ព័ត៌មាន

ឆ្នាំទី៣នៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ៖ តើសង្គ្រាមនេះនឹងចប់ពេលណា?

2024-02-29 02:07:56 ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024, 02:07 AM
post_detail

ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

គិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម្រុយពីការបញ្ចប់សង្រ្គាម ដែលបង្កនូវមហន្តរាយដ៏ធំធេងមិនចំពោះតែប្រទេសទាំងពីរផ្ទាល់ គឺចំពោះពិភពលោកទាំងមូលតែម្ដងនេះទេ។ សង្រ្គាមនេះបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ វាក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យតម្លៃថាមពល ស្បៀង ចំណីសត្វ កើនឡើង និងរំខានដល់ច្រវាក់ផ្គត់ផ្គង់ពិភពលោកជាខ្លាំង។

ជាប្រវត្តិសាស្ត្រប្រទេសទាំងពីរ អ៊ុយក្រែនធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត ដែលរុស្ស៊ីជាក្បាលម៉ាស៊ីន ដោយ​ហេតុនេះ ចង់មិនចង់ គេមើលឃើញថា រុស្ស៊ីនៅតែចាត់ទុកអ៊ុយក្រែនជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន។ បើទោះ​ជា​រុស្ស៊ី ព្យាយាមរក្សាអ៊ុយក្រែនឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនក៏ដោយ ប៉ុន្តែអ៊ុយក្រែន បែរជាបាននិងកំពុងឆ្ពោះទៅ​រកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយលោកខាងលិចទៅវិញ ទាំងការសុំចូលជាសមាជិកសហភាពអឺរ៉ុប ជាពិសេសការសុំចូលបក្សសម្ព័ន្ធយោធាណាតូនេះឯងហើយ គឺជាប្រភពនៃភាពតានតឹងរវាងអ៊ុយក្រែនជាមួយ​រុស្ស៊ីឈានដល់ដំណាក់កាលទុំជោរ។

យើងឃើញថា ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏បានឈានដល់កម្រិតកំពូលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ីចូលឈ្លានពានចូលអ៊ុយក្រែនឬធ្វើប្រតិបត្តិការយោធាពិសេស តាមការហៅរបស់រុស្ស៊ី។ ការលុកលុយឬប្រតិបត្តិការយោធាពិសេស មកដល់ពេលនេះចូលដល់ឆ្នាំ ទី៣ហើយ តែឆន្ទៈរុស្ស៊ីក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ដែលរុស្ស៊ីអះអាងថាជាការពារខ្លួនពីភ័យគំរាមកំហែងរបស់បស្ចិមប្រទេស ជាពិសេស ការពង្រីកខ្លួនរបស់អង្គការសម្ព័ន្ធយោធាណាតូ មកអឺរ៉ុបខាងកើត ដែលជាបណ្ដាប្រទេសអតីតសហភាពសូវៀត នៅតែរក្សាជំហរដដែល ជាសញ្ញាបង្ហាញឱ្យឃើញថាសង្រ្គាមនេះនឹងអូសបន្លាយយូរបន្តទៅទៀត។ ឯអ៊ុយក្រែនក៏ដូចគ្នា ការទាមទារនៅតែដដែល។ ជាក់ស្ដែងប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនបានតឿនពិភពលោក ជាពិសេសអឺរ៉ុបនិងសហរដ្ឋអាម៉េរិកពី ការខ្វះអាវុធនិងទ័ព រហូតដល់មានការដកថយកម្លាំងចេញក្រុងអាហ្វឌីកា ក្រោយពីរុស្ស៊ីវាយប្រហារ ដែលចាត់ទុកជាលើកដំបូងដែលរុស្ស៊ីឈ្នះនៅក្នុងសមរភូមិធំចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។ អ៊ុយក្រែនបន្តសុំប្រព័ន្ធការពារដែនអាកាសនិងអាវុធច្រើនបន្ថែមទៀត និងសង្កត់ធ្ងន់ថាពេលនេះ ជាអំឡុងពេលសំខាន់ ដោយរុស្ស៊ីកំពុងត្រៀមវាយប្រហារទ្រង់ទ្រាយធំជាថ្មីមកលើខ្លួន។

សូមរំឮកថា កន្លងមកសហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយដោយផ្ទាល់និងប្រយោលដល់អ៊ុយក្រែនយ៉ាងច្រើន ទាំងហិរញ្ញវត្ថុនិងអាវុធ ប៉ុន្តែបញ្ហាអ៊ុយក្រែនហាក់លែងមានការគាំទ្រពីពលរដ្ឋអាម៉េរិក ដោយគិតថាអាម៉េរិកបានជួយដល់អ៊ុយក្រែនច្រើនពេក ហើយតាមការប៉ាន់ស្មានមួយចំនួនថា បញ្ហានេះក៏អាចក្លាយជាមូលហេតុធ្វើឱ្យប្រជាប្រិយភាពរបស់ចូ បៃដិន និងគណបក្សប្រជាធិបតេយ្យធ្លាក់ចុះផងដែរ។

សង្រ្គាមអូសបន្លាយនាំទៅដល់សំណួរថាតើ សហភាពអឺរ៉ុបដែលមានព្រំដែនជាប់ប្រទេសទាំងពីរនេះ និងក្រុមប្រទេសណាតូ នៅតែគាំទ្រហិរញ្ញវត្ថុនិងសព្វាវុធដល់អ៊ុយក្រែនបានយូរប៉ុណ្ណាទៀត ជាពិសេសនៅពេលដែលសង្រ្គាមនៅមជ្ឈឹមបូព៌ាក៏កំពុងផ្ទុះឡើងនិងមិនបង្ហាញពីតម្រុយបញ្ឈប់ក្នុងពេលឆាប់ៗដូចគ្នា។

យើងឃើញថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង សហភាពអឺរ៉ុបបានប្រមូលផ្ដុំធនធានជួយដល់អ៊ុយក្រែន បើគិតទៅលើសពីមួយសែនលានដុល្លារអាម៉េរិកហើយគិតមកដល់ពេលនេះ រីឯចក្រភពអង់គ្លេសបានផ្ដល់ជំនួយមិនតិចជាង ១៥ ០០០លានដុល្លារអាម៉េរិកទេ គិតចាប់ពីឆ្នាំ២០២២មក ដោយឡែកអាម៉េរិក បានផ្ដល់ជំនួយគិតជារួមជាង ១១៣ ០០០លានដុល្លារអាម៉េរិក។

ចង់មិនចង់ សង្រ្គាមដែលអូសបន្លាយធ្វើឱ្យបណ្ដាប្រទេសដែលផ្ដល់ជំនួយដល់អ៊ុយក្រែន ត្រូវចំណាយថវិការបស់ខ្លួនជាបន្តបន្ទាប់ ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសអឺរ៉ុបផ្ទាល់ក៏កំពុងរងឱនភាពយ៉ាងខ្លាំងក្លា ហើយបញ្ហាអតិផរណាក៏កំពុងដាក់សម្ពាធលើជីវភាពប្រជាជនរបស់បណ្ដាប្រទេសទាំងនោះឥតឈប់ឈរ ជាហេតុនាំឱ្យមានការរំពឹងថា នឹងនាំមានការរសាយចិត្តនិងមិនចង់ឱ្យរដ្ឋាភិបាលរបស់ខ្លួនលូកដៃចូលទៅក្នុងសង្រ្គាមអូសបន្លាយមួយនេះតទៅទៀត។ ទោះយ៉ាងណកាលពីដើមខែកុម្ភៈនេះ សហភាពអឺរ៉ុបបានយល់ស្របផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែនក្នុងទឹកប្រាក់ ៥៤,០០០លានដុល្លារអាម៉េរិក រហូតដល់ឆ្នាំ២០២៧។ ការផ្ដល់ជំនួយថវិកាដែលមានចំនួនដ៏ច្រើនលើសលុប អាចក្លាយទៅជាបញ្ហានយោបាយរបស់រដ្ឋាភិបាលនីមួយៗ ទន្ទឹមនោះក៏ត្រូវបំបែរចំណាប់អារម្មណ៍មួយភាគធំទៅលើបញ្ហានៅមជ្ឈឹមបូព៌ា ហើយម្យ៉ាងនៅអំឡុងខែមិថុនាខាងមុខក៏មានការបោះឆ្នោតសភាអឺរ៉ុប ដែលគេរំពឹងថាវានឹងជាបញ្ហាខាងនយោបាយដ៏សំខាន់មួយក្នុងតំបន់ផងដែរ។

បញ្ហាដ៏ធំមួយទៀតគឺ លទ្ធភាពជំនួយពីសហរដ្ឋអាម៉េរិកអាចនឹងប្រឈមការប្រែប្រួល ប្រសិនបើគណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត ដូច្នេះ ដើម្បីឈ្នះសង្រ្គាម តើអឺរ៉ុបអាចផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលអ៊ុយក្រែនដោយមិនចាំបាច់ពឹងផ្អែកលើជំនួយពីសហរដ្ឋអាមេរិកបានដែរឬទេ។ ប៉ុន្តែ អឺរ៉ុបខ្លួនឯង មិនមានរោងចក្រផលិតអាវុធឯករាជ្យ ដើម្បីផ្គត់ផ្គង់អ៊ុយក្រែននោះទេ។

ចូលដល់ឆ្នាំទីបី សង្រ្គាមអូសបន្លាយដោយមិនមានតម្រុយពីការបញ្ចប់សោះឡើយ ទាំងរុស្ស៊ី អ៊ុយក្រែន និងសម្ព័ន្ធមិត្រអឺរ៉ុបនិងអាម៉េរិក ហាក់គ្មានជំហរបញ្ចប់សង្រ្គាមដោយការចរចាសោះ ដោយភាគីនីមួយៗព្យាយាមអះអាងពីភាពត្រឹមត្រូវរៀងៗខ្លួនក្នុងការប្រើកម្លាំង។ មកដល់ពេលនេះ បើតាមសម្ដីរបស់លោកហ្សេលែនស្គី ទាហានរបស់អ៊ុយក្រែនបានស្លាប់ចំនួន ៣១,០០០នាក់ ហើយទាហានរុស្ស៊ីស្លាប់ ១៨០ ០០០នាក់ និងរបួស​ ៥០០ ០០០នាក់ និងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយថា ចាប់តាំងពីថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សចំនួន ១០ ៥៨២នាក់ នៅក្នុងប្រទេសអ៊ុយក្រែនបានស្លាប់ ១៩ ៨៧៥នាក់ បានរងរបួស,

១៤លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងមនុស្សចំនួន៦,៥លាននាក់ បានស្វែងរកការភៀសខ្លួននៅខាងក្រៅប្រទេស។

សង្រ្គាមនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ វាធ្វើឱ្យតម្លៃថាមពលកើនឡើង និងរំខានដល់ច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យតម្លៃទំនិញនិងសេវាកម្មឡើងថ្លៃ ទន្ទឹមនោះវាក៏បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខរបស់ប្រទេសផ្សេងៗទៀតទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ពោលជា វិបត្តិភូមិសាស្ត្រនយោបាយដ៏ធំមួយដែលនឹងមានផលវិបាករយៈពេលវែង។ ទន្ទឹមនឹងនោះ មកដល់ពេលនេះ មិនទាន់មាននរណាម្នាក់អាចឆ្លើយទៅនឹងសំណួរថា “តើសង្គ្រាមនេះនឹងចប់ពេលណា?” នៅឡើយទេ បើសហរដ្ឋអាម៉េរិកនិងណាតូនៅតែប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមខ្ចីដៃ (Proxy war) នៅអ៊ុយក្រែនទល់នឹងរុស្ស៊ី។ សង្គ្រាមអាចចប់ បើពួកមហាអំណាចចង់បញ្ចប់វា៕

(ការយល់ឃើញក្នុងអត្ថបទខាងលើនេះ ជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ស្ថាប័ននោះទេ។)

អត្ថបទទាក់ទង

ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   Sun, 08,04,2018, 11:52 AM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   Sun, 08,04,2018, 11:39 AM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   Wed, 14,03,2018, 06:47 AM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   Wed, 14,03,2018, 06:36 AM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   Wed, 14,03,2018, 06:32 AM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   Wed, 14,03,2018, 06:26 AM

សេចក្តីប្រកាស