ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

2024-03-06 07:22:13 ថ្ងៃពុធ, 06 មីនា 2024, 07:22 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ស្ត្រីពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញវឌ្ឍនភាពសង្គមជាតិ និងស្ថាប័ន។ ឯកឧត្ដមបណ្ឌិត្យសភាចារ្យប្រធាន បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់ទាំង៧ចំណុចរបស់ស្ត្រីគឺ៖

១.ស្ត្រីគឺជាមិត្តដ៏ល្អ ទាំងជាមិត្តរួមការងារ ជាមិត្តនៅក្នុងជីវិតរស់នៅ និងមិត្តនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការធំៗទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ

២. ស្ត្រីគឺជាភរិយាដ៏ល្អ ដែលឈរនៅពីក្រោយខ្នងបុរស ជួយជ្រោមជ្រែងបុរសជាប្ដីនៅគ្រប់កាលៈទេសៈនៃការរស់នៅ

៣. ស្ត្រីគឺជាមេផ្ទះដ៏អស្ចារ្យ គេអាចពិនិត្យមើលកាយវិការរបស់ស្ត្រី ដើម្បីដឹងថាផ្ទះនោះពោរពេញដោយភាពអស្ចារ្យមួយសម្រាប់ក្រុមគ្រួសារ ពិសេសសម្រាប់បុរស ពិតជាមិនអាចខ្វះស្ត្រីបានឡើយនៅក្នុងការរស់នៅ។

៤. ស្ត្រីគឺជាម្ដាយដ៏អស្ចារ្យ ដែលហ៊ានលះបង់និងធ្វើអ្វីៗទាំងអស់សម្រាប់កូនប្រុសស្រីរបស់ខ្លួន។

៥. ស្ត្រីដែលពោរពេញទៅដោយចំណេះដឹង គឺជាវិចិត្រករឆ្លាក់មនុស្សជំនាន់ក្រោយយ៉ាងប៉ិនប្រសប់ ចាប់តាំងពីក្មេងនៅក្នុងផ្ទៃម្ដាយមកម្ល៉េះ។

៦. ការផ្ដល់ឱកាសឱ្យស្ត្រីទទួលបានការអប់រំ គឺជាការកសាងមូលដ្ឋានសំខាន់ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ ព្រោះស្ត្រីដែលមានចំណេះដឹង អាចបង្រៀន ទូន្មានកូនឱ្យក្លាយទៅជាធនធានមនុស្សឍ ដែលនឹងរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គម។

៧. មានរឿងជាច្រើនណាស់ដែលស្ត្រីអាចធ្វើបាន តែមនុស្សប្រុសមិនអាចធ្វើបាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់បន្ថែមថា នៅក្នុងដំណើរវិវត្តសង្គម និងវប្បធម៌របស់ប្រជាជាតិខ្មែរ ស្ត្រីបានផ្សារភ្ជាប់ឥតដាច់ឡើយនៅក្នុងប្រវត្តិសាស្ត្រខ្មែរ និងបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការវិវឌ្ឍនៃសង្គមជាតិ រាប់ចាប់តាំងពីការប្រកាន់យកលទ្ធិមាតាធិបតេយ្យ ការចូលរួមនៅក្នុងជីវភាពសង្គម សេដ្ឋកិច្ច ការអប់រំ និងជំនឿសាសនាជាដើម។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសង្កត់ធ្ងន់អំពីតម្លៃស្ត្រីនៅលើសកលលោកយ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ គ្មានព្រះឯណា គ្មានស្ដេចឯណា ឬវីរៈបុរសណាម្នាក់ដែលមិនកើតពីស្ត្រីនោះឡើយ។ ហេតុនេះហើយ ស្ត្រីគឺជាចំណែកមិនអាចខ្វះបាននៅក្នុងពិភពលោក ដែលគេត្រូវតែគោរពនិងផ្ដល់តម្លៃគ្រប់ពេលវេលាទាំងអស់»។

គួរបញ្ជាក់ផងដែរថា មន្ត្រីនិងបុគ្គលិកជានារីដែលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជានាពេលបច្ចុប្បន្នសរុបមានចំនួន១៤៩រូប ស្មើនឹង ៤០,៦០%នៃចំនួនមន្ត្រីនិងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជាសរុប ៣៦៧នាក់ ដែលក្នុងនោះ មន្ត្រីក្របខណ្ឌសរុបចំនួន ៣៩រូប មន្ត្រីជាប់កិច្ចសន្យាចំនួន ១រូប និងមន្ត្រីក្រៅក្របខ័ណ្ឌ ៦៤រូប និងមន្ត្រីជាស្ត្រីជាគ្រូបង្រៀនភាសាចិន៤៥រូប៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

អ្វីទៅជាការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីមុនៗ ឬ​ទ្រឹស្តីមានស្រាប់? ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទការល័យរាជបណ្ឌិត្យសភាកម្ពុជា

ក្រុម​ទស្សនវិទូ ដែល​និយម​លើការសិក្សា​ស្រាវជ្រាវ​ដើម្បី​ផ្ទៀង​ផ្ទាត់​ទ្រឹស្តីពី​មុនៗ (Postpositivist) បាន​​បញ្ជាក់ថា រាល់ចំណេះដឹង ឬ​ទស្សនដែល​មាន​ស្រាប់​ទាំ​ងអស់​មិន​ប្រាកដថា​ត្រឹម​ត្រូវ​១០០%​នោះទេ។ អ្ន...

2024-02-09 08:35:15   Fri, 09,02,2024, 08:35 AM
សាសនា និងពុទ្ធសាសនា ដោយ៖ បណ្ឌិត ក្តាន់ ធុលមន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថាន​មនុសាស្ត្រនិងវិទ្យាសង្គមរាជបណ្ឌិត្យសភាកម្ពុជា

មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...

2024-02-05 08:04:39   Mon, 05,02,2024, 08:04 AM
ជំនាញសង្គមមជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍបុគ្គល ដោយ៖ បណ្ឌិត ទុយ យូឃីម នាយកដ្ឋានប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ដិត្យសភាកម្ពុជា

បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...

2024-02-05 07:45:34   Mon, 05,02,2024, 07:45 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន

(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...

2024-02-02 09:48:52   Fri, 02,02,2024, 09:48 AM
«ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗពីរដែលកម្ពុជានិងវៀតណាមគួរសម្ដែងបដិការគុណចំពោះគ្នា» ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...

2024-01-30 08:31:03   Tue, 30,01,2024, 08:31 AM
ការប្រឡងបញ្ចប់​ឆមាសសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ ដោយ៖​ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវ​នៃ​​ រាជបណ្ឌិត្យ​សភាកម្ពុជា​បាន​រៀប​ចំការប្រឡងបញ្ចប់ឆមាសថ្នាក់​​បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត​ក្រោម​​អធិប​តី​ភា...

2024-01-27 09:49:35   Sat, 27,01,2024, 09:49 AM

សេចក្តីប្រកាស