ព័ត៌មាន

ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ

2018-05-18 14:15:45 ថ្ងៃសុក្រ, 18 ឧសភា 2018 ម៉ោង 09:15 PM
អ្នកមើល 14979
post_detail

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារនេះជាលើកទី៣។ 


សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថានៅទីនេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្ស ប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសំរាប់ធ្វើសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតំបន់នេះជាកេរមរតក ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់នេះបន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីក ដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។ 


សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សម្រាប់  ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាល បានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើអោយកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈ ការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំឱ្យពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញឱ្យគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទាន សេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចឱ្យប្រជាពលរដ្ឋរស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រង ព្រៃឈើឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវ ឱ្យក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រាន ព្រៃឈើខុសច្បាប់ណាមួយឡើយ។ 

នៅថ្ងៃនេះសម្តេចតេជោបានប្រកាសនូវថវិកាមួយចំនួន ដែលទទួលបានពីការចូលរួមរបស់សប្បុរសជនក្នុងការអភិរក្ស និងអភិវឌ្ឍន៍ នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ រួមទាំងថវិការបស់សម្តេចតេជោ និងក្រុមគ្រួសារចំនួន១០ម៉ឺនដុល្លារនោះ គឺសរុបទទួលបាន ចំនួន១សែន៥ម៉ឺន២០០០ដុល្លារសហរដ្ឋអាម៉េរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមជូនពរឱ្យក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនប្ញស្សីត្រឹបនេះ ទទួលបានជោគជ័យនាពេលខាងមុខ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ 

នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសដាំដើមឈើប្រភេទឈើក្រញូង ជានិមិ្មតរូប អនុស្សាវវរីយ៍នៅទីនេះ ហើយក៏មានមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបាន ចូលរួមដាំដើមឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ក្នុងបរិយាកាសរីករាយ ក្រៃលែងផងដែរ៕

(ប្រភព៖  Page Facebook Samdach Hun Sen Prime Minster of Cambodia)


អត្ថបទទាក់ទង

សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺតាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភ...

2019-01-25 08:11:35   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:11 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...

2019-01-25 06:33:41   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមក...

2019-01-25 04:35:48   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

2019-01-24 11:32:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM
«ទំនាក់ទំនងការទូតកម្ពុជាអាម៉េរិកមុនសម័យកម្ពុជាប្រជាធិបតេយ្យ» ដោយ ស៊ឺន សម

ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...

2019-01-24 08:02:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 03:02 PM
«ស្រុកតាំងគោក៖ ស្រុកបង្កើតថ្មី ក្នុងទឹកដីកំពង់ធំ»

ដោយយោងតាមអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយ ដោយកាត់ឃុំចេញ​ពីស្រុកបារាយណ៍ បន្ថែមទៅលើស្រុក​ ក្រុង ដ...

2019-01-22 04:26:20   ថ្ងៃអង្គារ, 22 មករា 2019 ម៉ោង 11:26 AM

សេចក្តីប្រកាស