ព័ត៌មាន

«កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់សារធាតុគីមីចំណីអាហារដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ»

2024-02-22 06:53:00 ថ្ងៃព្រហស្បតិ៍, 22 កុម្ភៈ 2024 ម៉ោង 01:53 PM
អ្នកមើល 6473
post_detail

«ខណៈដែលប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាសេដ្ឋកិច្ចពិភពលោក យើងកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។ ដោយទ្បែក កត្តាសុខភាពនិងចំណីអាហារ នៅតែជាបញ្ហាចម្បងមួយដែលត្រូវតែគិតគូរនិងយកចិត្តទុកដាក់ជាទីបំផុត ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពពលរដ្ឋក្នុងសង្គមយើងបច្ចុប្បន្ន ហើយក៏ជាកត្តាមួយប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ម្យ៉ាងទៀត បញ្ហាបរិស្ថាន គុណភាពទឹក គុណភាពខ្យល់ សំណល់រឹងរាវ និងបណ្តាសារធាតុគីមីដែលមានគ្រោះថ្នាក់ ក៏ជាបញ្ហាគ្រោះថ្នាក់មួយផ្សេងទៀត ប្រសិនបើយើងមានការធ្វេសប្រហែស។ ប្រការនេះទាមទារឱ្យមានការស្រាវជ្រាវឥតឈប់ឈរ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងបញ្ហាបរិស្ថានឱ្យបានល្អ ដើម្បីធានានូវបរិយាកាសមួយដែលមានសុវត្ថិភាពនិងអនាម័យដល់ជីវិតមនុស្សសត្វដែលរស់នៅលើផែនដីនេះ។»

ឆ្លៀតក្នុងឱកាសថ្លែងសុន្ទរកថាបិទ អង្គសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវស្តីពី «ការកំណត់រកបរិមាណសូដ្យូមឌីត្យូនីត (Na2S2O4) ឬម្សៅស នៅក្នុងគ្រឿងអាហារជ្រើសរើសមួយចំនួននៅផ្សារក្នុងប្រទេសកម្ពុជានិងផលប៉ះពាល់សុខភាព» នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់បងប្អូនប្រជាជនខ្មែរ។

សូមបញ្ជាក់ថា ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យ សភាកម្ពុជា បានធ្វើសិក្សាស្រាវជ្រាវពីកម្រិតប្រើប្រាស់ម្សៅស ដែលភាសាបច្ចេកទេសហៅថា សូដ្យូមឌីត្យូនីត នៅក្នុងវត្ថុសំណាក១០ប្រភេទ នៅតាមបណ្ដារាជធានីខេត្តជាច្រើន។ ជាលទ្ធផល ក្រុមការងារស្រាវជ្រាវបានរកឃើញថា មានវត្តមានជាតិ«ម្សៅស»នេះ ក្នុងកម្រិតគួរឱ្យព្រួយបារម្ភនៅក្នុងវត្ថុសំណាកទាំង១០ ក្នុងនោះ ស្ករត្នោត ម្ទេសចិញ្ច្រាំ ប្រហុក ត្រយ៉ូងចេកហាន់រួច។ល។ សុទ្ធតែរកឃើញមានជាតិ«ម្សៅស» បរិមាណច្រើនខ្ពស់ហួសប្រមាណ ហើយបណ្ដាខេត្តដែលគួរព្រួយបារម្ភបញ្ហាសុខភាពដោយសារ«ម្សៅស»នេះ មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ចាម សីហនុ។

... «ចំណីអាហារជាអាហារទ្រទ្រង់ជីវិត ក៏ជាថ្នាំពេទ្យ និងក៏ជាឃាតករលាក់មុខ»

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ «ការប្រើប្រាស់សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់នឹងប្រែក្លាយ ចំណីអាហារ លែងជាអាហារទ្រទ្រង់ជីវិត ឬក៏ជាថ្នាំពេទ្យហើយ តែនឹងក្លាយជាឃាតករលាក់មុខ បំផ្លាញសុខភាពរបស់យើងគ្រប់គ្នាបន្តិចម្ដងៗ»

ដូច្នេះជាទស្សនទានដើម្បីលើកកម្ពស់សុខភាពសាធារណៈ ចៀសផុតពីឃាតករលាក់មុខ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ដូច្នេះថា៖

១- សមត្ថកិច្ចច្រកព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្តឹងការនាំចូល

២- អ្នកប្រើប្រាស់ (ទាំងអ្នកលក់និងអ្នកទិញ) ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត

៣- ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ

៤- បើកទូលាយឱ្យមានមន្ទីរពិសោធន៍តាមសាកលវិទ្យាល័យឬស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។


RAC Media

អត្ថបទទាក់ទង

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិ...

2020-01-22 04:00:23   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 11:00 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី ឋានៈស្មើរដ្ឋមន្ត្រី»

(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...

2020-01-21 08:56:46   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 03:56 PM
«អាហារូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២១ នៅសាធារណរដ្ឋកូរ៉េ»

2020-01-21 02:51:34   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 09:51 AM
«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2020-01-20 14:49:21   ថ្ងៃចន្ទ, 20 មករា 2020 ម៉ោង 09:49 PM
ស្រះដំរី នៃដែនដី «មហេន្ទ្របរព័ត» ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២..

(ភ្នំគូលេន)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តដឹកនាំក្រុមការងារស្រាវជ្រាវនៅស្រះដំរី នៅមហេន្ទ្របរព័ត (ភ្នំគូលេន ) ដើម្បីសិក្សាស្វែងយល់អំពី...

2020-01-18 05:03:33   ថ្ងៃសៅរ៍, 18 មករា 2020 ម៉ោង 12:03 PM
«វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន»

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែ...

2020-01-16 13:02:54   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 08:02 PM

សេចក្តីប្រកាស