងដែរ៕
RAC Media | លឹម សុវណ្ណារិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន» នេះជាការគូសបញ្ជាក់របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយរូប ដែលបានថ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN ព្រមទាំងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំឬបស់លោក ចូ បៃដិន?» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យ...
(រាជបណ្ឌិត្យសភាកម្ពុជា) លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមបានមើលឃើញថា បើទោះបីជាសហរដ្ឋអាម៉េរិកផ្លាស់ប្តូរមេដឹកនាំក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកតែងប្រកាន់ភ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវរៀបចំផែនការសកម្មភាព និង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...