Royal Academy of Cambodia
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
កន្លងមកថ្មីៗនេះ មានសំណើពីភាគីថៃស្នើសុំបើកច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃឡើងវិញដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរចូលមកទស្សនាតាមច្រកនេះជាថ្មី។ ការលើកឡើងនូវសំណើនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងចំពេលដែលគណបក្សកាន់អំណាចនិងមេដឹកនាំរបស់ប្រទេសថៃ មានទំនាក់ទំនងល្អជាមួយគណបក្សកាន់អំណាចនិងមេដឹកនាំរបស់កម្ពុជាបច្ចុប្បន្ន។
ផ្អែកតាមកត្តាប្រវត្តិសាស្ត្រ បទពិសោធន៍កន្លងមក និងតថភាពជាក់ស្ដែង សាធារណជននិងបញ្ញវន្តខ្មែរភាគច្រើនយល់ថា រាជរដ្ឋាភិបាលកម្ពុជាមិនគួរអនុញ្ញាតឱ្យមានការបើកច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃឡើងវិញនោះទេ ទោះបីជាក្នុងហេតុផលនិងរូបភាពណាក៏ដោយ។
ជាក់ស្ដែង កន្លងមក អាជ្ញាធរកម្ពុជាធ្លាប់បានបើកច្រកប្រាសាទព្រះវិហារដើម្បីទទួលភ្ញៀវទេសចរដែលមកពីប្រទេសថៃនិងប្រទេសផ្សេងៗឱ្យចូលទស្សនាប្រាសាទនេះ។ ក្នុងពេលនោះការដំណើរការច្រកនេះ ក៏ធ្លាប់មានភាពរអាក់រអួលដែរ ពីព្រោះតែការខ្វែងគំនិតគ្នាលើទស្សនៈនិងផលប្រយោជន៍ពាក់ព័ន្ធ។ ក្រោយមកទៀត ក្នុងឆ្នាំ២០០៨ ច្រកចូលទស្សនានេះក៏ត្រូវបានអាជ្ញាកម្ពុជាសម្រេចចិត្តបិទទាំងស្រុង ដោយសារតែអ្នកនយោបាយជាតិនិយមជ្រុលរបស់ថៃបានយកប្រាសាទព្រះវិហារខ្មែរធ្វើជាកម្មវត្ថុនៃការប្រកួតប្រជែងខាងនយោបាយដណ្ដើមអំណាចផ្ទៃក្នុងរបស់ខ្លួន ដែលពេលនោះ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉ាចាជីវ៉ា (Abhisit Vejjajiva) បានបញ្ជាឱ្យទាហានឈុតខ្មៅរបស់ខ្លួនចូលមកកាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារខ្មែរ។
សភាពការណ៍តាមព្រំដែនរវាងកម្ពុជានិងថៃនៅពេលនោះបានឡើងកម្ដៅខ្លាំងរហូតដល់មានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំ បណ្ដាលឱ្យមានការខូចខាតផ្នែកខ្លះនៃសំណង់ប្រាសាទបុរាណនេះ បង្កឱ្យភាគីទាំងសងខាងមានអ្នកស្លាប់និងអ្នករបួយរាប់រយនាក់ ហើយសភាពការណ៍នោះបន្តអូសបន្លាយរហូតដល់ឆ្នាំ២០១១ រហូតដល់ពេលដែលលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា (Yingluck Shinawatra) បានឡើងធ្វើជានាយករដ្ឋមន្ត្រីទើប មានភាពធូរស្រាលឡើងវិញ។
គួររម្លឹកថា ក្នុងអតីតកាលប្រទេសថៃធ្លាប់ដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារខ្មែរ រហូតដល់ឆ្នាំ១៩៦២ ទើបប្រទេសថៃព្រមដកកងទ័ពនិងនគរបាលរបស់ខ្លួនចេញពីទីនេះវិញបន្ទាប់ពីប្រទេសនេះបានចាញ់ក្ដីកម្ពុជាក្រោមយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ពេលដែលប្រទេសថៃព្រមដកកងទ័ពនិងនគរបាលរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ អាជ្ញាធរកម្ពុជាបានពិនិត្យឃើញថា ផ្នែកខ្លះនៃសំណង់ប្រាសាទត្រូវបានបំផ្លាញ ហើយវត្ថុបុរាណសំខាន់ៗក៏ត្រូវបានបាត់បង់ដែរ។
ដោយឡែកដើមចមនៃការផ្ទុះជម្លោះជាថ្មីនៅឆ្នាំ២០០៨ ត្រូវបានឯកអគ្គរាជទូតខ្មែរប្រចាំអង្គការសហប្រជាជាតិអះអាងថា ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដោយសារទាហានថៃប្រមាណ៥០ នាក់បានសម្រុកចូលមកក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា ចម្ងាយប្រហែល ៣០០ ម៉ែត្រពីប្រាសាទព្រះវិហារ។ សកម្មភាពចល័តទ័ពនេះ បានកើតឡើងក្រោយមួយសប្ដាហ៍បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ។
ហេតុផលនៃការចូលមកកាន់ទីនោះ ប្រទេសថៃអះអាងថាពីព្រោះតែការបោះបង្គោលព្រំដែនមិនទាន់ត្រូវបានបញ្ចប់សម្រាប់ផ្នែកខាងក្រៅនៃតំបន់ដែលនៅជាប់នឹងប្រាសាទ ដែលត្រូវបានវិនិច្ឆ័យថាជារបស់កម្ពុជាដោយសេចក្តីសម្រេច៩ ទល់នឹង ៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២។
នៅខែសីហា ឆ្នាំ២០០៨ វិវាទបានពង្រីកដល់ប្រាសាទតាមាន់ ជាប្រាសាទសង់ឡើងក្នុងសតវត្សទី១៣ ដែលមានចម្ងាយ ១៥៣ គីឡូម៉ែត្រ ខាងលិចប្រាសាទព្រះវិហារ (១៤°២០′៥៧″N ១០៣°១៥′៥៩″E) ហើយកម្ពុជាបានអះអាងថា កងទ័ពថៃបានចូលមកកាន់កាប់ប្រាសាទនេះដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ពេលនោះ ក្រសួងការបរទេសថៃបានបដិសេធថា ទាហានរបស់ខ្លួនមិនបានផ្លាស់ទីចូលទៅក្នុងតំបន់នោះទេ។
ដោយសារស្ថានភាពនៅតែបន្តមានភាពតានតឹង ហើយហេតុផលដែលភាគីថៃបានលើកយកមកធ្វើជាលេសដើម្បីចូលកកាន់កាប់នោះ ទាក់ទិននឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២, ទើបកម្ពុជាសម្រេចចិត្តស្នើសុំឱ្យតុលាការនេះបកស្រាយសាលដីកានោះឡើងវិញ។ ក្រោយពីសាលដីកានេះត្រូវបានបកស្រាយឡើងវិញ ភាគីថៃហាក់រក្សាភាពស្ងៀមស្ងាត់និងរក្សាទីតាំងឈរជើងនៅមួយកន្លែង ប៉ុន្តែ មិនបានដកកម្លាំងរបស់ខ្លួនចេញពីផុតតំបន់ជម្លោះនោះដាច់ស្រឡះនៅឡើយទេ។
ស្ថានភាពបែបនេះ អាចនឹងបង្កឱ្យមានជម្លោះសាជាថ្មីក្នុងករណីភាពជាអ្នកដឹកនាំ បុគ្គលភាព និងជំហរនយោបាយរបស់នាយករដ្ឋមន្ត្រីថៃឬគណៈបក្សនយោបាយថៃណាមួយដែលមានគំនិតជាតិនិយមជ្រុលបានឡើងកាន់អំណាចជាថ្មី។
ហេតុនេះ បើទោះបីជាក្នុងរយៈពេលថ្មីៗកន្លងមកនេះ មានការស្នើសុំពីភាគីថៃពីតួអង្គជាច្រើន រួមទាំង សមាជិកសភាថៃផងនោះ ដែលចង់ឱ្យមានការបើកច្រកប្រាសាទព្រះវិហារនេះឡើងវិញក៏ដោយ ក៏យើងមិនគួរបើកឡើងវិញដែរ។ ពីព្រោះបើយោងតាមប្រវត្តិសាស្ត្រ បញ្ហាប្រាសាទព្រះវិហារ គឺជាបញ្ហារសើបបំផុតរវាងភាគីថៃនិងកម្ពុជា។ ម្យ៉ាងទៀត ជាធម្មតា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងថៃ ពេលខ្លះល្អនិងពេលខ្លះមិនសូវល្អ អាស្រ័យលើទំនាក់ទំនងផ្ទាល់រវាងប្រមុខដឹកនាំនៃរដ្ឋាភិបាលនិងជំហររបស់គណៈបក្សកាន់អំណាចរបស់ប្រទេសទាំងពីរ។ លក្ខខណ្ឌបែបនេះ វាងាយនឹងធ្វើឱ្យជម្លោះអំពីការកាន់កាប់ដីជុំវិញប្រាសាទព្រះវិហារនឹងលាប់ឡើងវិញមិនខាន។
ម្យ៉ាងទៀត ទាំងការអនុវត្តសាលដីកាឆ្នាំ១៩៦២ ទាំងការអនុវត្តការសម្រេចជាថ្មីរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ២០១១ សុទ្ធតែបានបង្ហាញថាភាគីថៃមិនបានអនុវត្តត្រឹមត្រូវតាមសាលដីកាឬបទបញ្ជារបស់តុលាការនេះទេ។ ទាំងអស់នេះ គឺជាបទពិសោធន៍និងមេរៀនគ្រប់គ្រាន់ដែលភាគីកម្ពុជា បានយកធ្វើជាមូលដ្ឋានក្នុងការរក្សាជំហរមិនបើកច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃឡើងវិញ។
ជារួម ប្រសិនបើប្រទេសទាំងពីរចង់រក្សាមិត្តភាពជាអ្នកជិខាងល្អជាមួយគ្នា អ្នកនយោបាយឬប្រជាជាតិនៃប្រទេសទាំងពីរមិនគួរជីកកកាយដំបៅចាស់ឬព្យាយាមលើកសំណើណាមួយទាក់នឹងប្រសាទព្រះវិហារឡើយ។ ពីព្រោះបើផ្អៃកលើបទពិសោធន៍ប្រវត្តិសាស្ត្រ និងមេរៀននាពេលថ្មីៗកន្លងមកនេះ ជម្លោះពាក់ព័ន្ធនឹងប្រាសាទព្រះវិហារនេះវាងាយនឹងផ្ទុះឡើង ហើយពេលផ្ទុះឡើងម្ដងៗ ប្រទេសទាំងពីរបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ធនធាន និងព្រមទាំងបង្កឱ្យមានទាហាននិងជនស៊ីវិលស្លាប់និងរបួសរាប់រយនាក់ទៀតផង។
លើសពីនេះទៀត ការផ្ទុះជម្លោះជាបន្តបន្ទាប់នេះ វារឹតតែបញ្ឆេះឱ្យមានកំហឹងរវាងប្រជាជាតិរបស់យើងទាំងពីរលើវិស័យប្រវត្តិសាស្ត្រ វប្បធម៌ និងព្រំដែនមិនចេះចប់។ ហេតុនេះ ច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃមិនគួរបើកឡើងវិញជារៀងរហូត បើទោះបីជាប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អយ៉ាងណាក៏ដោយ។ ពីព្រោះ ប្រសិនបើកច្រកនេះឡើងវិញ យូរឬឆាប់បញ្ហាដដែលអាចនឹងកើតឡើងវិញដោយជៀសមិនរួច ដែលនាំឱ្យរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរមើលមុខគ្នាមិនចំនិងបន្តយកគ្នាជាសម្រូវសួពូជ។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រតទៅទៀតទេ។
ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ត្រូវអភិវឌ្ឍហេដ្ឋារូបវន្តចាំបាច់នានាឡើងទៅកាន់ប្រាសាទព្រះវិហារឱ្យបានល្អប្រសើរ មានគុណភាព សុវត្ថិភាព និងនិរន្តរភាព ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីប្រាសាទព្រះវិហារដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ រាប់ទាំងភ្ញៀវទេសចរថៃផងឱ្យមកទស្សនាប្រាសាទព្រះវិហារ។ សម្រាប់ទេសចរអន្តរជាតិ ពួកគេអាចមកទស្សនាប្រាសាទព្រះវិហារដោយចូលតាមច្រកព្រំដែនអានសេះ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា)-អានម៉ា (ខេត្តឧប៊ុនរាជធានី ប្រទេសថៃ) និងច្រកផ្សេងៗទៀត ដែលស្ថិតនៅជិតប្រាសាទព្រះវិហារ។ ដោយឡែកច្រកដែលចូលពីប្រទេសថៃ ត្រូវតែបិទជារៀងរហូតដើម្បីបញ្ចៀសជម្លោះនិងរក្សាអធិបតេយ្យជាតិនិងបូរណភាពទឹកដី៕
RAC Media
ប្រភព វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រូបភាព រដ្ឋបាលខេត្តព្រះវិហារ និង CNC
កាលពីថ្ងៃអង្គារ ទី២៥ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក...
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨បន្ទាប់ពីលោកដុកទ័រវ៉ាលឡេត៍(Docteur Vallet)ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាម ចាស់បានបញ្ចប់នូវសុន្ទរកថារបស់លោករួចរាល់ នៅក្នុងភាគទី៨នេះយើងសូមលើកយកន...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បងប្អូនសាធារណជនទូទៅ ដែលមានបងប្អូនសាច់ញាតិ មិត្តភ័ក្តិ ជាពិសេស និស្សិតដែលបានបញ្ចប់ការសិក្សាឯកទេសផ្នែកឯកទេសចំណីអាហារ សូមជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការជ្រើសរើស...
កាលពីរសៀល ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យ...
នៅក្នុងទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិត ក្រុមអ្នកជំនាញឧទ្យានជាតិ បានបង្ហាញពីប្រវត្តិសាវតាពីអតីតកាលនៃឧស្សាហកម្មដែកនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយជាពិសេស បានលើកបង្ហាញអំពីតំបន់បុរាណដ្ឋ...
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាការបរិច្ឆេទចាប់ផ្តើមនៃការដាំកូនឈើ នៅក្នុងរដូវកាលឆ្នាំនេះ ដែលអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតនៃសាកល...