ព័ត៌មាន

ការបង្កើតបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី ដោយបណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2024-03-04 08:29:53 ថ្ងៃចន្ទ, 04 មីនា 2024 ម៉ោង 03:29 PM
អ្នកមើល 6913
post_detail

បញ្ហាកើតចេញពីភាពមិនស៊ីគ្នា ឬភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី គឺជាបញ្ហារវាងការប្រើប្រាស់ទ្រឹស្តី និងចំណោទបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវ ហើយតាមរយៈបញ្ហានេះគេអាចទាញយកមកធ្វើ ឬបង្កើតប្រធានបទថ្មីសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ។ បញ្ហានេះបានកើតមានឡើងនៅក្នុងរូបភាពផ្សេងៗគ្នាដូចជា៖

- ហេតុការណ៍ ឬព្រឹត្តិការណ៍ដូចគ្នាប៉ុន្តែអ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់ទ្រឹស្តីផ្សេងៗគ្នានៅក្នុងការបកស្រាយ និងពន្យល់ពីហេតុការណ៍ ឬព្រឹត្តិការណ៍នោះ៖ ចំណុចសំខាន់នៅត្រង់នេះគឺថា ហេតុអ្វីបានជាអ្នកសិក្សាស្រាវជ្រាវមុនៗបានប្រើប្រាស់ទ្រឹស្តីផ្សេងៗគ្នាដើម្បីពន្យល់លើហេតុការណ៍ ឬបាតុភូតដូចគ្នា? តើទ្រឹស្តីមួយណាពិតជាស៊ីគ្នាជាមួយនឹងបញ្ហាដែលបានស្រាវជ្រាវនោះ? ឬតើទ្រឹស្តីទាំងអស់នោះពិតជាស៊ីគ្នាជាមួយនឹងបញ្ហាដែលបានសិក្សានោះមែនដែរឬទេ? ក្នុងករណីនេះ វាបានបង្ហាញពីភាពខ្វះចន្លោះនៅក្នុងទ្រឹស្តីដែលអ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហា (ហេតុអ្វីបានជាអ្នកសិក្សាស្រាវជ្រាវពីមុនៗប្រើប្រាស់ទ្រឹស្តីផ្សេងៗគ្នា ដើម្បីដោះស្រាយបញ្ហាដូចគ្នានេះ)។ នេះមានន័យថា អ្នកសិក្សាស្រាវជ្រាវអាចប្រើប្រាស់ទ្រឹស្តីដែលមិនស៊ីគ្នា មិនសូវស៊ីគ្នា ឬសំឡឹងមើលទិដ្ឋភាពផ្សេងៗគ្នាជាមួយនឹងបញ្ហាដែលបានសិក្សានោះ។ ដូច្នេះ អ្នកសិក្សាស្រាវជ្រាវផ្សេងៗទៀតអាចទាញយក ឬលើកយកចំណុចនេះ ដើម្បីបង្កើតជាចំណោទបញ្ហានៅក្នុងប្រធានបទសិក្សាស្រាវជ្រាវបន្ត។

ឧទាហរណ៍ អ្នកសិក្សាស្រាវជ្រាវបានអានស្នាដៃការសិក្សាស្រាវជ្រាវមុនៗ ឬសៀវភៅផ្សេងៗដែលសរសេរទាក់ទងជាមួយនឹងប្រធានបទ “កត្តាជះឥទ្ធិពលដល់ការរៀនភាសាអង់គ្លេសរបស់សិស្សវិទ្យាល័យយ”។ បន្ទាប់ពីបាន​អានឯកសារទាំងអស់នោះរួចមក គេសង្កេតឃើញថា អ្នកសិក្សាស្រាវជ្រាវភាគច្រើនបានប្រើប្រាស់ទ្រឹស្តីផ្សេងៗគ្នានៅក្នុងការពន្យល់ និងដោះស្រាយបញ្ហានេះ ដូចជា៖ ទ្រឹស្តីនិយាយពីការរៀនដោយខ្លួនឯងរបស់ជឺរូមប្រូន័រ (Discovery Learning by Jerome Bruner) ទ្រឹស្តីការរៀនតាមរយៈការចោទសួររបស់លោកស្រីខាត់ មឺដក (Inquiry Cycle by Kath Murdoch) ទ្រឹស្តីការរៀនរបស់សិស្សវ័យជំទង់របស់ម៉ាលខុម ណូលេស (Adult Learning by Malcolm Knowles) ឬទ្រឹស្តីស្តីបុគ្គលិកលក្ខណៈរបស់មនុស្សរបស់លោកខាល រ៉ូជឺ (Theory of Personality by Carl Roger)ជាដើម។ល។

ក្នុងករណីនេះ អ្នកសិក្សាស្រាវជ្រាវបន្តអាចលើកយកចំណុចនេះជាបញ្ហា ដើម្បីធ្វើការសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់ឡើងវិញតាមរយៈការសិក្សាឱ្យបានស៊ីជម្រូវលើទ្រឹស្តីទាំងអស់ខាងលើ រួចហើយកំណត់យកទ្រឹស្តីណាមួយដែលពិតជាស៊ីគ្នាជាមួយនឹងបញ្ហាដែលបានកើតមានឡើងនោះ ដើម្បីបង្កើតជាចំណោទបញ្ហានៅក្នុងប្រធានបទការសិក្សាស្រាវជ្រាវ “ការប្រើប្រាស់ទ្រឹស្តីការរៀនរបស់សិស្សវ័យជំទង់ដើម្បីជំរុញដល់ការរៀនភាសាអង់គ្លេសរបស់សិស្សថ្នាក់ទី១២”។  

- ភាពខ្វះចន្លោះនៅក្នុងការប្រើប្រាស់ទ្រឹស្តីពាក់ព័ន្ធដើម្បីបកស្រាយ ឬពន្យល់លើបញ្ហាដែលបានកើតឡើង៖ ភាពខ្វះចន្លោះនេះបានកើតមានឡើង នៅក្នុងស្នាដៃសិក្សាស្រាវជ្រាវពីមុនៗដែលអ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់ទ្រឹស្តីប្រហាក់ប្រហែលគ្នាដើម្បីដោះស្រាយ ឬពន្យល់ហេតុការណ៍ដែលបានកើតមានឡើងប៉ុន្តែមិនបានរំលេច ប្រើប្រាស់ទ្រឹស្តីផ្សេងៗទៀតក្រៅពីនោះមកពន្យល់ ដោះស្រាយបញ្ហាដែលបានកើតមានឡើងនោះទេ ឬទ្រឹស្តីទាំងនោះត្រូវបានបង្កើតឡើងនៅពេលវេលាណាមួយដែលជួនកាលវាអាចមានភាពខ្វះចន្លោះ ហួសសម័យ ឬមិនអាចប្រើប្រាស់ដើម្បីវាស់វែងបញ្ហាដែលបានកើតឡើងបានឡើយ។ នៅក្នុងករណីនេះ វាបានបង្ហាញពីភាពខ្វះចន្លោះនៅក្នុងការប្រើប្រាស់ទ្រឹស្តីពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកបកស្រាយ ឬពន្យល់ពីបញ្ហាដែលបានកើតមានឡើងនោះ។

ឧទាហរណ៍ នៅក្នុងស្នាដៃសិក្សាស្រាវជ្រាវទាក់ទងជាមួយនឹង”ការវាយតម្លៃពីការពេញចិត្តលើគុណភាពក្នុងការផ្តល់សេវាកម្មដល់អតិថិជននៅធនាគារឯកជន” គេសង្កេតឃើញថា នៅក្នុងស្នាដៃទាំងនោះ អ្នកសិក្សាស្រាវជ្រាវភាគច្រើនបានប្រើប្រាស់ទ្រឹស្តី SERVQUAL Model (ប្រើប្រាស់សម្ភារៈទំនើប ផ្តល់ភាពទំនុកទុកចិត្តខ្ពស់ គោរពតាមគោលការណ៍ ម៉ោងប្រតិបត្តិការងារឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ឱ្យតម្លៃខ្ពស់ដល់អតិថិជន) ដែលត្រូវបានបង្កើតឡើងក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងឆ្នាំ១៩៨៥។ នៅក្នុងករណីនេះ អ្នកសិក្សាស្រាវជ្រាវអាចបង្កើតចំណោទបញ្ហាថ្មីក្នុងប្រធានបទស្រាវជ្រាវដោយប្រើប្រាស់ទ្រឹស្តីផ្សេងទៀតដូចជាទ្រឹស្តីគុណភាពសេវាកម្ម (ការរំពឹងទុករបស់អតិថិជន និងការទទួលបានពីការផ្តល់សេវាកម្ម) របស់លោក អូលីវ័រ (Oliver) ឬការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងសេវាកម្មជាដើម ”ការប្រើប្រាស់ទ្រឹស្តីការរំពឹងទុក និងការទទួលបានពីការផ្តល់សេវាកម្មក្នុងការពង្រឹងគុណភាពការផ្តល់សេវាកម្មរបស់ធនាគារឯកជន” ឬ”ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងគុណភាពសេវាកម្មរបស់ធនាគារឯកជន”។

- ភាពខ្វះចន្លោះក្នុងការទាញយកអថេរ ឬបញ្ញាត្តិចេញពីទ្រឹស្តីទាំងឡាយណាដែលអ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់ដើម្បីបកស្រាយ ពន្យល់ ឬដោះស្រាយបញ្ហាក្នុងប្រធានបទស្រាវជ្រាវនោះ៖ ភាពខ្វះចន្លោះនេះបានកើតមានឡើង នៅក្នុងទ្រឹស្តីដែលអ្នកសិក្សាស្រាវជ្រាវពីមុនៗបានប្រើប្រាស់ដោយពួកគេមិនបានសិក្សាឱ្យបានល្អិតល្អន់ ឬសិក្សាឱ្យបានស៊ីជម្រូវលើអថេរ ឬបញ្ញាត្តិនៅក្នុងទ្រឹស្តីណាមួយដែលពួកគេបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានៅក្នុងការសិក្សាស្រាវជ្រាវនោះ។ ដូច្នេះ វាធ្វើឱ្យអថេរ ឬបញ្ញាត្តិដែលត្រូវបានគេទាញចេញពីទ្រឹស្តីនោះមិនមានលក្ខណៈគ្រប់គ្រាន់ ឬពេញលេញដើម្បីធ្វើការបកស្រាយ ពន្យល់ ឬដោះស្រាយបញ្ហាដែលបានសិក្សាស្រាវជ្រាវនោះ។

ឧទាហរណ៍នៅក្នុងប្រធានបទស្រាវជ្រាវស្តី ”ការសិក្សាពីយន្តការនៃការពង្រឹងប្រសិទ្ធភាការងាររបស់ក្រុមហ៊ុនឯកជន ”អ្នកសិក្សាស្រាវជ្រាវខ្លះបានប្រើប្រាស់ទ្រឹស្តីអេសទាំងប្រាំពីរ (7s Model-structure, systems, strategy, skills, style, staff & shared vision by Mckinsey) ចំណែកឯអ្នកសិក្សាស្រាវជ្រាវខ្លះទៀតបានប្រើប្រាស់ទ្រឹស្តី វិន័យទាំង៥ (5th Discipline-personal mastery, mental models, building shared vision, team learning, & systems thinking by Peter Senge)។ បញ្ហានៅត្រង់នេះគឺថា អថេរ (ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវបែបបរិមាណវិស័យ) ឬបញ្ញាត្តិ (ប្រើប្រាស់នៅក្នុងការសិក្សាស្រាវជ្រាវបែបគុណវិស័យ) មិនត្រូវបានអ្នកសិក្សាស្រាវជ្រាវទាញយកមកពន្យល់ឱ្យបានគ្រប់ធាតុ (យកតែធាតុខ្លះៗ ឬខ្លឹមសារពន្យល់មិនច្បាស់លាស់ក្នុធាតុនីមួយៗ) ដែលជាហេតុធ្វើឱ្យមានភាពខ្វះចន្លោះកើតចេញពីការប្រើប្រាស់ទ្រឹស្តីទាំងនោះ។ ក្នុងករណីនេះ អ្នកសិក្សាស្រាវជ្រាវអាចទាញយកចំណុចនេះ ដើម្បីបង្កើតជាចំណោទបញ្ហានៅក្នុងប្រធានបទការសិក្សាស្រាវជ្រាវ “ការពង្រឹងប្រសិទ្ធភាពការងារនៅក្នុងក្រុមហ៊ុនឯកជនតាមរយៈការបង្កើតចក្ខុវិស័យរួមគ្នា” (ដោយសារនៅក្នុងស្នាដៃសិក្សាស្រាវជ្រាវមុនៗបានប្រើប្រាស់តែអថេរចំនួនបួនក្នុងចំណោមអថេរទាំងប្រាំនៃទ្រឹស្តីវិន័យទាំងប្រាំរបស់សេងហ្គេ)។

ជារួម អ្នកសិក្សាស្រាវជ្រាវអាចប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ក្នុងការកំណត់បញ្ហាដើម្បីបង្កើតប្រធានបទស្រាវជ្រាវ។ វីធីសាស្ត្រមួយនៅក្នុងចំណោមវិធីសាស្ត្រទាំងអស់នោះគឺ ការទាញយកបញ្ហាដើម្បីបង្កើតប្រធានបទសិក្សាស្រាវជ្រាវ ចេញពីភាពខ្វះចន្លោះនៅក្នុងទ្រឹស្តីតាមរយៈការអានអត្ថបទស្រាវជ្រាវ ឬអានសៀវភៅផ្សេងៗ “អានស្នាដៃសិក្សាស្រាវជ្រាវ ឬសៀវភៅផ្សេងៗដើម្បីកំណត់បាននូវភាពខ្វះចន្លោះដែលកើតចេញពីទ្រឹស្តីណាមួយនៅក្នុងស្នាដៃនោះដើម្បីបង្កើតប្រធានសិក្សាស្រាវជ្រាវ មិនមែនអង្គុយអុជធូបបន់ស្រន់ ឬអង្គុយរកនឹកនោះទេ”។

-----

RAC Media

ប្រភព ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

  


អត្ថបទទាក់ទង

«ពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយស បានរៀបចំប្រារ...

2019-11-18 05:51:11   ថ្ងៃចន្ទ, 18 វិច្ឆិកា 2019 ម៉ោង 12:51 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០»

(ភ្នំពេញ)៖ នៅសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភា...

2019-11-16 08:48:03   ថ្ងៃសៅរ៍, 16 វិច្ឆិកា 2019 ម៉ោង 03:48 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៦ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់...

2019-11-15 03:47:12   ថ្ងៃសុក្រ, 15 វិច្ឆិកា 2019 ម៉ោង 10:47 AM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៥ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ...

2019-11-15 03:33:48   ថ្ងៃសុក្រ, 15 វិច្ឆិកា 2019 ម៉ោង 10:33 AM
«រាជបណ្ឌិត្យសភាកម្ពុជា សម្រេចជ្រើសរើសបេក្ខភាពថ្មី ជាប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការវាយតម្លៃដាក់ពិន្ទុជ្រើសរើសប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត...

2019-11-14 10:08:36   ថ្ងៃព្រហស្បតិ៍, 14 វិច្ឆិកា 2019 ម៉ោង 05:08 PM
«ប្រជុំដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំង....»

កាលពីរសៀល ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំងដូច...

2019-11-14 09:36:29   ថ្ងៃព្រហស្បតិ៍, 14 វិច្ឆិកា 2019 ម៉ោង 04:36 PM

សេចក្តីប្រកាស