Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់អំពីគុណតម្លៃនៃទឹកថា «ទឹកគឺជាជីវិត ទឹកអាចសង្ក្រោះ ទឹកអាចបម្រើ ហើយទឹកក៏អាចបំផ្លាញផងដែរ»។
ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍លើកឡើងថា បញ្ហាទឹកនៅតែជាបញ្ហាចម្បងមួយ ដែលត្រូវតែគិតគូរពិចារណា និងយកចិត្តទុកដាក់ជាទីបំផុត ព្រោះមានទឹកទើបមានជីវិត ពោលគឺគ្រប់ភាវៈរស់ទាំងអស់នៅលើផែនដីសុទ្ធសឹងតែត្រូវការទឹកជាមូលដ្ឋានសំខាន់នៃជីវិត។ ឯកឧត្ដមបណ្ឌិតបន្តថា បញ្ហាទឹក ជីវភាពរស់នៅ និងអាកាសធាតុបាន និងកំពុងមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពពលរដ្ឋក្នុងសង្គមយើងបច្ចុប្បន្ន ហើយក៏ជាកត្តាមួយប៉ះពាល់ដល់ការអភិវឌ្ឍជាតិផងដែរ។
ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងអំពីមរតកវប្បធម៌និងអរិយធម៌ខ្មែរពាក់ព័ន្ធនឹងប្រព័ន្ធធារាស្ត្រនេះផងដែរថា ជីវភាពខ្មែរជំនាន់ដើម ពិសេសនៅក្នុងសម័យអង្គរ តែងតែផ្សារភ្ជាប់ទឹកទៅនឹងការរស់នៅប្រចាំថ្ងៃដូចជា ភាសាដែលខ្មែរយើងតែងតែនិយាយថា ទឹកដីស្រីប្រុស ជំនឿកសាងលិង្គព្រះសិវៈនិងយោនីនាងឧមា និងការកសាងវាលលិង្គពាន់នៅក្បាលស្ពានជាដើម។ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់បន្ថែមថា ប្រជារាស្ត្រខ្មែរជំនាន់ដើម តែងតែសាងសង់ផ្ទះ ដោយមានជីកស្រះទឹក ឬថ្លុកទឹកនៅក្បែរផ្ទះដើម្បីរក្សាទឹកទុកប្រើប្រាស់ជាការប្រយោជន៍ផ្សេងៗ។ ឯកឧត្ដមបណ្ឌិតក៏បានមានប្រសាសន៍លើកឡើងអំពីសារៈប្រយោជន៍នៃការថែរក្សាប្រភពទឹកនៅក្នុងគម្រោងនគរូបនីយកម្មផងដែរ ដោយរដ្ឋគួរតែត្រៀមទីកន្លែងស្តុកទឹកសម្រាប់ប្រើប្រាស់នៅតាមទីក្រុងនិងទីប្រជុំធំៗ ស្របតាមមរតកវប្បធម៌សំណង់ ដែលមានជាក់ស្ដែងនៅតាមសំណង់ប្រាសាទ និងប្រព័ន្ធធារាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុក។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាយើងស្ថិតក្នុងតំបន់ត្រូពិកដែលសំបូរ ទឹកភ្លៀងនៅ រដូវវស្សារហូតបណ្តាលឱ្យមានគ្រោះទឹកជំនាន់ រីឯនៅរដូវប្រាំងវិញ បែរជាក្សត់ទឹកឬគ្រោះរាំង ស្ងួត ពិសេសនៅតំបន់ជនបទដាច់ស្រយាលខ្វះទឹកសម្រាប់ធ្វើសែ្រ ជាក់ស្តែងការប្រើប្រាស់ ទឹកសម្រាប់វិស័យកសិកម្ម ទឹកសម្រាប់បរិភោគ គុណភាពទឹកជាដើម។ ទាំងអស់នេះ គឺជាបញ្ហាចម្បងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះថា «ទឹកគឺជីវិត» ទឹកអាចសង្គ្រោះ ទឹកអាចបម្រើ ទឹកអាចបំផ្លាញ។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ក៏បានលើកឡើងនូវទស្សនទានចំនួន៣គឺ៖
១- ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ គួរមានកិច្ចសហប្រតិ្តបត្តិការ ធ្វើការសិក្សាស្រាវជ្រាវស៊ីជម្រៅ ដើម្បីពិនិត្យវាយតម្លៃបរិមាណទឹកសម្រាប់បម្រើឱ្យវិស័យកសិកម្មក្នុងយុគសម័យឌីជីថលនេះ។
២- យើងរួមគ្នាពិចារណាលើឥរិយាបថប្រើប្រាស់និងគ្រប់គ្រងទឹកភ្លៀង (បរិមាណ គុណភាព គុណប្រយោជន៍...)។
៣- បើកទូលាយឱ្យមានអ្នកស្រាវជ្រាវវ័យក្មេង ពិសេសនៅតាមសាកលវិទ្យាល័យឬ ស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញការគាំទ្រផ្ទាល់របស់ឯកឧត្ដម ចំពោះសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រនានា ដែលបម្រើប្រយោជន៍ដល់មនុស្សជាតិ ព្រោះ នៅពេលដែលវិទ្យាសាស្រ្តរីកចម្រើន ប្រទេសជាតិក៏រីកចម្រើនផងដែរ ហើយវិទ្យាសាស្ត្របច្ចេកវិទ្យាសមស្រប និងគំនិតច្នៃប្រឌិត ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវិទ្យាសាស្ត្រសង្គមផងដែរ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រោះការអភិវឌ្ឍប្រទេស មួយមិនអាចខ្វះបាននូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាបានទ្បើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
បញ្ហាសំខាន់ដែលជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជារួមមាន៖ ១. ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ២. ការប្រើប្រាស់ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៣. ការនឿយហត់ក្នុងពេលកំពុងបើកបរ ៤. លក្ខខណ្ឌបច្ចេកទ...
បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្...
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រា...
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...