ព័ត៌មាន

«ខួបទី២៧ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

2018-10-21 05:41:44 ថ្ងៃអាទិត្យ, 21 តុលា 2018 ម៉ោង 12:41 PM
អ្នកមើល 3982
post_detail


ចុះផ្សាយថ្ងៃអាទិត្យ ទី២១  ខែតុលា ឆ្នាំ២០១៨  ម៉ោង៖ ១២ និង២០នាទី

 ភ្នំពេញ៖ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុចរចាគ្នា។គេមិនអាចបំភ្លេចបាននោះទេថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផល ដែលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរទាំងពីររូបគឺ សម្ដេចនរោត្ដមសីហនុ(ព្រះបរម រតនកោដ្ឋ)ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន(កាលណោះជាសមមិត្ត ហ៊ុន សែន)ដែលតំ ណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា(ដែលក្រោយមកបានដូរឈ្មោះជារដ្ឋកម្ពុជានៅថ្ងៃទី០១ខែឧសភា ឆ្នាំ១៩៨៩)។

មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីសជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ទៅ៥លើកគឺ៖

១.ជំនួបលើកទី១ នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង

២.ជំនួបលើកទី២ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង

៣. ជំនួបលើកទី៣ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នាទីក្រុង Fère-en-Tardenois ប្រទេសបារាំង

៤. ជំនួបលើកទី៤ នៅថ្ងៃទី២៤-៣០ កក្កដា ១៩៨៩ នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំង

៥. ជំនួបលើកទី៥ ថ្ងៃទី១៧ កុម្ភៈ ១៩៩០ នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកក ប្រទេសថៃ

សន្និសីទ អន្តរជាតិទីក្រុងប៉ារីសនាសម័យប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩១ ប្រទេសដែលជាភាគីចូលរួមក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីសមានចំនួន១៨ប្រទេសគឺ៖ បារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន និង អូស្ត្រាលី កាណាដា ឥណ្ឌា ជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អតីតសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត យូហ្គោស្លាវី និងបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម) រួមទាំងអគ្គលេខាធិការអ.ស.ប មួយរូប។

នាសម័យប្រជុំលើកទី២ នៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ទីបំផុតសន្និសីទអន្តរជាតិទីក្រុងប៉ារីសបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨នៅក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីស មានឯកសារសំខាន់ៗ៤ដែលបានចុះហត្ថលេខាគឺ 

ទី១៖ “កិច្ចព្រមព្រៀងស្ដីពី ដំណោះស្រាយរួមមួយនៃជំលោះកម្ពុជា ”

ទី២៖ “កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព ឯកភាពជាតិកម្ពុជា ”

ទី៣៖ “សេចក្ដីថ្លែងការណ៍ ស្ដីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញ ”

ទី៤៖ “កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីស ” ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងក្រោយសង្គ្រាមស៊ីវិលជាង៣ ទសវត្សរ៍។

ការបោះឆ្នោតនីតិកាលទី១ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយគណ បក្សដែលបានចូលរួមការបោះឆ្នោតមានចំនួន២០គណបក្ស។ប៉ុន្តែការព្រួយបារម្ភអំពីសង្គ្រាមស៊ីវិលនៅកម្ពុជាបានកើតឡើងជាថ្មី ដោយនៅក្នុងក្រុមខ្មែរត្រីភាគីឯណោះ អតីតកម្លាំងនៃរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)បានបោះបង់ចោល ការចូលរួមប្រកួតប្រជែងយកអំណាចដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ហើយចាប់កាន់អាវុធឡើងវិញ ដែលបង្ខំឱ្យកម្លាំងនៃរបបរដ្ឋកម្ពុជាបដិសេធមិនព្រមទុកអាវុធតាមការស្នើសុំរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គសហប្រជាជាតិប្រចាំកម្ពុជា (UNTAC)។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយបោះឆ្នោតរួចនៅឆ្នាំ១៩៩៣ រដ្ឋាភិបាលស្របច្បាប់មួយរបស់កម្ពុជាត្រូវបានបង្កើតឡើង ហើយនៅអាណត្តិបន្ទាប់មកទៀត តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេច ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសមាហរណកម្មកម្លាំងដែលនៅសេសសល់របស់ខ្មែរក្រហម ឱ្យចូលមករួមរស់ដោយភាតរភាពក្នុងសង្គមជាតិ ហើយកម្ពុជាបានទទួលសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងទឹកដីតាមរបៀបស្បែកខ្លានៅឆ្នាំ២០០០៕

RAC Media | លឹម សុវណ្ណរិទ្ធ







អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស