Royal Academy of Cambodia
ទឹក និងដី គឺជាធនធានធម្មជាតិដ៏សំខាន់ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសម្រាប់ទ្រទ្រង់ជីវិតផងដែរ។ ដោយសារ កំណើនប្រជាជន កំណើននៃការប្រើប្រាស់ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ គ្រប់អង្គភាព ដែលពាក់ព័ន្ធជាមួយនឹងទឹកនិងដី ទាំងអស់ តម្រូវឱ្យមានយន្តការដឹកនាំការគ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ជាពិសេសវិស័យកសិកម្ម ព្រៃឈើ ជលផល ធនធាន ទឹក រ៉ែ ទេសចរណ៍ ឧស្សាហកម្ម ការរៀបចំទីក្រុង ជនបទ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម ជាដើម។ កិច្ចការទាំងនេះ គឺតម្រូវឱ្យមានការ ឯកភាពគ្នា និងការប្តេជ្ញាចិត្តចូលរួមអនុវត្តពីគ្រប់ស្ថាប័នពាក់ព័ន្ធ រាប់ទាំងវិស័យសាធារណៈវិស័យឯកជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
នគរូបនីយកម្ម គឺសំដៅទៅលើបម្លាស់ប្តូរ ចំនួនប្រជាជន ពីទីជនបទទៅទីប្រជុំជន ឬទីក្រុង នៅក្នុងប្រទេសនីមួយៗ ដែលជាហេតុបណ្តាលឱ្យមានរីករាលដាល ទាំងទំហំ ទ្រង់ទ្រាយ និងទីតាំងភូមិសាស្រ្តនៃតំបន់ទាំងនោះ។ ដំណើរការនៃការរៀបចំ និងអភិវឌ្ឍទីក្រុងនិងទីប្រជុំជន គឺកើតឡើងដោយសារតម្រូវការនានា របស់មនុស្សដែលមានវត្តមាននៅទីនោះ ពោលគឺការបង្កើនល្បឿនលើគ្រប់វិស័យ។ គណៈកម្មការបច្ចេកសព្ទភូមិវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ថា “នគរូបនីយកម្ម គឺជាសិល្បៈ វិទ្យាសាស្រ្ត និងបច្ចេកទេសនៃការធ្វើផែនការរូបវន្តទីក្រុង ការ អភវិឌ្ឍ ការអភិរក្ស ការកែលម្អនៅក្នុងទីក្រុងនិងតំបន់ជុំវិញ ព្រមទាំងតំបន់ទទួលឥទ្ធិពល ក្នុងគោលបំណងទទួលបាននូវចីរភាព តុល្យភាព សុខុមាលភាព សោភណភាព សមធម៌ និង សមាហរណកម្ម ។ ទោះបីជាមាន ការកំណត់ន័យដោយឡែកៗពីគ្នា រវាងប្រទេសនីមួយៗយ៉ាងណាក៏ដោយ ក៏ការធ្វើនគរូបនីយកម្ម ត្រូវបានកត់សម្គាល់ក្នុងន័យរួមមួយ គឺការរីកចម្រើនរបស់ ទីក្រុង ឬទីប្រជុំជន។ ស្របតាម បរិបទសាកល ភាវូបនីយកម្ម ការរៀបចំដែនដី និងនគរូបនីយកម្មនៅកម្ពុជា ជាផ្នែកចម្បងមួយនៃគោលនយោបាយដីធ្លី និងនគរូបនីយកម្ម ដែលត្រូវមានលក្ខណៈទន់ភ្លន់ និងតម្រង់ទិសគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានប្រសិទ្ធភាព និងចីរភាព។ ចំណុចមូលដ្ឋានទាំងនេះ គឺជាប្រការដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលទើបទទួលបានសុខសន្តិភាព ឯកភាពជាតិ និងទឹកដីពេញបរិបូរណ៍ បន្តដោយការពង្រឹងស្មារតីបង្រួបបង្រួម សាមគ្គីភាព ការស្រឡាញ់ទឹកដី និងសង្គមកម្ពុជាទាំងមូល ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុង ការថែរក្សានិងស្រឡាញ់ទឹកដី ធនធានធម្មជាតិ វប្បធម៌ អរិយធម៌ជាតិ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្រ្គាមអូសបន្លាយអស់ជាច្រើន ទសវត្សរ៍កន្លងមក។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=10
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...