ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «ទឹកគឺជីវិត» ទឹកអាចសង្គ្រោះ ទឹកអាចបម្រើ ទឹកអាចបំផ្លាញ

2024-03-14 10:32:56 ថ្ងៃព្រហស្បតិ៍, 14 មីនា 2024, 10:32 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់អំពីគុណតម្លៃនៃទឹកថា «ទឹកគឺជាជីវិត ទឹកអាចសង្ក្រោះ ទឹកអាចបម្រើ ហើយទឹកក៏អាចបំផ្លាញផងដែរ»។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍លើកឡើងថា បញ្ហាទឹកនៅតែជាបញ្ហាចម្បងមួយ ដែលត្រូវតែគិតគូរពិចារណា និងយកចិត្តទុកដាក់ជាទីបំផុត ព្រោះមានទឹកទើបមានជីវិត ពោលគឺគ្រប់ភាវៈរស់ទាំងអស់នៅលើផែនដីសុទ្ធសឹងតែត្រូវការទឹកជាមូលដ្ឋានសំខាន់នៃជីវិត។ ឯកឧត្ដមបណ្ឌិតបន្តថា បញ្ហាទឹក ជីវភាពរស់នៅ និងអាកាសធាតុបាន និងកំពុងមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពពលរដ្ឋក្នុងសង្គមយើងបច្ចុប្បន្ន ហើយក៏ជាកត្តាមួយប៉ះពាល់ដល់ការអភិវឌ្ឍជាតិផងដែរ។

ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងអំពីមរតកវប្បធម៌និងអរិយធម៌ខ្មែរពាក់ព័ន្ធនឹងប្រព័ន្ធធារាស្ត្រនេះផង​ដែរ​ថា ជីវភាពខ្មែរជំនាន់ដើម ពិសេសនៅក្នុងសម័យអង្គរ តែងតែផ្សារភ្ជាប់ទឹកទៅនឹងការរស់នៅប្រចាំថ្ងៃដូចជា ភាសា​ដែលខ្មែរយើងតែងតែនិយាយថា ទឹកដីស្រីប្រុស ជំនឿកសាងលិង្គព្រះសិវៈនិងយោនីនាងឧមា និងការកសាង​វាលលិង្គពាន់នៅក្បាលស្ពានជាដើម។ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់បន្ថែមថា ប្រជារាស្ត្រខ្មែរជំនាន់ដើម តែងតែសាងសង់ផ្ទះ ដោយមានជីកស្រះទឹក ឬថ្លុកទឹកនៅក្បែរផ្ទះដើម្បីរក្សាទឹកទុកប្រើប្រាស់ជាការប្រយោជន៍ផ្សេងៗ។ ឯកឧត្ដមបណ្ឌិតក៏បានមានប្រសាសន៍លើកឡើងអំពីសារៈប្រយោជន៍នៃការថែរក្សាប្រភពទឹកនៅក្នុងគម្រោងនគរូបនីយកម្មផងដែរ ដោយរដ្ឋគួរតែត្រៀមទីកន្លែងស្តុកទឹកសម្រាប់ប្រើប្រាស់នៅតាមទីក្រុងនិងទីប្រជុំធំៗ ស្របតាមមរតកវប្បធម៌សំណង់ ដែលមានជាក់ស្ដែងនៅតាមសំណង់ប្រាសាទ និងប្រព័ន្ធធារាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុក។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាយើងស្ថិតក្នុងតំបន់ត្រូពិកដែលសំបូរ ទឹកភ្លៀងនៅ រដូវវស្សារហូតបណ្តាលឱ្យមានគ្រោះទឹកជំនាន់ រីឯនៅរដូវប្រាំងវិញ បែរជាក្សត់ទឹកឬគ្រោះរាំង ស្ងួត ពិសេសនៅតំបន់ជនបទដាច់ស្រយាលខ្វះទឹកសម្រាប់ធ្វើសែ្រ ជាក់ស្តែងការប្រើប្រាស់ ទឹកសម្រាប់វិស័យកសិកម្ម ទឹកសម្រាប់បរិភោគ គុណភាពទឹកជាដើម។ ទាំងអស់នេះ គឺជាបញ្ហាចម្បងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះថា «ទឹកគឺជីវិត» ទឹកអាចសង្គ្រោះ ទឹកអាចបម្រើ ទឹកអាចបំផ្លាញ។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ក៏បានលើកឡើងនូវទស្សនទានចំនួន៣គឺ៖

១- ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ គួរមានកិច្ចសហប្រតិ្តបត្តិការ ធ្វើការសិក្សាស្រាវជ្រាវស៊ីជម្រៅ ដើម្បីពិនិត្យវាយតម្លៃបរិមាណទឹកសម្រាប់បម្រើឱ្យវិស័យកសិកម្មក្នុងយុគសម័យឌីជីថលនេះ។

២- យើងរួមគ្នាពិចារណាលើឥរិយាបថប្រើប្រាស់​និងគ្រប់គ្រងទឹកភ្លៀង (បរិមាណ គុណភាព គុណប្រយោជន៍...)។

៣- បើកទូលាយឱ្យមានអ្នកស្រាវជ្រាវវ័យក្មេង ពិសេសនៅតាមសាកលវិទ្យាល័យឬ ស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញការគាំទ្រផ្ទាល់របស់ឯកឧត្ដម ចំពោះសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រនានា ដែលបម្រើប្រយោជន៍ដល់មនុស្សជាតិ ព្រោះ នៅពេលដែលវិទ្យាសាស្រ្តរីកចម្រើន ប្រទេសជាតិក៏រីកចម្រើនផងដែរ ហើយវិទ្យាសាស្ត្របច្ចេកវិទ្យាសមស្រប និងគំនិតច្នៃប្រឌិត ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវិទ្យាសាស្ត្រសង្គមផងដែរ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រោះការអភិវឌ្ឍប្រទេស មួយមិនអាចខ្វះបាននូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាបានទ្បើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   Fri, 21,05,2021, 01:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   Thu, 20,05,2021, 12:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   Tue, 18,05,2021, 05:32 AM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   Tue, 18,05,2021, 05:20 AM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   Thu, 13,05,2021, 03:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   Thu, 13,05,2021, 08:04 AM

សេចក្តីប្រកាស